បន្ទាប់ពីបញ្ចប់ការប្រកួតវគ្គសន្សំពិន្ទុតាមពូលពី A ដល់ H ទាំង៦លើករៀងខ្លួន នៃក្របខណ្ឌ UEFA Champions League នារាត្រីថ្ងៃទី១២ ខែធ្នូ គេអាចរកឃើញក្រុមចំនួន១៦ ដែលអាចឈានទៅវគ្គ ១/៨ផ្តាច់ព្រ័ត្ររួចរាល់ហើយ និង៨ក្រុមនៅសល់កៅអីលេងនៅ Europa League វគ្គ៣២ក្រុមចុងក្រោយ ហើយ៨ក្រុមទៀតត្រូវព្យាយាមនៅរដូវកាលក្រោយ។
Lyon ជាក្រុមចុងក្រោយគេក្នុងចំណោមក្រុមទាំង១៦ដែលទទួលបានសិទ្ធិទៅប្រជែងគ្នានៅវគ្គខ្វែង ក្រោយប្រកួតស្មើជាមួយក្រុម Shakhtar Donetsk ក្នុងលទ្ធផល ១-១។ ក្រុមមកពីបារាំងរកបាន៨ពិន្ទុពីការប្រកួត៦លើកឈរនៅចំណាត់ថ្នាក់ទី២ពូល F ហើយ ក្រុមមកពីអ៊ុយក្រែន Shakhtar មាន៦ពិន្ទុ នៅលេខ៣ ដែលអាចលេងនៅក្របខណ្ឌទីពីរអឺរ៉ុបបន្តទៀត។
ដោយឡែកក្រុមឈរកំពូលតារាង Manchester City នៅតែបន្តជ័យជម្នះរបស់គេដដែលដោយឈ្នះក្រុមបាតតារាង Hoffenheim ២-១។
ក្នុងពូល G ឯណោះវិញ ក្រុម CSKA Moscow បើទោះបីអាចយកឈ្នះ Real Madrid ដល់ទៅ ៣-០ ក្តីក៏ពួកគេមិនអាចមានពិន្ទុគ្រប់គ្រាន់ដើម្បីឡើងទៅជុំបន្ត និងសូម្បីតែលេងនៅ Europa League។ នេះព្រោះគូប្រជែង Viktoria Plzen បានយកឈ្នះ AS Roma ក្នុងលទ្ធផល ២-១ ដែរ។ ជ័យជម្នះនេះបាននាំឲ្យ Viktoria Plzen បានកៅអីលេងនៅ Europa League ដោយសារមាន៧ពិន្ទុស្មើជាមួយ CSKA តែជាក្រុមលេងក្នុងដីល្អជាង។ Real Madrid បើទោះចាញ់មែន តែពួកគេនៅបន្តឈរកំពូលតារាងដដែល។
ក្រុមទាំង១៦ ដែលត្រូវប្រជែងគ្នានៅវគ្គ១៨ផ្តាច់ព្រ័ត្ររួមមាន៖ Borussia Dortmund, Atletico Madrid, FC Porto, Schalke 04, FC Bayern München, Ajax, Manchester City, Manchester United, Real Madrid, AS Roma, Juventus, Liverpool, Paris Saint-Germain, Barcelona, Tottenham Hotspur និង Lyon។
រីឯ ក្រុមដែលធ្លាក់ទៅលេខក្នុងក្របខណ្ឌ Europa League វគ្គ៣២ក្រុមចុងក្រោយ រួមមាន៖ Galatasaray, Benfica, Club Brugge, Inter Milan, Napoli, Valencia, Shakhtar Donetsk និង Viktoria Plzen។
លទ្ធផលប្រកួតទាំង៤ពូលកាលពីយប់មិញ
- Group E
Ajax ៣ - ៣ FC Bayern München
Benfica ១ - ០ AEK Athens
- Group F
Manchester City ២ - ១ Hoffenheim
Shakhtar Donetsk ១ - ១ Lyon
- Group G
Real Madrid ០ - ៣ CSKA Moscow
Viktoria Plzen ២ - ១ Roma
- Group H
Valencia ២ - ១ Manchester United
Young Boys ២ - ១ Juventus