អន្តរជាតិ
១១៧​ឆ្នាំក្រោយ អាមេរិក​ព្រម​បញ្ជូន​«​ជួង​ជ័យ​ភណ្ឌ​សង្គ្រាម​សម័យ​អាណានិគម​» មក​ឲ្យ​ហ្វីលីពីន​វិញ​
13, Dec 2018 , 7:39 pm        
រូបភាព
​យន្តហោះ​យោធា​អាមេរិក  C-130 សប្តាហ៍​នេះ​បាន​ចុះចត​នៅ​មូលដ្ឋាន​ទ័ពអាកាស​នារ​ដ្ឋ​ធានី​ម៉ានីល ប្រទេស​ហ្វីលីពីន ដោយ​នាំយក​ជួង​ប្រវត្តិសាស្ត្រ Balangiga និង​និមិត្តរូប​នៃ​បដិវត្តន៍​ប្រឆាំង​អាណានិគម​អាមេរិក​ចំនួន​បី​ជាមួយ​ផង​។ ជួង​ដែល​ត្រូវ​រឹបអូស​នោះ​ជា​ជ័យ​ភណ្ឌ​ដោយ​ទាហាន​អាមេរិក​ក្នុង​ឆ្នាំ ១៩០១ នោះ​ត្រូវ​ប្រគល់ជូន​ហ្វីលីពីន​វិញ​ចាប់ពី​អំណឹះតទៅ​។ កាយវិការ​ការទូត​ល្អ​របស់​ក្រុង​វ៉ាស៊ីនតោន​នៅពេល​នះ​ជាការ​ព្យាយាម​ដុសលាង​អតីតកាល​ដ៏​ជូរចត់ និង អាច​ត្រួស​ត្រាយផ្លូវ​សម្រាប់​ការពង្រឹង​សម្ព័ន្ធភាព​ដែលមាន​ស្រាប់​ជាមួយ​ហ្វីលីពីន​ឲ្យ​កាន់តែ​ជិតស្និទ្ធ​ផង​។


 
​គិត​ត្រឹម​ឆ្នាំ ២០១៨​នេះ វា​មាន​រយៈពេល ១១៧ ឆ្នាំ​គត់ បន្ទាប់ពី​អាមេរិក​រឹបអូស​យក​ជួង Balangiga ជា​ជ័យ​ភណ្ឌ​យោធា​។ ប៉ុន្តែ​នៅ​ថ្ងៃ​អង្គារ​ទី ១១ ខែធ្នូ​ជួង Balangiga ត្រូវបាន​នាំយកមក​ប្រគល់ជូន​រដ្ឋាភិបាល​ហ្វីលីពីន​វិញ​ជា​ផ្លូវការ​ដោយ​ទាហាន​អាមេរិក​។​
 
​ក្នុង​ពី​ធី​ប្រគល់​ជួង​ប្រវត្តិសាស្ត្រ​ជូន​ប្រជាជន​ហ្វីល​ពី​ន​នេះ គេ​ឃើញ​មាន​វត្តមាន​រដ្ឋមន្ត្រី​ការពារជាតិ​ហ្វីលីពីន​លោក Delfin Lorenzana​រួមជាមួយ​ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​ហ្វីលីពីន​លោក Sung Kim និង មន្ត្រីជាន់ខ្ពស់​ក្រសួងការពារជាតិ​អាមេរិក​ជាច្រើន​នាក់ ដោយមាន​ការលេង​ភ្លេង​ជាតិ​ហ្វីលីពីន​ដែរ​។​
 
​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន AP ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​ហ្វីល​ពី​ន Sung Kim បាន​ថ្លែង​ក្នុង​ពិធី​ប្រគល់​ជួង​ដូច្នេះ​៖«​វា​ជា​កិត្តិយស​ធំធេង​ដែលមាន​វត្តមាន​នៅទីនេះ​ដើម្បី បិទ​បញ្ចប់​ជំពូក​ប្រវត្តិសាស្ត្រ​ដ៏​ឈឺចាប់​។ សម្ព័ន្ធភាព​យើង​ដើរ​ឆ្លងកាត់​ឧស​គ្គ​ច្រើន​ជំពូក​ក្នុង​ប្រវត្តិសាស្ត្រ​កន្លងមក និង​បន្ត​រីកលូតលាស់​ដូច​សព្វថ្ងៃនេះ​»​។​
 
