ONE Championship
កីឡាជាតិ
ជាតិ
Cambodian Top Team ជួយ​បង្ហាត់​ក្បាច់គុន​ក្មេងៗ ដែល​ប្រឈម​ការរង​គ្រោះ​
13, Dec 2018 , 7:19 pm        
រូបភាព
ដោយ: ថ្មីៗ
Cambodian Top Team (CTT) ជា​ក្លិប​ហាត់​ក្បាច់គុន​មួយ​ដែល​កំពុងមាន​ប្រជាប្រិយភាព​នៅ​កម្ពុជា ហើយ​យើង​តែង​លឺថា ក្លិប​នេះ​បាន​បញ្ជូន​កីឡាករ​កីឡាការិនី​គុន​ខ្មែរ និង​គុន​ចម្រុះ​ជាច្រើនរូប ទៅ​ក្រៅប្រទេស​ដើម្បី​ប្រកួត​លើស​ង្វៀន​អន្តរជាតិ​ជា​ហូរហែ​។

 
​ដោយមាន​អ្នកដឹកនាំ​ក្លិប​លោក ហ៊ុន ចាន់​រាជ ជា​ក្បាលម៉ាស៊ីន បូករួម​ជាមួយ​តារា​ប្រដាល់​ប្រចាំ ONE Championship ដូចជា រិ​ន សារ​ត្ន័ និង ជើង​ខ្លាំង ONE Super Series សុខ ធី ផង​នោះ ក្លិប​នេះ​កំពុង​បោះ​សំឡេង​គ្រប់ទិសទី​ទាំង​ក្នុង និង​ក្រៅប្រទេស​។
 
​ថ្វីបើ​ក្លិប​របស់ខ្លួន​ទទួលបាន​ជោគជ័យ​ខ្ពស់​យ៉ាងណា ក៏​នៅតែ​មិន​ភ្លេច​ចូលរួមចំណែក​ក្នុង​ការជួយ​សហគមន៍ ជាពិសេស​ក្មេងៗ​ជំនាន់​ក្រោយ​វិញ​ដែរ​។ 


 
​កាលពី​ថ្ងៃ​ចន្ទ ទី​១០ ខែធ្នូ កន្លងទៅ ក្លិប CTT បាន​បើកទ្វារ​ស្វាគមន៍ Tiny Toones ដែលជា​អង្គការក្រៅរដ្ឋាភិបាល​មួយ​ដែល​យកចិត្តទុកដាក់​ធ្វើការ​ជាមួយ​ក្មេងៗ​មាន​ហានិភ័យ​ខ្ពស់​នៅ​រាជធានី​ភ្នំពេញ​។ Tiny Toones ប្រើប្រាស់​ក្បាច់​រាំ hip-hop និង​ក្បាច់​រាំ​ផ្សេងៗ​ទៀត ដើម្បី​ជា​គន្លឹះ​ជួយ​ដល់​ក្មេងៗ​ក្នុង​សហគមន៍ ហើយ​ឥឡូវនេះ​ពួកគេ​មានគំនិត​ច្នៃ​យក​ក្បាច់គុន​លាយ​បញ្ចូល​ក្នុង​ក្បាច់​រាំ​របស់​ពួកគេ​។ 
 
​ក្លិប CTT និង Tiny Toones បានរៀបចំ​សិក្ខាសាលា​បង្ហាត់​ក្មេងៗ​ពី​ក្បាច់​ការពារ​ខ្លួន ក្នុង​កម្មវិធី​នោះ​ផងដែរ ក្មេងៗ​មានឱកាស​ហ្វឹកហាត់ និង​ច្រៀង​រាំ ជាមួយ​កីឡាករ​ល្បីៗ​របស់​កម្ពុជា​។ 
«​យើង​ជឿថា​កីឡារ​អាច​បង្រួបបង្រួម​មិត្តភាព​មនុស្ស​។ សព្វថ្ងៃ យើង​ផ្តោត​សំខាន់​ទៅលើ​ក្មេងៗ​ជំនាន់​ក្រោយ ព្យាយាម​ធ្វើយ៉ាងណា​ឲ្យ​ពួកគេ​ស្គាល់​ពី​ក្បាច់គុន​ខ្មែរ​ឲ្យ​បាន​ច្រើន ហើយ​ចេះ​ចូលរួមចំណែក​ថែរក្សា​វា ក៏ដូចជា​អាច​ប្រើប្រាស់​សម្រាប់​ការពារ​ខ្លួន​ផង​»​។ 
 
​លោក ហ៊ុន ចាន់​រាជ ជឿជាក់​ពេញ​បេះដូង​ថា​សិល្បៈ មាន​ឥទ្ធិពល​ព្យាបាល​មនុស្ស ហើយ​នេះ​ក៏​ជាត​ម្លៃ​ស្នូល​របស់​ក្រុម Tiny Toones ចាប់តាំងពី​គេ​ចេញ​ជា​រូបរាង​នៅ​ឆ្នាំ ២០០៥ មក​។ 
​ការបញ្ចូល​ក្បាច់គុន​ក្នុង​ក្បាច់​រាំ​ដូចជា hip-hop និង breakdance នេះ គឺជា​អ្វីដែល CTT និង Tiny Toones ព្យាយាម​ធ្វើ​សម្រាប់​ជំរុញ​ទឹកចិត្ត​ក្មេងៗ​មកពី​សហគមន៍​ក្រីក្រ​នានា​ទូទាំងប្រទេស​។​


