ជាតិ
​ទិវា​នយោបាយ​ឈ្នះ​-​ឈ្នះ នឹងមាន​ការលើកលែង​ទោស ដូច​ពិធីបុណ្យ​ធំៗ​មួយចំនួន​
14, Dec 2018 , 8:59 am        
រូបភាព
លោក អង្គ វង្សវឌ្ឍានា រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ និង ជាប្រធាន គណៈកម្មការថ្នាក់ជាតិ បានបើកកិច្ចប្រជុំសំណើអនុ  គ្រោះទោស កាលពីថ្ងៃទី១២ធ្នូ  ឆ្នាំ២០១៨ នៅទីស្តិការក្រសួង
លោក អង្គ វង្សវឌ្ឍានា រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ និង ជាប្រធាន គណៈកម្មការថ្នាក់ជាតិ បានបើកកិច្ចប្រជុំសំណើអនុ គ្រោះទោស កាលពីថ្ងៃទី១២ធ្នូ ឆ្នាំ២០១៨ នៅទីស្តិការក្រសួង
​ភ្នំពេញ​៖  ថ្ងៃ​ប្រារព្ធ​ពិធី​ភ្ជុំបិណ្ឌ និង​ទិវា​នយោបាយ​ឈ្នះ​-​ឈ្នះ​២៩​ធ្នូ នឹង​កា្ល​យ​ជា​ថ្ងៃ​លើកលែងទោស សម្រាប់​អ្នក​ជាប់ពន្ធនាគារ​ទូទាំង​ប្រទេស​។  លោក ជិន ម៉ា​លីន អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌ បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ តាម​ទូរ​សព្ទ​ថា បច្ចុប្បន្ន គណៈកម្មការ​ថ្នាក់ជាតិ កំពុង​ប្រជុំ​លើ​សំណើសុំ​អនុគ្រោះ​ទោស ឬ​បន្ធូរ​បន្ថយទោស​នេះ​។​

 
​លោក​បាន​បន្តថា នីតិវិធី​នៃ​ការសម្រេច​បន្ធូរបន្ថយ និង​លើកលែងទោស ក្នុង​កម្រិត​ទាំង​ប៉ុន្មាន គឺ​មិនទាន់​សម្រេច​នៅឡើយ  ព្រោះ​កំពុងស្ថិត​នៅក្នុង​ការពិនិត្យ រួចហើយ​ជញ្ជូន​សំណើ​នេះ ទៅឱ្យ​នាយករដ្ឋមន្ត្រី​បន្តទៀត​ដើម្បី​សម្រេច ដោយ​ស្នើ​ទៅ​ព្រះមហាក្សត្រ​ក្នុង​ការចេញ​ព្រះរាជក្រឹត្យ​។ 
 
​សូមបញ្ជាក់ថា កន្លងមក​កម្ពុជា​បានជ្រើសរើស និង​សម្រេចយក​ថ្ងៃបុណ្យ​វិសាខបូជា   បុណ្យចូលឆ្នាំ​ប្រពៃណី​ខ្មែរ និង​បុណ្យអុំទូក ជា​ពិធី​លើកលែង និង​បន្ធូរ​បន្ថយទោស​អ្នក​ជាប់ពន្ធនាគារ ជា​រៀងរាល់ឆ្នាំ​។​
 
​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​អះអាង កម្ពុជា​នឹង​ប្រារព្ធ​ពិធីបុណ្យ​ដ៏​ធំ​នៅ​វិមាន​ឈ្នះ​-​ឈ្នះ នា​ថ្ងៃ​២៩ ខែធ្នូ​ខាងមុខ ដើម្បី​បង្ហាញថា​កម្ពុជា​បានបញ្ចប់​សង្គ្រាម​ដោយ​ជោគជ័យ តាមរយៈ​នយោបាយ​ឈ្នះ​-​ឈ្នះ ៕

Tag:
 ពន្ធនាគារ​
  ទោស​
  ឈ្នះ​-​ឈ្នះ
© រក្សាសិទ្ធិដោយ thmeythmey.com