​បន្ទាប់ពី​ទទួល​ជួង​នេះហើយ ពិធី​ប្រគល់​ជួង​ទាំងបី​ទៅ​ឲ្យ​ពលរដ្ឋ​ហ្វីលីពីន​វិញ នឹងត្រូវ​ធ្វើឡើង​នៅក្នុង​ទីក្រុង Balangiga នៅ​ថ្ងៃ ១៥ ធ្នូ​។ ប្រធានាធិបតី រ៉ូ​ឌ្រី​ហ្គោ ឌូ​ទើ​តេ នឹង​ធ្វើជា​អធិបតី​ដើម្បី​ប្រគល់​ជួង​នេះ​ដោយផ្ទាល់​ដែរ តាម​ការស្នើសុំ​ពី​ប្រជាពលរដ្ឋ​។​
 
​តាមពិតទៅ រដ្ឋាភិបាល​ក្រុង​ម៉ានីល បន្ត​ទាមទារ​ឲ្យ​ក្រុង​វ៉ាស៊ីនតោន​ប្រគល់​ជួង​ទាំងបី​នោះ​ត្រឡប់មកវិញ​ចាប់ពី​ឆ្នាំ ១៩៥០​។ ប៉ុន្តែ​អាមេរិក​នៅ​ស្ទាក់ស្ទើរ​ក្នុងការ​ប្រគល់​ជួង​ជ័យ​ភណ្ឌ​ទាំងនោះ​ត្រឡប់មកវិញ​។  អតីតយុទ្ធជន​អាមេរិក​មួយចំនួន បាន​ជំទាស់​ការបញ្ជូន​ជួង​នេះ​ត្រឡប់មក​ហ្វីលីពីន​វិញ ដោយ​លើក​ហេតុផល​ថា ជួង​ទាំងនោះ​ជា​វត្ថុ​សម្រាប់​រម្លឹក​ដល់​វិញ្ញាណក្ខន្ធ​ទាហាន​អាមេរិក​ដែល​ពលី​ក្នុង​សង្គ្រាម​។​
 
-​ជួង Balangiga ជា​និមិត្តរូប​បដិវត្តន៍​ប្រឆាំង​អាណានិគម​អាមេរិក​
 
 ជួង​ហ្វីលីពីន​ដែល​អាមេរិក​ប្រគល់ជូន​វិញ​នេះ ត្រូវបាន​ទាហាន​អាមេរិក​រឹបអូស​យកទៅ​ឆ្នាំ ១៩០១ ពី​វិហារ​គ្រឹ​ស្ត San Lorenzo Martir ដែល​ស្ថិតនៅ​ខេត្ត Eastern Samar​។ ជួង​នេះ​ក្លាយជា​រឿងចម្រូងចម្រាស​ដោយសា​រ​វា​ទាក់ទង​នឹង​ប្រ​វ​តិ្ត​សាស្ត្រ​ដ៏​ខ្លោចផ្សា ដែល​កើតឡើង​ក្នុងអំឡុង​អាណានិគម​អាមេរិក​នៅលើ​ទឹកដី​ហ្វីលីពីន​។ វា​ជា​និមិត្ត​រូបនេះ​បដិវត្តន៍​ដ៏​ធំ​សម្បើម​ប្រឆាំង​ម្ចាស់​អាណានិគម​ដែល​ស្ទើរតែ​ត្រូវគេ​បំភ្លេចចោល​។  
 
