អន្តរជាតិ
ជនជាតិ​កាណាដា​ម្នាក់ទៀត​បាត់​ខ្លួន​នៅ​ចិន​
13, Dec 2018 , 2:52 pm        
រូបភាព
ក្រុងអូតាវ៉ាអះអាងថា លោក Michael Spavor បានបាត់ដំណឹងនៅចិន​ (រូបភាព AFP)
ក្រុងអូតាវ៉ាអះអាងថា លោក Michael Spavor បានបាត់ដំណឹងនៅចិន​ (រូបភាព AFP)
​ក្រុង​អូ​តា​វ៉ា នៅ​ថ្ងៃទី​១៣ ខែធ្នូ បានប្រកាសថា ជនជាតិ​កាណាដា​ម្នាក់​បាន​បាត់​ខ្លួន បន្ទាប់ពី​ត្រូវបាន​សួរនាំ​ដោយ​មន្ត្រី​ចិន​។ ក្រសួងការបរទេស​កា​ណា​ដា ប្រកាសថា អ្នក​បាត់​ទំនាក់ទំនង​នោះ​មានឈ្មោះ Michael Spavor ជា​ពាណិជ្ជករ​រកស៊ី​ជាមួយ​កូរ៉េខាងជើង​។ ការបាត់​ខ្លួន​ដំណឹង​នេះ កើតឡើង​បន្ទាប់ពី​អាជ្ញាធរ​ចិន​ទើប​ចាប់ខ្លួន​អតីតមន្ត្រី​ការទូត​កាណាដា​ម្នាក់​កាលពីដើម​សប្ដាហ៍​នេះ ជុំវិញ​ការជាប់​សង្ស័យថា ធ្វើ​សកម្មភាព​ប៉ះពាល់​សន្តិសុខ​ចិន​។​

 
​ក្រសួងការបរទេស​កា​ណា​ដា និយាយថា ខ្លួន​មិនអាច​ទាក់ទង​ជាមួយ​លោក Michael Spavor បាន​ទៀតឡើយ ក្រោយពេល​បុរស​រូបនេះ​បាន​ប្រាប់​រដ្ឋាភិបាល​ថា លោក​ត្រូវបាន​មន្ត្រី​ចិន​សួរចម្លើយ​។ មិនទាន់​ព័ត៌មាន​ផ្លូវការ​ណាមួយ​ពាក់ព័ន្ធ​នឹង​រឿង​នេះឡើយ តែ​មុននេះ រដ្ឋមន្ត្រីការបរទេស​កាណាដា Chrystia Freeland បាន​ប្រាប់​អ្នកសារព័ត៌មាន​ថា ជនជាតិ​កាណាដា​ទី​ពីរ​នេះ ទំនងជា​កំពុង​ជួប​បញ្ហា​នៅ​ទឹកដី​ចិន​ហើយ​។​
 
​បើតាម​ទីភ្នាក់ងារ​ព័ត៌មាន AFP លោក Spavor ដែល​រស់នៅ​លើទឹក​ចិន ជា​អ្នកសម្របសម្រួល​ការធ្វើ​ពាណិជ្ជកម្ម និង​ទេសចរណ៍​ជាមួយ​កូរ៉េខាងជើង​។ ជា​ជនជាតិ​លោកខាងលិច​ម្នាក់​ដែល​ធ្លាប់​មេដឹកនាំ​កូរ៉េខាងជើង គីម ជុង​អ៊ុន បុរស​រូបនេះ ជា​អ្នករៀបចំ​ដំណើរ​ទស្សនកិច្ច​របស់​អតីត​តារា​បាល់បោះ NBA Dennis Rodman ទៅកាន់​រដ្ឋ​ឯកោ​មួយ​នេះ​។ 
 
​បន្ទាប់ពី​ការបាត់​ដំណឹង​នេះ ក្រុង​អូ​តា​វ៉ា​កំពុង​ស្វះ​ស្វែងរក​ព័ត៌មាន​ពី​ទីតាំង​របស់លោក Spavor និង​បាន​ទាក់ទង​អាជ្ញាធរ​ចិន​ផងដែរ​។ នេះ​បើតាម​ការលើកឡើង​រប​ស់​អ្នកនាំពាក្យ​ក្រសួងការបរទេស​កាណាដា​។ យ៉ាងណាមិញ គេ​មិនទាន់​ឃើញ​មានការ​ឆ្លើយតប​ពី​សំណាក់​ក្រុង​ប៉េកាំង​នៅឡើយ​ជុំវិញ​ករណី​ជនជាតិ​កាណាដា​រូបនេះ​។​
 
​ករណី​បាត់​ការទាក់ទង​របស់លោក Spavor គឺជា​ករណី​ទី​ពី​រលើ​ជនជាតិ​កាណាដា​បន្ទាប់ពី​លោក Michael Kovrig ដែល​ត្រូវបាន​ចិន​ឃាត់ខ្លួន​ដែរ​។ ក្រុង​ប៉េកាំង​បាន​ជូនដំណឹង​ពី​ការចាប់ខ្លួន​នេះ​នៅ​ថ្ងៃទី​១០ ខែធ្នូ​កន្លងទៅ​។ ប្រមុខ​ការទូត​កាណាដា Freeland និយាយថា រដ្ឋាភិបាល​ក្រុង​អូ​តា​វ៉ា​ពិតជា​បារម្ភ​ជា​ពន់ពេក​ចំពោះ​ករណី​ទាំងពីរ​នេះ ហើយ​បាន​ទាក់ទង​ដោយផ្ទាល់​ទៅកាន់​មន្ត្រី​ចិន​ដើម្បី​សួររក​ព័ត៌មាន​ជាក់លាក់​ដែរ​។​
 
​ករណី​ទាំងពីរ​នេះ កើតឡើង​បន្ទាប់ពី​មានការ​ចាប់ខ្លួន​នាយក​ហិរញ្ញវត្ថុ​របស់​ក្រុមហ៊ុន​បច្ចេកវិទ្យា​ចិន Huawei កាលពី​ខែ​មុន​ដោយ​ប៉ូលិស​កាណាដា​។ មិនមាន​ការភ្ជាប់​ករ​ណី​នៅ​កាណាដា និង​សកម្មភាព​របស់​ក្រុង​ប៉េកាំង​ឡើយ តែ​អ្នកជំនាញ​ជឿថា រឿងនេះ​ជាប់ទាក់ទង​គ្នា ហើយ​ចំណាត់ការ​របស់​ចិន​ជាការ​សញ្ញា​ព្រមាន​ទៅ​កាណាដា​៕
 

Tag:
 ចិន​
  កាណាដា
© រក្សាសិទ្ធិដោយ thmeythmey.com