អន្តរជាតិ
កូ​សូ​វ៉ូ​ត្រៀម​បង្កើត​អង្គភាព​យោធា ដោយបាន​ភ្លើង​បៃតង​ពី​វ៉ាស៊ីនតោន​
13, Dec 2018 , 8:39 pm        
រូបភាព
ដោយ: ថ្មីៗ
សភា​កូ​សូ​វ៉ូ​នឹង​បោះឆ្នោត​សម្រេច​ចុងក្រោយ​លើ​គម្រោង​បង្កើត​កងទ័ព​ខ្លួនឯង​នៅ​ថ្ងៃ​សុក្រ​ទី ១៤ ខែធ្នូ​នេះ​។ ក្រុង​វ៉ាស៊ីនតោន​ដែលជា​ខ្នងបង្អែក​ដ៏​ធំ​របស់​កូ​សូ​វ៉ូ​ចាត់ទុកថា វា​ជា​ជំហាន​វិជ្ជមាន​មួយ​។ បើសិនជា​សភា​ព្រម​ឯកភាព​បង្កើត​កងទ័ព​ផ្ទាល់ខ្លួន​នេះ​មែន ទឹកដី​កូ​សូ​វ៉ូ​បង្កើន​កម្រិត​ការពារជាតិ​ឲ្យ​ស្មើមុខស្មើមាត់​នឹង​រដ្ឋ​ឯករាជ្យ ប៉ុន្តែ​វា​នឹង​បង្កើត​ឲ្យ​បង្ក​ភាព​តានតឹង​កាន់តែខ្លាំង​ជាមួយ​ស៊ែ​ប៊ី​ដែរ​។​

 
​អង្គភាព​កម្លាំង​សន្តិសុខ​ជាតិ​កូ​សូ​វ៉ូ​នឹងត្រូវ​ប្តូរ​ទៅជា​ស្ថាប័ន​យោធា​ថ្នាក់ជាតិ​ដែលមាន​តួនាទី​ធំ​ទូលាយ និង​មាន​កងទ័ព​ប្រមាណ ៥០០០​នាក់​រួមជាមួយ​ទ័ព​បម្រុង ៣០០០​នាក់ បើសិនជា​ច្បាប់​ថ្មី​ចំនួន​បី​ត្រូវបាន​សភា​កូ​សូ​វ៉ូ​អនុម័ត​យក​នៅ​ថ្ងៃ​សុក្រ​។ 
 
​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន AFP គេ​រំពឹងថា ច្បាប់​ទាំងនេះ​នឹងត្រូវ​សមាជិកសភា​មកពី​ស្ទើ​គ្រប់​គណបក្សនយោបាយ​គាំទ្រ ដ្បិត​គេ​យល់ថា វា​ជា​រឿង​ចាំបាច់​ដើម្បី​រក្សា​សន្តិសុខ​ជាតិ​នៅពេល​អនាគត​។  បើ​មានការ​អនុម័ត​មែន​នោះ ច្បាប់​ទាំងអស់​នឹងត្រូវ​បញ្ជូន​ទៅ​ឲ្យ​ប្រធានាធិបតី Hashim Thaci ចុះហត្ថលេខា និង​ប្រកាស​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ដែរ​។​
 
​តាមពិតទៅ សភា​កូ​សូ​វ៉ូ​បាន​បោះឆ្នោត​អនុម័ត​ច្បាប់​នេះ​ជុំទីមួយ​រួចមក​ហើយដោយ​សំឡេងគាំទ្រ ៩៨ ក្នុងចំណោម​សមាជិកសភា​សរុប ១២០​នាក់​កាលពី​ខែតុលា​។ តាម​នីតិវិធី​ច្បាប់​នេះ​ត្រូវដាក់​ឆ្លង​កិច្ចពិភាក្សា​សភា​ជុំ​ទី​ពីរ​ទៀត​សិន​មុន​ការអនុម័ត​ទទួលយក​ជា​ផ្លូវការ​។ ប៉ុន្តែ​ជុំទីមួយ សមាជិកសភា ១១​រូប​ដែល​តំណាង​ឲ្យ​ជនជាតិភាគតិច​ស៊ែ​ប​នោះបាន​ធ្វើពហិកា និង​ចោទប្រកាន់ថា ការបង្កើត​ស្ថាប័ន​យោធា​នេះ​ជា​រឿង​ខុសច្បាប់​។​
 
​អ្នក​ដែល​ធ្វើពហិកា​ចូលប្រជុំ​អនុម័ត​ច្បាប់​ដែលជា​ជនជាតិភាគតិច​ស៊ែ​ប​នោះបាន​អះអាងថា សកម្មភាព​សមាជិកសភា​កូ​សូ​វ៉ូ​នេះ​បំពាន​ដំណោះស្រាយ​អង្គការសហប្រជាជាតិ​លេខ ១២៤៤ ដែល​អនុម័ត​ឆ្នាំ ១៩៩៩ ក្នុង​គោលដៅ​បញ្ចប់សង្គ្រាម​រវាង​កង​ទ័ព​ស៊ែ​ប៊ី និង​ក្រុមគាំទ្រ​ឯករាជ្យ​អាល់​បា​នី​ក្រោយ​បែកខ្ញែក​នៃ​សាធារណៈរដ្ឋ​សហភាព​យូ​ហ្គោ​ស្លា​វី និង​បំពាន​រដ្ឋធម្មនុញ្ញ​កូ​សូ​វ៉ូ​ផងដែរ​។​
 