​រឿងរ៉ាវ​កើតឡើង​បែបនេះ​។ ក្រោយ​ឆ្នាំ ១៨៩៨ ពេលដែល​អេ​ស្ប៉ា​ញ​ចាញ់​សង្គ្រាម ហ្វីលីពីន​ស្ថិតក្នុង​ចំណោម​ទឹកដី​មួយចំនួន​ដែល​អេ​ស្ប៉ា​ញ​ត្រូវ​លះបង់​ឲ្យ​អាមេរិក​កាន់កាប់​ជំនួស​។ គួរ​ឲ្យ​ដឹង​ដែរ​ថា មុន​ក្លាយជា​ទឹកដី​អាណានិគម​អាមេរិក ហ្វីលីពីន​ត្រូវ​អេ​ស្ប៉ា​ញ​កាន់កាប់​អស់​ជាង​បី​សតវត្ស​រួចទៅហើយ​។ នៅ​ដើម​សតវត្ស​ទី ២០ នេះហើយ ដែល​សង្គ្រាម​របស់​ពល​រដ្ឋ​ហ្វីលីពីន​ប្រឆាំងនឹង​ម្ចាស់​អាណានិគម​ថ្មី អាមេរិក​នេះ​ចាប់ផ្តើម​។ 
 
​ក្នុង​ខែកញ្ញា ឆ្នាំ ១៩០១ ក្រុម​អ្នក​បដិវត្តន៍​ហ្វីលីពីន​រាប់រយ​នាក់​ប្រដាប់​ដោយ​កាំបិត​វាយឆ្មក់​លើ​ទាហាន​អាមេរិក​ដែល​ឈរជើង​នៅ​ក្រុង Balangiga​។ ជួង​នៅ​វិហារ​គ្រឹ​ស្ត​នេះហើយ​ត្រូវបាន​គេ​ប្រើប្រាស់​ដើម្បី​បន្លឺសំឡេង​ឲ្យ​ពលរដ្ឋ​ដែលរស់នៅក្នុង​ទីក្រុង​ដឹងពី ការ​ចាប់ផ្តើម​នៃ​ចលនា​បះបោរ​ប្រឆាំងនឹង​អាមេរិក​នេះ។ ទាហាន​អាមេរិក ៤៨​នាក់ ត្រូវបាន​សម្លាប់​និង ២០​នាក់​ផ្សេងទៀត​របួស ដោយសារ​ការវាយប្រហា​រ​នេះដែរ​។ 
 
​យ៉ាងណាក៏ដោយ ឧ​ត្ត​ម​សេនីយ៍ Jacob Smith ដែល​ដឹកនាំ​កងទ័ព​អាមេរិក​កាល​នោះបាន​សងសឹក​ចលនា​បដិវត្តន៍​ហ្វីលីពីន​វិញ​ដែរ ដោយ​សម្លាប់​រង្គាល​ពល​រដ្ឋ​ហ្វីលីពីន​មិន​រើសមុខ​រួមទាំង​ក្មេង​ដែលមាន​អាយុ​ត្រឹម ១០​ឆ្នាំ​ទៀត​។ ទាហាន​អាមេរិក​ក៏​ឆ្លៀត​លួច​ជួង Balangiga យកទៅ​ជាមួយ​ទៀត​។ 
 
​ក្នុងចំណោម​ជួង​ចំនួន​បី មាន​មួយ​ត្រូវបាន​យកទៅដាក់​តាំងនៅ​កងវរសេនាធំ​លេខ ៩ ដែល​ស្ថិតនៅ​កូរ៉េខាងត្បូង ខណៈដែល​ជួង​ពីរ​ទៀត​ត្រូវ​វ​បាន​គេ​យកទៅ​ទុក​នៅ​កងវរសេនាធំ​លេខ ១១ ប្រចាំ​នៅ​មូលដ្ឋានទ័ព​ជើង​អាកាស F E Warren នៅ​រដ្ឋ Wyoming​។ 
 
