ជាតិ
២៥ខេត្ត/រាជធានី
ស្ពាន​ឫស្សី​កោះ​ប៉ែន សាងសង់​ថែម​១០០​ម៉ែត្រ​ទៀត ដើម្បី​ត្រៀមខ្លួន​ទទួល​កំណើន​ភ្ញៀវ​ទេសចរ
16, Dec 2018 , 8:59 am        
រូបភាព
ដោយ:
​កំពង់ចាម​៖  ស្ពាន​ឫស្សី​(​ប្រដឹស​)​ឆ្លងទៅ​ឆ្នេរ​ខ្សាច់​កោះ​ប៉ែន នឹង​បើក​សម្ភោ​ធ​នៅមុន​ថ្ងៃទី​២៥​ខែធ្នូ ឆ្នាំ​២០១៨​ខាងមុខនេះ​។  ស្ពាន​ឫស្សី​ដែល​ធ្វើ​សម្រាប់​ឲ្យ​ភ្ញៀវ​ឆ្លង​ទៅលេង​ឆ្នេរ​ខ្សាច់​នេះ មាន​ប្រវែង​រហូត​ទៅដល់​៨០០​ម៉ែត្រ ពោលគឺ​មានការ​សាងសង់​បន្ថែម​១០០​ម៉ែត្រ​ទៀត បើ​ធៀប​នឹង​ឆ្នាំ​២០១៧​។

 

 
​លោក ប៊ុន តា​រ៉ា ជា​ប្រធាន​សមាគម​នៃ​រមណីយ​ដ្ឋា​ន​ឆ្នេរ​ខ្សាច់​កោះ​ប៉ែន បាន​និយាយថា ស្ពាន​ឫស្សី​នឹង​បើក​ឲ្យ​ភ្ញៀវ​ទេសចរ​ធ្វើដំណើរ​ឆ្លងកាត់​ដោយ​កង់ និង​ថ្មើរជើង នា​ថ្ងៃបុណ្យ​ណូអែល​ខាងមុខនេះ​។​ថ្លែងប្រាប់​អ្នកសារព័ត៌មាន​ThmeyThmey 25 លោក តា​រ៉ា បាន​និយាយថា ស្ពាន​ឫស្សី​ដែលមាន​សាងសង់​នៅ​ឆ្នាំនេះ មាន​ប្រវែង​រហូត​ទៅដល់​៨០០​ម៉ែត្រ ហើយ​ត្រូវ​ចំណាយ​ដើមទុន​អស់​ប្រមាណ​ជាង​៣​ម៉ឺន​ដុល្លារ​ជា​រៀងរាល់ឆ្នាំ ព្រោះ​ស្ពាន​នេះ អាច​ប្រើប្រាស់​បានត្រឹមតែ​មួយរ​ដូ​វ​ប្រាំង​ប៉ុណ្ណោះ ពោលគឺ​ចន្លោះ​ពី​ខែធ្នូ​រហូត​ទៅដល់​ខែឧសភា ។​
 
​ប្រធាន​សមាគមដដែល បាន​បញ្ជាក់ថា «​ឆ្នាំនេះ​លោក​បាន​ពង្រីក​ស្ពាន​ថែម​១០០​ម៉ែត្រ​ទៀត​ដើម្បី​ផ្តល់​ភាពងាយស្រួល​ដល់​ភ្ញៀវ​ទេសចរ និង​បញ្ចៀស​ការកកស្ទះ នៅពេល​ចំនួន​ភ្ញៀវ​ទេសចរ​កើនឡើង ខណៈ​ដែលមាន​បុណ្យទាន ដូចជា​ឆ្លង​ឆ្នាំ​សកល​,​ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ​,​ថ្ងៃ​សម្រាក​ចុង​សប្តាហ៍ និង​ពិធី​បុណ្យជាតិ​ផ្សេងៗ »​។​
 
​ភ្ញៀវទេសចរ ដែល​ចូល​មកលេង​នៅទីនេះ អាចមាន​ជម្រើស​ពីរ​ក្នុងការ​ធ្វើដំណើរ ដោយ​ជម្រើស​ទីមួយ ភ្ញៀវទេសចរ​អាចធ្វើ​ដំណើ​រ​តាម​ស្ពាន​កោះ​ប៉ែន​ថ្មី​ចូលមក​តាម​ភូមិ ឬ អាច​ផ្ញើរ​យានជំនិះ​នៅលើ​ច្រាំងទន្លេ រួច​ក៏​បន្តដំណើរ​ដោយ​ថ្មើរជើង ឬ​ជិះ​កង់​តាម​ស្ពាន​ឫស្សី​ក៏បាន​។ 
 
​បើតាម​លោក តារា ការជួល​តង់​សម្រាប់​បោះជំរំ​ស្នាក់នៅ​ជា​ក្រុម ក្នុង​តង់​មួយ​តម្លៃ​១០​ដុល្លារ និង​មាន​អាហារ​២​ពេល គឺ​អាហារ​ថ្ងៃត្រង់​និង​អាហារ​ពេល​ល្ងាច ដែល​បាន​បូក​បញ្ចូល​រួចជាស្រេច​ជាមួយ​ថ្លៃ​តង់​។  «​សូម​ធានា​ទៅលើ​តម្លៃ​សេវាកម្ម​នឹងមិន​ប្រែប្រួល​ទាំង​ថ្ងៃបុណ្យ​និង​ថ្ងៃ​ធម្មតា​។ ក្នុងនោះដែរ​សមាគម​របស់លោក​ក៏មាន​បញ្ជាក់​ពី​តារាង​តម្លៃ​សេវាកម្ម​នានា​របស់​រម​ណី​យ​ដ្ឋា​ន​នេះ​ដើម្បី​ផ្ដល់​ភាពងាយស្រួល​ដល់​ភ្ញៀវ​ដែល​ចូលមក​កំសាន្ត​នៅ​រមណីយដ្ឋាន​ធម្មជាតិ​មួយ​»​។ នេះ​បើតាម​ប្រធាន​សមាគមរមណី​យដ្ឋា​ន​ឆ្នេរ​ខ្សាច់​កោះ​ប៉ែន ៕
 

Tag:
 ស្ពាន​ឫស្សី​
 ​ឆ្នេរ​ខ្សាច់​
 ​ទេសចរណ៍​
 ​កំពង់ចាម​
 ThmeyThmey25
© រក្សាសិទ្ធិដោយ thmeythmey.com