អន្តរជាតិ
ម៉ាឌុយរ៉ូ ចោទថា ទីប្រឹក្សាលោក ត្រាំ រៀបគម្រោងធ្វើឃាតលោកដោយសមគំនិតជាមួយកូឡុំប៊ី
× ប្រធានាធិបតីវ៉េណេស៊ុយអេឡា នីកូឡា ម៉ាឌុយរ៉ូ បានចោទទីប្រឹក្សាសន្តិសុខជាតិអាមេរិក ចន ប៊ូលតុន ថា រៀបចំផែនការធ្វើឃាតលោក ដោយមានប្រធានាធិបតីកូឡុំប៊ីជាគូកនផង។ បើតាមលោក ម៉ាឌុយរ៉ូ មន្ត្រីអាមេរិកដដែលនេះបានរៀបចំការហ្វឹកហាត់ទាហានស៊ីឈ្នួលជាច្រើនដើម្បីអនុវត្តផែនការហិង្សានេះ។ នេះមិនមែនជាលើកទីដំបូងទេដែលមេដឹកនាំវ៉េណេស៊ុយអេឡាចោទប្រទេសទាំងពីរថា មានបំណងអាក្រក់លើរូបលោកនោះ។
«លោក ប៊ូលតុន កំពុងរៀបគម្រោងធ្វើឃាតខ្ញុំ»។ នេះជាការចោទចំៗរបស់ប្រធានាធិបតីវ៉េណេស៊ុយអេឡា នីកូឡាស់ ម៉ាឌុយរ៉ូ ទៅកាន់លោក ចន ប៊ូលតុន ទីប្រឹក្សាសន្តិសុខជាតិរបស់ប្រធានាធិបតី ដូណាល់ ត្រាំ ។ ទំនាក់ទំនងរវាងវ៉េណេស៊ុយអេឡា និងអាមេរិក មិនល្អឡើយចាប់តាំងពីសម័យលោក ហ៊ូហ្គោ ឆាវេស នៅដឹកនាំមកម្ល៉េះ ដោយក្រុងការ៉ាកាស់បានចោទក្រុងវ៉ាស៊ីនតោនថា មានគម្រោងប្ដូររបបដឹកនាំរបស់ខ្លួន។
ក្នុងសន្និសីទសារព័ត៌មានដែលផ្សាយផ្ទាល់តាមទំព័រហ្វេសប៊ុករបស់ខ្លួន លោក ម៉ាឌុយរ៉ូ អះអាងថា លោក ប៊ូលតុន កំពុងដឹកនាំផែនការបញ្ចេញហិង្សា និងធ្វើរដ្ឋប្រហារដើម្បីបង្កើតរដ្ឋាភិបាលបណ្ដោះអាសន្នមួយ។ ដើម្បីអនុវត្តផែនការ មេដឹកនាំវ៉េណេស៊ុយអេឡាចោទលោក ប៊ូលតុន ទៀតថា បានរៀបចំការហ្វឹកហាត់ឲ្យទាហានស៊ីឈ្នួលនៅកន្លែងផ្សេងៗគ្នាដើម្បីប្រឆាំងវ៉េណេស៊ុយអេឡា ហើយមកពេលនេះមានចំនួនច្រើនជាង៧៣០នាក់។
បើតាមសារព័ត៌មាន RT លោក ម៉ាឌុយរ៉ូ បន្តថា ទីប្រឹក្សាលោក ត្រាំ មិនមែនធ្វើរឿងនេះតែម្នាក់ឯងឡើយ ដោយមានកូឡុំប៊ីចូលដៃយ៉ាងខ្លាំង។ មេដឹកនាំក្រាញអំណាចរូបនេះបានវាយប្រហារខ្លាំងៗលើប្រធានាធិបតីកូឡុំប៊ី Ivan Duque ចាត់ទុកជាគូនកនរបស់លោក ប៊ូលតុន ។ ទំនងខឹងចិត្តខ្លាំងនោះ ប្រធានាធិបតីវ៉េណេស៊ុយអេឡាដល់ថ្នាក់និយាយថា លោក Duque សុំការអនុញ្ញាតពីទូតអាមេរិកប្រចាំកូឡុំប៊ីសិន ទើបហ៊ានចូលបន្ទប់ទឹក។
ជាច្រើនលោកច្រើនសារ ប្រមុខដឹកនាំក្រុងការ៉ាកាស់តែងរិះគន់អាមេរិក និងសម្ព័ន្ធមិត្តនៅតំបន់ឡាទីនលើការរៀបចំផែនការធ្វើឃាតនេះ។ កាលពីខែសីហា លោក ម៉ាឌុយរ៉ូ បានចោទក្រុងវ៉ាស៊ីនតោនម្ដងហើយ បន្ទាប់ពីមានការវាយប្រហារតាមដ្រូនអំឡុងព្យុហយាត្រាយោធាក្នុងរដ្ឋធានី។ អាជ្ញាធរវ៉េណេស៊ុយអេឡាចាត់ទុកហេតុការណ៍នេះ ជាការប៉ុនប៉ងធ្វើឃាតដែលបរាជ័យ ហើយដែលលោក ម៉ាឌុយរ៉ូ ទម្លាក់កំហុសលើកូឡុំប៊ីដែរ។
យ៉ាងណាក្ដី ក្រុងបូហ្គោតាបានទាត់ចោលសម្ដីចោទប្រកាន់របស់លោក ម៉ាឌុយរ៉ូ ។ ក្រសួងការបរទេសកូឡុំប៊ីចាត់ទុកការលើកឡើងរបស់ប្រធានាធិបតីវ៉េណេស៊ុយអេឡា ជារឿងស្រមើស្រមៃ មិនគួរឲ្យគោរព និងមិនគួរឲ្យជឿសោះឡើយ។
សូមបញ្ជាក់ថា ក្រោមការដឹកនាំរបស់លោក ម៉ាឌុយរ៉ូ វ៉េណេស៊ុយអេឡាដែលធ្លាប់ជាប្រទេសនាំចេញប្រេងធំមួយរបស់ពិភពលោក បែរក្លាយជាប្រទេសក្រីក្រ អតិផរណាកើនខ្ពស់មិនធ្លាប់មាន និងមានប្រឈមមុខវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរខ្លាំង។ រដ្ឋបាលលោក ត្រាំ តែងលើកឡើងពីលទ្ធភាពកម្ចាត់លោក ម៉ាឌុយរ៉ូ ចេញពីតំណែង ខណៈមន្ត្រីខ្លះយល់ថា អន្តរាគមន៍មនុស្សធម៌នៅវ៉េណេស៊ុយអេឡា គួរតែកើតឡើងដើម្បីបញ្ចប់បញ្ហាផង៕
Tag:
វ៉េណេស៊ុយអេឡា
អាមេរិក
កូឡុំប៊ី
នីកូឡា ម៉ាឌុយរ៉ូ
© រក្សាសិទ្ធិដោយ thmeythmey.com