​តាមពិតទៅ ទឹកដី​នៅក្នុង​តំបន់​បាល់​កង់​កូ​សូ​វ៉ូ​នេះ​មាន​ប្រជាជន ១,៨ លាន​នាក់ ហើយ​បានប្រកាស​ឯករាជ្យ​ជា​ផ្លូវការ​នៅ​ឆ្នាំ ២០០៨ បន្ទាប់ពី​ផ្តាច់ខ្លួន​ពី​ស៊ែ​ប៊ី​ដោយ​ជោគជ័យ​ក្នុង​ឆ្នាំ ១៩៩៩ ដោយមាន​ការអន្តរាគមន៍​ពី​កងកម្លាំង​ណា​តូ​។ ចាប់ពីពេលនោះ​មក កូ​សូ​វ៉ូ ត្រូវបាន​ការពារ​ដោយ​កងទ័ព​ណា​តូ ហើយ​មកដល់​បច្ចុប្បន្ន​ទ័ព​សម្ព័ន្ធ​យោធា​នេះ ៤០០០​នាក់​នៅ​បន្ត​មាន​វត្ត​មាននៅ​ទីនោះ​ដែរ​។​
 
​ចំណែក​ស៊ែ​ប៊ី​ដែល​មិន​ទទួលស្គាល់​ការប្រកាស​ឯករាជ្យ​រប​ស់​កូ​សូ​វ៉ូ​នេះ បានបង្ហាញ​ការខឹង​សម្បារ​ខ្លាំង និង​ជំទាស់​ដាច់ខាត​ចំពោះ​ការ​ឈានទៅ​បង្កើត​កងទ័ព​ជាតិ​នៅ​កូ​សូ​វ៉ូ​ដែរ​។​
 
​យ៉ាងណា​ក៏ដោយចុះ ការសម្រេច​បង្កើត​អង្គភាព​យោធា​នេះ នឹងធ្វើ​ឲ្យ​មានការ​ប្រឈមមុខ​ដាក់​គ្នា និង​អាច​កើតមាន​ជម្លោះ​ប្រដាប់អាវុធ​ផង​។  ថ្មីៗ​នេះ ក្រុង​បែ​ល​ក្រា​ត​បាន​ចោទប្រកាន់ថា ការបង្កើត​កងទ័ពរ​បស់​កូ​សូ​វ៉ូ បង្ក​គ្រោះថ្នាក់​ដល់​ប្រជាជន​ស៊ែ​ប ១២​ម៉ឺន​នាក់​ដែល​កំពុង​រស់នៅ​កូ​សូ​វ៉ូ​។ នាយករដ្ឋមន្ត្រី​ស៊ែ​ប៊ី​លោកស្រី Ana Brnabic បាន​ព្រមាន​ថា លោកស្រី​សង្ឃឹមថា ស៊ែ​ប៊ី​មិនចាំបាច់​ប្រើប្រាស់​កងទ័ព​ដើម្បី​ប្រឆាំង​កូ​សូ​វ៉ូ​ឡើយ​នៅពេល​ខាងមុខ ប៉ុន្តែ​លោកស្រី​សង្កត់ធ្ងន់ថា វា​នៅតែ​ជា​វិធានការ​មួយ​ដែល​ស៊ែ​ប៊ី​អាចអនុវត្ត​។ 
 
​ដោយឡែក ណា​តូ​ក៏​មិន​ពេញចិត្ត​នឹង​ការ​ឈានទៅ​បង្កើត​អង្គភាព​យោធា​ពេល​នេះដែរ​។ សមាជិក​ណា​តូ​ចំនួន បួន នៅតែ​មិនទាន់​ប្រកាស​ទទួលស្គាល់​កូ​សូ​វ៉ូ​ជា​រដ្ឋ​ឯករាជ្យ​នៅឡើយ​មកដល់​បច្ចុប្បន្ន ហើយ​ថ្មីៗ​នេះ​បក្សសម្ព័ន្ធ​នេះ​ថ្កោលទោស​ថា ទង្វើ​របស់​កូ​សូ​វ៉ូ​កើតឡើង​ខុសពេល​វេលា​ហើយ​។​
 
​យ៉ាងណាមិញ ក្រុង​វ៉ាស៊ីនតោន​ដែលជា​សម្ព័ន្ធមិត្ត​កូ​សូ​វ៉ូ​នោះបាន​ផ្តល់​ភ្លើង​បៃតង ដោយ​ចាត់ទុក​ការ​ឈានទៅ​បង្កើត​អង្គភាព​យោធា​ផ្ទាល់ខ្លួន​នេះ​ជា ជំហាន​វិជ្ជមាន​ដែល​ចាំបាច់​ត្រូវធ្វើ​។ 
 
​មាន​អាមេរិក​ជា​ខ្នងបង្អែក នាយករដ្ឋមន្ត្រី​កូ​សូ​វ៉ូ Ramush Haradinaj បាន​និយាយ​ឌឺដង ស៊ែ​ប៊ី​ថា ប្រទេស​នេះ​មិន​ហ៊ាន​វាយប្រហារ​កូ​សូ​វ៉ូ​ឡើយ ដ្បិតថា រដ្ឋាភិបាល​ក្រុង​បែ​ល​ក្រា​ត​ដឹង​ច្បាស់​ថា អាមេរិក​នឹង​ចេញមុខ​ការពារ​៕
 

Tag:
 កូ​សូ​វ៉ូ​
  អាមេរិក​
  ស៊ែ​ប៊ី​
  យោធា​
© រក្សាសិទ្ធិដោយ thmeythmey.com