​យ៉ាងណាក៏ដោយ ក្រោយមក​ឧ​ត្ត​ម​សេនីយ៍ Smith ត្រូវបាន​តុលាការយោធា​កាត់ទោស និង​បណ្តេញ​ចេញពី​ជួរ​កងទ័ព ប៉ុន្តែ​សកម្មភាព​សាហាវព្រៃផ្សៃ​និង​រឿងរ៉ាវ​ឈឺផ្សា​នេះ​ដក់​ជាប់​ក្នុង​បេះដូង​ពលរដ្ឋ​ហ្វីលីពីន​គ្រប់គ្នា​។​
 
​ក្រោយ​មានការ​ប្រគល់​ជួង​នេះ​ទៅ​ឲ្យ​ពលរដ្ឋ​នៅ​ក្រុង Balangiga គេ​នឹង​អាច​លឺ​ជួង​បន្លឺសំឡេង​ជាថ្មី ក្រោយ​បាត់​រូប​អស់​ជាង ១១០​ឆ្នាំ​ដែរ​។​
 
-​កាយវិការ​ការទូត​ល្អ​របស់​អាមេរិក ធ្វើ​ឲ្យ​សម្ព័ន្ធមិត្ត​តាម​សន្ធិសញ្ញា​នឹង​ត្របាញ់​ចូលគ្នា​ជាថ្មី​? 
 
​ការប្រគល់​ជួង​ប្រវត្តិសាស្ត្រ​ត្រឡប់មក​ហ្វីលីពីន​វិញ​ជា​កាយវិការ​ការទូត​ល្អ​របស់​អាមេរិក​។ វា​ជា​អាចជួយ​ជម្រះ​ចោល​រឿងរ៉ាវ​ខ្លោចផ្សា​និង​រាល់​ភាពល្អ​កករ​ក្នុង​ចំណង​ទំនាក់ទំនង​ទ្វេភាគី និង​ត្រួស​ត្រាយផ្លូវ​សម្រាប់​ការស្តារ​សម្ព័ន្ធភាព​ដែល​ល្អក់កករ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​ដែរ​។  
 
​ទង្វើ​ម្ចាស់​អាណានិគម​អាមេរិក មាន​ចំណែក​ដែល​ធ្វើ​ឲ្យ​ប្រធានាធិបតី​មាត់ដាច ឌូ​ទើ​តេ មាន​ជំហរ​ប្រឆាំង និង​ព្យាយាម​ងាក​ចេញពី​សម្ព័ន្ធមិត្ត​តាម​សន្ធិសញ្ញា​អាមេរិក​ដែរ​។ ពេល​អាមេរិក​ថ្កោលទោស​សង្គ្រាម​គ្រឿងញៀន លោក ឌូ​ទើ​តេ សងសឹក​វិញ​ដោយ​ថ្កោលទោស​ការ​ធ្វើទុក្ខបុកម្នេញ និង​សម្លាប់​រង្គាល​ពលរដ្ឋ​ហ្វីលីពីន​ដែល​រស់នៅ​ក្រុង Balangiga និង​នៅលើ​កោះ Jolo ភាគខាងត្បូង​ដោយ​ទាហាន​អាមេរិក​នា​សម័យ​អាណានិគម​ដែរ​។ 
 
​ដោយឡែក រដ្ឋមន្ត្រី​ការពារជាតិ​អាមេរិក​លោក ជេ​ម ម៉ា​ធី​ស ធ្លាប់​លើកឡើង​កាលពី​ជួបពិភាក្សា​ទ្វេភាគី​ជាមួយ​សម​ភាគី​ហ្វីលីពីន​លោក Delfin Lorenzana នា​ខែកញ្ញា​ថា ប្រគល់​ជួង​ឲ្យ​ហ្វីលីពីន​វិញ​ជា​កាយវិកា​មួយ​ដ៏​មាន​សារសំខាន់​ក្នុងការ​លើកស្ទួយ​មិត្តភាព និង​ជា​ប្រយោជន៍​នៃ​សន្តិសុខ​ជាតិ​អាមេរិក​ដែរ​។ ប៉ុន្តែ​តាម​ការពិតទៅ រដ្ឋបាល​លោក ត្រាំ អាច​បញ្ជូន​ជួង​ដែល​ត្រូវបាន​រឹបអូស​យកទៅ​ជា​ជ័យ​ភណ្ឌ​សង្គ្រាម​មក​ហ្វីលីពីន​វិញ​បាន ក៏ដោយ​សារ​មាន​ការធ្វើ​វិសោធនកម្ម​ច្បាប់​ដែល​ហាមប្រាម​រាល់​ការបញ្ជូន​វត្ថុ​ឬ​សម្ភារ​ជា​ជ័យ​ភណ្ឌ​សង្គ្រាម​ទៅកាន់​ប្រទេស​ដទៃ​វិញ​។​
 
