ជាតិ
បវរកញ្ញាអាមេរិកសុំទោសក្រោយចំអកថា បវរកញ្ញាកម្ពុជា និងវៀតណាមអត់ចេះអង់គ្លេស
× បរវកញ្ញាអាមេរិក Sarah Rose Summers រងការរិះគន់យ៉ាងខ្លាំងពេញបណ្តាញសង្គម បន្ទាប់ពីនាងបានចំអកទាក់ទងនឹងអសមត្ថភាពនិយាយភាសាអង់គ្លេសរបស់បវរកញ្ញាកម្ពុជា និងបវរកញ្ញាវៀតណាម ក្នុងព្រឹត្តិការណ៍ Miss Universe នៅប្រទេសថៃ។ ក្រោយការរិះគន់ពេញបណ្តាញសង្គម Summers បានចេញមុខសុំទោសបវរកញ្ញាទាំងពីរ។
ក្នុងការ Live Video មួយតាមបណ្តាញសង្គម Instagram នាង Sarah Rose Summers បានសន្ទនាគ្នាជាមួយបវរកញ្ញាកូឡុំប៊ី Veleria Morales និងបវរកញ្ញាអូស្ត្រាលី Francesca Hung ដោយចោទសំណួរទាក់ទងនឹងបវរកញ្ញាវៀតណាម H’Hen Nie។
បវរកញ្ញាកូឡុំប៊ី និងអូស្ត្រាលី បានកោតសរសើរពីបវរកញ្ញាវៀតណាម ប៉ុន្តែ Summers បានបន្ថែមថា H’Hen Nie សំដែងធ្វើជាចេះអង់គ្លេសច្រើន ហើយបន្ទាប់ពីសន្ទនារួច អ្នកសួរសំណួរទៅគាត់ គាត់ដើរចេញ»។ ក្រោយការចំអកបែបនេះ Summers ព្យាយាមលើកសរសើរគុណសម្បត្តិផ្សេងៗរបស់បវរកញ្ញាវៀតណាម។
បន្ទាប់មក បវរកញ្ញាអាមេរិក បានលើកឡើងពីបវរកញ្ញា រឿន ស៊ីណាត របស់កម្ពុជា។ នាងថា៖ «បវរកញ្ញាកម្ពុជានៅទីនេះ មិនចេះនិយាយភាសាអង់គ្លេសអ្វីឡើយ ហើយក៏គ្មានអ្នកណាម្នាក់ចេះនិយាយភាសារបស់នាងដែរ។ នាងបន្ថែមនិយាយថា បវរកញ្ញាកម្ពុជា ត្រូវស្ថិតក្នុងភាពឯកោ។
កាយវិការរបស់បវរកញ្ញាអាមេរិក រងការរិះគន់យ៉ាងខ្លាំងនៅលើបណ្តាញសង្គម ដែលអ្នកខ្លះថា អ្នកប្រើសំដីបែបនេះ មិនគួរក្លាយជាបេក្ខនារីបវរកញ្ញាលំដាប់ពិភពលោកនោះឡើយ ពីព្រោះភាសាអង់គ្លេស មិនមែនជាលក្ខខណ្ឌនៃការប្រកួតនោះទេ។
ក្រោយការរិះគន់ពេញបណ្តាញសង្គម និងតាមបណ្តាសារព័ត៌មាននានា Summers បានសម្រេចចិត្តបង្ហោះសារសុំទោសរបស់ខ្លួននៅលើ Instagram នាថ្ងៃទី១៤ ខែធ្នូ។ នាងបានសរសេរថា ព្រឹត្តិការណ៍ Miss Universe ជាឱកាសសម្រាប់ស្ត្រីនៅលើពិភពលោកដើម្បីរៀនពីវប្បធម៌គ្នា បទពិសោធន៍ជីវិត និងទស្សនវិស័យពីគ្នាទៅវិញទៅមក។
View this post on Instagram
@MissUniverse is an opportunity for women from around the world to learn about each other’s cultures, life experiences, and views. We all come from different backgrounds and can grow alongside one another. In a moment where I intended to admire the courage of a few of my sisters, I said something that I now realize can be perceived as not respectful, and I apologize. My life, friendships, and career revolve around me being a compassionate and empathetic woman. I would never intend to hurt another. I am grateful for opportunities to speak with Nat, Miss Cambodia, and H’Hen, Miss Vietnam, directly about this experience. These are the moments that matter most to me.
A post shared by Sarah Rose Summers (@sarahrosesummers) on Dec 13, 2018 at 9:41am PST
ជាមួយនឹងពាក្យសុំទោស នាង Summers បានបន្តថា៖ «ជីវិតរបស់ខ្ញុំ មិត្តភាព និងអាជីព នៅវិលជុំវិញខ្លួនខ្ញុំដែលជាស្ត្រីមានមេត្តា និងករុណា។ ខ្ញុំមិនដែលមានបំណងធ្វើឲ្យអ្នកផ្សេងឈឺចាប់ទេ។ ខ្ញុំពិតជារីករាយខ្លាំងណាស់ដែលមានឱកាសនិយាយជាមួយបវរកញ្ញាកម្ពុជា និងបវរកញ្ញាវៀតណាមដោយផ្ទាល់អំពីបទពិសោធន៍នេះ»។
ទោះបីជាយ៉ាងណាក៏ដោយ បវរកញ្ញាកម្ពុជា រឿន ស៊ីណាត និងបវរកញ្ញាវៀតណាម H’Hen Nie មិនបានប្រកាន់ទោសអូសដំណើរនោះឡើយ ដោយពួកគាត់លើកឡើងតែពីមិត្តភាព និងការគោរពគ្នាទៅវិញទៅមកតែប៉ុណ្ណោះ៕
Tag:
បវរកញ្ញា
Miss Universe
© រក្សាសិទ្ធិដោយ thmeythmey.com