ជាតិ
លោក ហង់ សារ៉ា វ័យ៧០ឆ្នាំ លក់ជ្រក់ស្ពៃដោយគ្មានប្រើជាតិគីមី ព្រោះចង់មានកេរ្តិ៍ឈ្មោះល្អ
× ភ្នំពេញ៖ លោក ហង់ សារ៉ា ជាអ្នកធ្វើស្ពៃជ្រក់ ឆៃថាវ និងធ្វើសណ្តែកបណ្តុះធម្មជាតិលក់ នៅទីក្រុងភ្នំពេញ ក្នុងរយៈពេលជាង១០ មកហើយ។ មិនថាស្ពៃជ្រក់ និងសណ្តែកបណ្តុះធម្មជាតិ ឬអ្វីផ្សេងៗ ដែលបុរសវ័យ៧០ឆ្នាំរូបនេះធ្វើយកទៅលក់ គឺមានតម្លៃខ្ពស់ជាងអ្នកលក់ផ្សេងៗនៅលើទីផ្សារ។ ប៉ុន្តែអតិថិជន មិនដែលសាញនឹងតម្លៃជ្រក់ និងសណ្ដែកបណ្ដុះរបស់លោកតាវ័យ៧០ឆ្នាំនេះឡើយ ដោយសារពួកគេជឿជាក់លើគុណភាពទំនិញ។
ស្ពៃជ្រក់ដែលលោក ហេង សារ៉ា បានធ្វើលក់ មានតម្លៃ១២,០០០រៀល និងសណ្តែកបណ្តុះមានតម្លៃ៥០០០រៀល ក្នុងមួយគីឡូក្រាម។ មូលហេតុដែលលោក លក់ថ្លៃជាងគេនេះ ដោយសារតែលោកមិនបានប្រើសារធាតុគីមីឡើយលើការផលិតជ្រក់នេះ ពោលគឺលោកធ្វើអ្វីទៅតាមចាស់ៗពីដើមប៉ុណ្ណោះ។
ក្នុងបទសម្ភាសជាមួយសារព័ត៌មានថ្មីៗ បុរសចំណាស់រូបនេះ បាននិយាយថា ៖«ទំនិញរបស់ខ្ញុំលក់ថ្លៃជាងគេក៏ពិតមែន ប៉ុន្តែអ្នកទិញរកតែរបស់ខ្ញុំទេ ដោយសារតែគេដឹងពីគុណភាពថាល្អ និងមានសុវត្ថិភាពក្នុងការបរិភោគ។ ខ្ញុំរកតែកម្លាំងធ្វើលក់ឲ្យពួកគេសឹងនឹងបានផង»។
លោកតាវ័យ៧០ឆ្នាំរូបនេះ បាននិយាយថា រាល់ស្ពៃ ឆៃថាវ និងអ្វីផ្សេងៗ ដែលលោកទិញយកមកធ្វើជ្រក់នេះ គឺលោកនិងភរិយា ត្រូវដឹងពីគុណភាពបន្លែនីមួយៗសិន ទោះបីមានតម្លៃខ្ពស់ក៏ដោយ។ បើតាមលោកតា សារ៉ា មូលហេតុដែលលោកធ្វើបែបនេះ ដោយសារតែលោក ចង់មានកេរ្តិ៍ឈ្មោះល្អ ពីការលក់ដូររបរតូចតាចនេះ។
«លុយនរណាមិនចង់បាននោះ ប៉ុន្តែដាច់ខាតខ្ញុំធ្វើមិនដាក់សារធាតុគីមីដូចគេឡើង ព្រោះខ្ញុំគិតពីបញ្ហាសុខភាព ជាចម្បង។ ម្យ៉ាងវិញទៀត ខ្ញុំក៏ចង់មានកេ្តរ៍ឈ្មោះល្អ តាមរយៈអ្នកទិញរបស់ខ្ញុំហូប។ ហើយតម្លៃនៃការលក់របស់ខ្ញុំ គឺវាបានឆ្លើយតបទៅនឹងអ្នកទិញមែន ដោយមានគាំទ្រច្រើន និងសាញពីតម្លៃ»។ នេះជាការបញ្ជាក់របស់លោក ហង់ សារ៉ា ដែលបានបន្ថែមថា ក្នុងមួយរដូវកាលតាមប្រភេទបន្លែនីមួយៗ លោកអាចទទួលប្រាក់ចំណេញបានប្រមូល៣ទៅ៤ដង និងអាចទទួលបានប្រាក់ ពី៤០ម៉ឺលរៀលទៅ៦០ម៉ឺនរៀល។
ក្រៅពីចេះធ្វើជ្រក់បន្លែគ្រប់ប្រភេទ និងចេះបណ្តុះសណ្តែកតាមវិធីសាស្ត្រធម្មជាតិហើយ អតីតស្មៀនទាហានរូបនេះ នៅចេះធ្វើត្រប៉ែបាយ ត្រប៉ែពោតជាដើម។ ប៉ុន្តែរបបរទាំងនេះ គឺមិនមែនជាមុខរបរប្រចាំថ្ងៃឡើយ ពោលគឺលោកធ្វើវា តែនៅពេលទំនេរប៉ុណ្ណោះ៕
Tag:
ស្ពៃជ្រក់
ហង់ សារ៉ា
© រក្សាសិទ្ធិដោយ thmeythmey.com