ជាតិ
ADB ផ្តល់​កម្ចី​៧០​លាន​ដុល្លារ​ដល់​កម្ពុជា សម្រាប់​ជួសជុល​ផ្លូវជាតិ​លេខ​១ និង​លេខ​៦
13, Dec 2018 , 1:38 pm        
រូបភាព
​ភ្នំពេញ​៖  ធនាគារអភិវឌ្ឍន៍អាស៊ី​(ADB)​បានផ្តល់​កម្ចី​៧០​លាន​ដុល្លារ​ដល់​កម្ពុជា សម្រាប់​កែលម្អ និង​លើកកម្ពស់​កំណាត់​ផ្លូវជាតិ​លេខ​១ និង​លេខ​៦ ។ កំណាត់​ផ្លូវ​ទាំងពីរ​នេះ នឹង​ចាប់ផ្តើម​បើក​ការដ្ឋាន នៅ​ខែមករា ឆ្នាំ​២០១៩ ដល់​ខែមិថុនា ឆ្នាំ​២០២៣​។ នេះ​បើ​លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណៈការ និង​ដឹកជញ្ជូន ក្នុង​ពិធី​ដាក់​ឲ្យ​ដំណើរការ​ជា​ផ្លូវការ «​កម្មវិធី​ថែទាំ​ផ្លូវ​ROAD CARE Mobile App» នា​ថ្ងៃទី​១៣​ធ្នូ​។

 
​ចំនួន​ថវិកា​ខាងលើ នឹង​យកទៅ​ប្រើប្រាស់​លើក​កម្រិត​ផ្លូវជាតិ​លេខ​១ ចន្លោះ​ពី​អ្នក​លឿង ទៅ​បាវិត (​គីឡូម៉ែត្រ​លេខ ៦៣+៣០០ ដល់​គីឡូម៉ែត្រ​លេខ ១៥៩+០០០) ពី​កម្រាល​កៅស៊ូ DBST ទៅជា​កម្រាល​កៅស៊ូ​AC​។ ដោយឡែក ផ្លូវជាតិ​លេខ​៦ ត្រូវ​ជួសជុល​ចន្លោះ​ពី​ក្រុង​សៀមរាប ទៅ​ក្រឡាញ់ (​គីឡូម៉ែត្រ​លេខ​៣១៧+៦៣០ ដល់​គីឡូម៉ែត្រ​លេខ​៣៦៧+៥១២) ដោយ​ត្រូវ​សាងសង់​ប្រព័ន្ធ​លូ​សង ខាង​ផ្លូវ ដើម្បី​រំដោះ​ទឹកភ្លៀង​ចេញ​។​
 
​ប្រភព​ដដែល​បន្តថា តាមរយៈ​ថវិកា​កម្ចី​នេះ នឹងមាន​ការស្ថាបនា​ម​ន្ទីរ​ពិសោធន៍​សម្ភារ​សំណង់ ៤​កន្លែង​ផងដែរ រួមមាន​ខេត្តក្រចេះ កំពត សៀមរាប និង​ពោធិ៍សាត់ ដែល​អាច​បង្កលក្ខណៈ​ងាយស្រួល​ដល់​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ត្រួតពិនិត្យ​បច្ចេកទេស​ស្ថាបនា​ផ្លូវថ្នល់​ឲ្យ​កាន់តែ​មានគុណ​ភាពរឹងមាំ​ល្អ​។​
 
​ជាមួយគ្នានេះ លោក ស៊ុន ចាន់ថុល បាន​អំពាវនាវ​ដល់​អ្នកប្រើប្រាស់​ផ្លូវ​ទាំងឡាយ  ពិសេស​ក្រុមហ៊ុន​ដឹកជញ្ជូន «​សូមកុំ​ដឹកទំនិញ​លើស​ទម្ងន់​ដែល​បានកំណត់ និង​កុំ​កែ​ទ្រង់​ឡាន ដែល​អាច​ឲ្យ​ផ្លូវ​ឆាប់​ខូចខាត​មុន​ថ្ងៃ​កំណត់ និង​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​ផ្សេងៗ​»៕
 

Tag:
 សេដ្ឋកិច្ច​
  ផ្លូវ​
  កម្ចី​
  ប្រាក់​
  ADB
© រក្សាសិទ្ធិដោយ thmeythmey.com