​ថ្ងៃ ១១ ខែធ្នូ​ពេល​អាមេរិក​ប្រគល់​ជួង​មកវិញ ប្រមុខ​ការពារជាតិ​ហ្វីលីពីន​លោក Lorenzana បាន រៀបរាប់ថា ជួង Balangiga នឹង​បន្លឺសំឡេង​ជាថ្មី  ហើយ​វា​នឹង​រម្លឹក​ប្រជាជន​ក្នុង​តំបន់​ពី​រឿងរ៉ាវ​ដែល​ធ្លាប់​កើតឡើង​ជាង ១០០​ឆ្នាំមុន​។ ប៉ុន្តែ​ស្របពេល​ជាមួយគ្នានេះ លោក Lorenzana បានបង្ហាញ​ក្តី​រំពឹងថា ប្រវត្តិសាស្ត្រ​ថ្មី​ក៏​នឹង​ចាប់ផ្តើម​ដែរ​ក្នុង​ទំនាក់ទំនង​ទ្វេភាគី​រវាង​ហ្វីលីពីន និង​អាមេរិក 
«​វា​ជា​ពេលដែល​របួស​ចាស់​ជាសះស្បើយ​។ វា​ក៏​ជា​ពេល​បិទ​បញ្ចប់​រឿងរ៉ាវ​ប្រវត្តិសាស្ត្រ​ខ្លោចផ្សា ហើយ​សំឡឹង​ទៅ​អនាគត​ក្នុងនាម​ជា​សម្ព័ន្ធមិត្ត​ដែរ​»​។ Lorenzana និយាយ​ដូច្នេះ​។ 
 
​តិច​ឬ​ច្រើន វា​នឹង​ផ្លាស់ប្តូរ​ទំនាក់ទំនង​ទ្វេភាគី​រវាង​អាមេរិក និង​ហ្វីលីពីន ខណៈដែល​មានការ​បារ​ម្ភ​ពេលដែល​រដ្ឋាភិបាល​ម៉ានីល​ងាក​ទៅ​ស្និទ្ធ​ខ្លាំង​ជាមួយ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ចាប់ពី​ពេលដែល​លោក ឌូ​ទើ​តេ ឡើងកាន់តំណែង​។ ចំណែក សហប្រតិបត្តិការ​ទ្វេភាគី​ជាពិសេស​វិស័យ​ការពារជាតិ​នឹងមាន​ការប្រែប្រួល​ទៅរក​ភាពល្អប្រសើរ និង​កាន់តែ​រឹងមាំ​ជាង​មុន​ផងដែរ​។
​ហើយ​រឿង​ដែល​គួរ​ឲ្យ​កត់សម្គាល់​នោះ ថ្វីបើ​លោក ឌូ​ទើ​តេ​ធ្លាប់​ប្រកាសថា លោក​នឹងមិន​ជាន់ដី​អាមេរិក​ក៏ដោយ​កាលពីមុន ប្រភព​ស្និទ្ធ​នឹង​ប្រធានាធិបតី​បង្ហើប​ថា លោក​ឌូ​ទើ​តេ កំពុង​ពិចារណា​ទៅ​ទស្សនកិច្ច​នៅ​អាមេរិក​តាម​ការអញ្ជើញ​របស់​សេត​វិមាន​ដែរ​៕
 

Tag:
 ​អាមេរិក​
  ហ្វីលីពីន​
  Balangiga
© រក្សាសិទ្ធិដោយ thmeythmey.com