កីឡាអន្តរជាតិ
អន្តរជាតិ
Suzuki Cup៖ ប៉ូលីសស៊ើបអង្កេតជុំវិញអ្នកគាំទ្រលើសចំនួនជិត១ម៉ឺននាក់នាជំនួបម៉ាឡេស៊ី-វៀតណាម
× សហព័ន្ធកីឡាបាល់ទាត់ម៉ាឡេស៊ី (FAM) នឹងសហការជាមួយប៉ូលីសដើម្បីពិនិត្យមើលឡើងវិញក្រោយមានការអះអាងថាមានអ្នកគាំទ្រដែលគ្មានសំបុត្រជាង៨ពាន់នាក់បានចូលទៅក្នុងកីឡដ្ឋានជាតិ Bukit Jalil នាជំនួបជើងទី១ វគ្គផ្តាច់ព្រ័ត្រ AFF Suzuki Cup រវាងម្ចាស់ផ្ទះម៉ាឡេស៊ីនិងវៀតណាម កាលពីថ្ងៃទី១១ ខែធ្នូ។
លោក Stuart Ramalingam អគ្គលេខាធិការ FAM ដែលបានពិភាក្សារឿងនេះជាមួយអ្នកតំណាងការិយាល័យកណ្តាលនគរបាលនៅតំបន់នោះ លើកឡើងថាហេតុការណ៍បែបនេះមិនត្រឹមតែធ្វើអោយខូចកេរ្ដិ៍ឈ្មោះម៉ាឡេស៊ីនោះទេ តែថែមទាំងបង្កគ្រោះថ្នាក់ដល់អាយុជីវិតអ្នកដែលបានទិញសំបុត្រសម្រាប់ទស្សនាការប្រកួតនោះទៀតផង។
«FAM នឹងធ្វើឲ្យប្រាកដថារឿងអាម៉ាសបែបនេះនឹងមិនកើតឡើងម្តងទៀងឡើយ»។ លោក Stuart អធិប្បាយបែបនេះនៅក្នុងសេចក្តីថ្លែងការណ៍ខ្លីមួយដែលចេញផ្សាយនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់ FAM នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៨។
លោកបានអះអាងបន្ថែមថាមានក្រុមអ្នកលេងអ៊ីនធឺណិតនៅតាមបណ្តាញសង្គមមួយក្រុម ថាអ្នកគាំទ្រជាង ៨៨០០០ នាក់បានចូលរួមទស្សនា ខណៈដែល FAM បានលក់សំបុត្រត្រឹម ៨០០០០សន្លឹកប៉ុណ្ណោះ សម្រាប់ការប្រកួតដែលបានបញ្ចប់ក្នុងលទ្ធផល២ទល់នឹង២នោះ។ កីឡដ្ឋាន Bukit Jalil ដែលស្ថិតក្នុងក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ីអាចផ្ទុកអ្នកគាំទ្រសរុបបាន ៨៧៤១១នាក់។
វៀតណាម នឹងដឹកនាំសម្រាប់ជំនួបជើងទី ២ នៃវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ AFF Suzuki Cup 2018 វិញម្តង ដែលនឹងត្រូវធ្វើធ្វើឡើងនៅថ្ងៃទី១៥ ខែធ្នូ នៅឯកីឡដ្ឋាន MyDinh ក្នុងក្រុងហាណូយ៕
Tag:
បាល់ទាត់
AFF Suzuki Cup
© រក្សាសិទ្ធិដោយ thmeythmey.com