កីឡាជាតិ
ជាតិ
ITF ថ្នាក់ជាតិ​មិន​ឲ្យ​ជម្រើសជាតិ​ចូលរួម ខណៈ​អ្នកឈ្នះ​អាច​ក្លាយជា​ជម្រើសជាតិ
14, Dec 2018 , 7:59 am        
រូបភាព
សកម្មភាពប្រកួតក្នុងព្រឹត្តិការណ៍កីឡាជាតិលើកទី២កាលពីពេលកន្លងទៅ
សកម្មភាពប្រកួតក្នុងព្រឹត្តិការណ៍កីឡាជាតិលើកទី២កាលពីពេលកន្លងទៅ
ដោយ:
​ដើម្បី​លើកទឹកចិត្ត និង​ផ្តល់ឱកាស​ដល់​កីឡាករ​កីឡាការិនី​មកពី​តាម​បណ្តា​ក្លិប​-​សមាគម​ទាំង​១៨ ការប្រកួត​កីឡា​តេ​ក្វាន់​ដូ ITF ជ្រើសរើស​ជើងឯក​ថ្នាក់ជាតិ​ឆ្នាំនេះ មិន​អនុញ្ញាត​ឲ្យ​ក្រុម​ជម្រើសជាតិ​ឈុត​ធំ​ចូលរួម​ឡើយ​។ គ្រប់​ម្ចាស់​ជ័យលាភី​នៅ​ឆ្នាំនេះ អាចនឹងទទួល​បាន​ឱកាស​ធ្វើតេស្ត​សមត្ថភាព ដើម្បី​ចូលរួម​ហ្វឹកហាត់​ជាមួយ​ក្រុម​ជម្រើសជាតិ​ឈុត​ធំ​។ ការប្រកួត​នឹង​ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃទី​១៤-១៦ ខែធ្នូ ឆ្នាំ​២០១៨​។

 
​ក្រុម​ជម្រើសជាតិ​ឈុត​ធំ​កីឡា​តេ​ក្វាន់​ដូ ITF មិន​អនុញ្ញាត​ឲ្យ​ចូលរួម​ប្រកួតប្រជែង ក្នុងការ​ប្រកួត​ជើងឯក​ថ្នាក់ជាតិ​នៅ​ឆ្នាំ​២០១៨ ឡើយ​។ នេះ​បើតាម​ការអះអាង​របស់​លោក បួន​ហ៊ីង សុធី​យ៉ា អគ្គលេខាធិការ​សហព័ន្ធ​កីឡា​តេ​ក្វាន់​ដូ ITF កម្ពុជា​។ សម្រាប់​លោក សុធី​យ៉ា ការធ្វើ​បែបនេះ គឺ​ដើម្បី​លើកទឹកចិត្ត​ដល់​កីឡាករ​កីឡាការិនី​មកពី​តាម​បណ្តា​ខេត្ត​នានា មានឱកាស​ច្រើន​ក្នុងការ​ឈ្នះ​ជើងឯក និង​បាន​បញ្ចេញ​សមត្ថភាព​ជាដើម​។ ម្យ៉ាង​ដោយសារ​ក្រុម​ឈុត​ធំ ទើបតែ​ត្រឡប់​មកពី​ចូលរួម​ប្រកួត​លក្ខណៈ​អន្តរជាតិ​កាលពីពេល​ថ្មីៗ​។​


