ភ្នំពេញ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បានបើកឲ្យដំណើរការកម្មវិធីថែទាំផ្លូវ ROAD CARE mobile app ដើម្បីឲ្យប្រជាពលរដ្ឋជួយរាយការណ៍ ដោយផ្ទាល់ពីស្ថានភាពផ្លូវសំបុកមាន់ ឬផ្លូវខូច ទូទាំងប្រទេស ទៅកាន់អាជ្ញាធរដែលពាក់ព័ន្ធ ធ្វើការជួសជុលឲ្យបានទាន់ពេលវេលា។
លោក ស៊ុន ចាន់ថុល រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូន បាននិយាយថា កម្ពុជាជាប្រទេសទីមួយ ដែលមានកម្មវិធីថែនាំផ្លូវនេះ ព្រោះទាំងប្រទេសក្នុងតំបន់អាស៊ាន និងពិភពលោក មិនទាន់មានកម្មវិធីនេះឡើយ។
ថ្លែងនៅក្នុងពិធីដាក់ឲ្យដំណើរការជាផ្លូវការកម្មវិធីថែទាំផ្លូវ នាព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៨ នេះ លោក ស៊ុន ចាន់ថុល បាននិយាយដូច្នេះថា៖« យើងខ្ញុំមានមោទនភាពណាស់ ព្រោះកម្មវិធីនេះរៀបដោយមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ។ កូនខ្មែរយើងធ្វើទាំងអស់ កម្មវិធីថែទាំផ្លូវប្រភេទនេះ។ កម្ពុជាជាប្រទេសទីមួយហើយ ក្នុងតំបន់អាស៊ាន និងពិភពលោកតែម្ដង ជាមោទនភាពរបស់យើង »។
ក្រសួងសាធារណការ និងដឹកជញ្ជូន បានដាក់ឲ្យប្រើប្រាស់ជាផ្លូវការ កម្មវិធីថែទាំផ្លូវ ROAD CARE mobile app ដើម្បីឲ្យប្រជាពលរដ្ឋជួយរាយការណ៍ ដោយផ្ទាល់ពីស្ថានភាពផ្លូវជង្ហុកសំបុកមាន់ ឬផ្លូវខូច ទូទាំងប្រទេស ទៅកាន់អាជ្ញាធរដែលពាក់ព័ន្ធ សម្រាប់ធ្វើការជួសជុលបានទាន់ពេលវេលា។
ROAD CARE អាចឲ្យប្រជាពលរដ្ឋរាយការណ៍ពីស្ថានភាពផ្លូវជង្ហុកសំបុកមាន់ និងផ្លូវខូច តាមរយៈការបង្ហោះជារូបថត និងវីដេអូ ចូលទៅក្នុងកម្មវិធីព័ត៌មានទាំងអស់ នឹងត្រូវបានបញ្ជូនទៅកាន់ក្រុមការងារ ទទួលបន្ទុករបស់ក្រសួងមន្ទីរសាធារណការ និងដឹកជញ្ជូន និងអាជ្ញាធរពាក់ព័ន្ធ ។
កម្មវិធីថែទាំផ្លូវ នឹងចូលរួមចំណែកក្នុងការអភិវឌ្ឍប្រទេសឲ្យកាន់តែរីកចម្រើន ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ដែលកើតឡើង ដោយសារជង្ហុកសំបុកមាន់ និងផ្លូវខូច ព្រមទាំងជួយឲ្យប្រជាពលរដ្ឋធ្វើដំណើរប្រកបដោយសុវត្ថិភាព។
រដ្ឋមន្ដ្រីក្រសួងសាធារណការ បាននិយាយដូច្នេះថា៖« ផលប្រយោជន៍នៃកម្មវិធីនេះ នឹងផ្ដល់មកយើងនូវព័ត៌មានដែលអ្នកប្រើប្រាស់ផ្លូវ លោកឃើញផ្លូវសំបុកមាន់ ផ្លូវដែលខូចខាត ចង់ផ្ដល់ព័ត៌មានមកកាន់ក្រសួង ផ្តល់ប្រយោជន៍ធំ គឺក្រសួងក្ដាប់បានទាំងអស់នូវព័ត៌មានពីអ្នកប្រើប្រាស់ផ្លូវថ្នល់»។
លោក ស៊ុន ចាន់ថុល បានអំពាវនាវដល់អ្នកប្រើប្រាស់ផ្លូវទាំងឡាយ ពិសេសក្រុមហ៊ុនដឹកជញ្ជូន កុំដឹកទំនិញលើសទម្ងន់ដែលបានកំណត់ និងកុំកែទ្រង់ឡាន ដែលអាចឲ្យផ្លូវឆាប់ខូចខាតមុនថ្ងៃកំណត់ និងបង្កគ្រោះថ្នាក់ចរាចរណ៍ផ្សេងៗ។
កម្មវិធីថែទាំផ្លូវនេះ នឹងគ្របដណ្តប់ទៅលើការជួសជុល ថែទាំផ្លូវជាតិទាំង ៧៥ខ្សែ និងគ្រប់ផ្លូវ នៅក្នុងរាជធានីភ្នំពេញ និង ផ្លូវក្នុងក្រុង របស់ខេត្តទាំង២៤៕