 
​គួរ​រំលឹក​ផងដែរ​ថា កីឡាករ​កម្ពុជា​ភាគច្រើន​របស់​ក្លិប CTT ក៏មាន​ឬ​សគល់​ចេញពី​ភាពក្រីក្រ និង​ឆ្លងកាត់​ភាពលំបាក​វេទនា​ខ្លាំង​ដើម្បី​តស៊ូ​ចាប់យក​សុបិន​ជា​អ្នក​ប្រដាល់​អាជីព រីឯ​លោក ហ៊ុន ចាន់​រាជ ក៏​ប្រមើលមើល​ជោគជ័យ​ដែល​កីឡាករ​ខ្លួន​ទទួលបាន​រៀងមក និង​សម្រាប់​ថ្ងៃ​អនាគត​ផងដែរ​
​ម្ចាស់​ក្លិប CTT រៀបរាប់ថា​៖«​ក្បាច់គុន​បាន​ផ្លាស់​ប្តូរជីវិត​ពួកគេ​ច្រើន​ខាង​វិន័យ ក៏ដូចជា​ផ្តល់​ទំនុកចិត្ត​ផ្ទាល់ខ្លួន​ផងដែរ​។ ហើយ​នេះ​នឹង​ជួយ​ឲ្យ​ពួកគេ​ចេះ​ដោះខ្លួន​ចេញពី​ភាពលំបាក​»​។ 
«​ពួកគេ​យក​ក្បាច់គុន​ជាយា​ន​មួយ​ជួយ​ឲ្យ​អនាគត​ពួកគាត់ និង​គ្រួ​សារបាន​ប្រសើរឡើង ហើយ​ឥឡូវ ខ្ញុំ​គិតថា​ដល់ពេល​គាត់​ត្រូវ​ចែករំលែក​បទពិសោធន៍​ដែល​ខ្លួន​មាន​ដល់​ក្មេងៗ​ជំនាន់​ក្រោយ​ហើយ​»​។​
 
​សិក្ខាសាលា​ទាក់ទង​ពី​ក្បាច់​ការពារ​ខ្លួន​មួយ​នេះ គ្រាន់តែ​ជា​ជំហាន​ទីមួយ​ប៉ុណ្ណោះ នៅមាន​កម្មវិធី​ផ្សេងៗ​ជា​ហូ​ហែរ​ទៀត​។ ក្លិប CTT ក៏មាន​គម្រោង​រៀបចំ​កម្មវិធី​ហ្វឹកហាត់​ក្បាច់​ការពារ​ខ្លួន​សម្រាប់​នារី​ផងដែរ គោលបំណង​សំខាន់​គឺ​ជួយ​ដល់​នារី​ដែល​ត្រូវការ​ប្រើប្រាស់​ជាងគេ ហើយ​ធ្វើយ៉ាងណា​ឲ្យ​សហគមន៍​មាន​សុវត្ថិភាព និង​ភាពសុខសាន្ត​ដែរ​។ 
 
​យើង​ឃើញថា​ក្បាច់គុន​ខ្មែរ ព្រមទាំង​កីឡាករ​ខ្លាំងៗ​ជាច្រើន​ចាប់ផ្តើម​មាន​វត្ត​មាននៅ​លើ​ឆាក​អន្តរជាតិ ដូចនេះ​លោក ហ៊ុន ចាន់​រាជ គិតថា​វា​ក៏​ជា​ឱកាសល្អ​បំផុត​ក្នុងការ​សហការ​ជាមួយ​អង្គការ​នានា​ដូចជា Tiny Toones ជាដើម ដើម្បី​ចូលរួម​ផ្សព្វផ្សាយ​ពី​កីឡារ​និង​វប្បធម៌​ខ្មែរ​។ 
 
«​ឥឡូវ​ដល់ពេល​ហើយ​! ចំនួន​ក្មេងៗ​នៅ Tiny Toones កើនឡើង​ច្រើន ពួកគេ​បាន​ចូលរៀន​កម្មវិធី​មាន​គ្រប់បែបយ៉ាង  ចំណែក​ពួកយើង​វិញ ក៏​ចង់​ផ្តល់​ជា​ចំណែក​មួយ​ជួយ​ដល់​ការអភិវឌ្ឍ​កុមា​រទាំង​នោះដែរ​»​។ 
 
«​ជាពិសេស​នៅ​កម្ពុជា មាន​ក្មេងៗ​ជាច្រើន​ដែល​មិន​ខ្វាយខ្វល់​ពីអ្វី​ទាំងអស់ ពួកគេ​មិន​ខ្វល់​ថា​អនាគត និង​គម្រោង​នៅ​ថ្ងៃមុខ​ទៅជា​យ៉ាងណាទេ អ៊ីចឹង​យើង​ចង់​ជួយ​ផ្លាស់ប្តូរ​ផ្នត់គំនិត​បែប​នោះ​ឲ្យ​បាន​»៕

​អត្ថបទ​៖ Matias Andres
 

© រក្សាសិទ្ធិដោយ thmeythmey.com