 
​ជាការ​ប្រកួត​ជើងឯក​ថ្នាក់ជាតិ​ប្រចាំឆ្នាំ​ក៏ពិតមែន​។ ប៉ុន្តែ​វា​ជាការ​ប្រកួត​ស្វែងរក​កីឡាករ​មាន​ទេពកោសល្យ ដើម្បី​ត្រៀម​ចូលរួម​ហ្វឹកហាត់​ក្នុង​ក្រុម​ជម្រើសជាតិ​។ ក្នុងន័យនេះ​កីឡាករ​មាន​ទេពកោសល្យ​ល្អ ក៏ដូចជា​ម្ចាស់​ជ័យលាភី​ក្នុងការ​ប្រកួត អាចមាន​ភាគរយ​ខ្ពស់​ក្នុងការ​ក្លាយជា​កីឡាករ​ជម្រើសជាតិ​នៅ​ឆ្នាំក្រោយ​។ បច្ចុប្បន្ន​ក្រុម​កីឡាករ​ជម្រើសជាតិ​ឈុត​ធំ​មាន​ចំនួន​១០​នាក់ និង​យុវជន​ថ្នាល​ចំនួន​៨​នាក់ ខណៈ​គម្រោង​សហព័ន្ធ​ចង់បាន​ឈុត​ធំ​១៥​រូប​និង​ថ្នាល​១២​រូប​។     
 
«​ការប្រកួត​ឆ្នាំនេះ​យើង​មិន​អនុញ្ញាត​ឲ្យ​ក្រុម​កីឡាករ​ជម្រើសជាតិ​ឈុត​ធំ​ចូលរួម​ប្រកួត​នោះទេ ព្រោះ​យើង​ចង់​ផ្តល់ឱកាស​ដល់​កីឡាករ​មកពី​តាម​ខេត្ត​បាន​បញ្ចេញ​សមត្ថភាព​។ យើង​នឹង​សម្លឹងមើល​កីឡាករ​មាន​ទេពកោសល្យ​ល្អ ដើម្បី​ផ្តល់ឱកាស​ឲ្យ​ពួកគេ​បានធ្វើ​តេស្ត ដើម្បី​ចូលរួម​ហ្វឹកហាត់​ជាមួយ​ក្រុម​ជម្រើសជាតិ​»​។ លោក បួន​ហ៊ីង សុធី​យ៉ា បញ្ជាក់​ដូច្នេះ ហើយ​បន្ថែមថា លោក​សម្លឹង​ឃើញ​កីឡាករ​ថ្នាល​ពីររូប ដែល​ត្រូវ​ដំ​ឡើងមក​ហ្វឹកហាត់​ក្នុង​ឈុត​ធំ​នៅ​ឆ្នាំក្រោយ​។ តែ​លោក​មិនបាន​ប្រាប់​ពី​ឈ្មោះ​កីឡាករ​ទាំងពីរ​ឡើយ​។ 


 
​សម្រាប់​ការប្រកួត​ជើងឯក​ថ្នាក់ជាតិ​ឆ្នាំនេះ មាន​ក្រសួង​ក្លិប​-​សមាគម​ចំនួន​១៨​ចូលរួម ដោយមាន​កីឡាករ​កីឡាការិនី​សរុប​ចំនួន​១៣៦​នាក់​(​ស្រី​៣១)​។ បើ​ធៀប​នឹង​ឆ្នាំ​កន្លងទៅ​ចំនួន​នេះ​ហាក់​មានការ​ថយចុះ ដោយសារ​សហព័ន្ធ​តម្រូវ​ឲ្យ​ក្លិប​នីមួយៗ​ចម្រាញ់​កីឡាករ​របស់ខ្លួន​មុន​ចូលរួម​ប្រកួត​។ ការធ្វើ​ដូច្នេះ ដោយសារ​សហព័ន្ធ​ជា​អ្នកទទួលបន្ទុក​ក្នុងការ​រៀបចំ ក្រោម​គម្រោង​ថវិកា​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា​។ កីឡាករ​ទាំងនេះ​ត្រូវ​ប្រកួតប្រជែង​លើ​១៩​វិញ្ញាសា​៕ 
 

Tag:
 ​តេ​ក្វាន់​ដូ ITF
  ជើងឯក​ថ្នាក់ជាតិ​
  បួន​ហ៊ីង សុធី​យ៉ា
© រក្សាសិទ្ធិដោយ thmeythmey.com