បន្ទាប់ពីបញ្ចប់ការប្រកួតវគ្គសន្សំពិន្ទុតាមពូលពី A ដល់ L ទាំង៤៨ក្រុម នៃក្របខណ្ឌ UEFA Europa League នារាត្រីថ្ងៃទី១៣ ខែធ្នូ សហព័ន្ធកីឡាបាល់ទាត់អឺរ៉ុប UEFA បានរកឃើញក្រុមចំនួន២៤ រួមជាមួយ៨ក្រុមដែលធ្លាក់ពី Champions League ដើម្បីឈានទៅប្រជែងនៅវគ្គ៣២ក្រុមចុងក្រោយ។
ការចាប់ឆ្នោតរើសគូ វគ្គ៣២ក្រុមផ្តាច់ព្រ័ត្រក្នុងក្របខណ្ឌលំដាប់ទី២អឺរ៉ុប នឹងត្រូវធ្វើឡើងនៅថ្ងៃទី ១៧ ខែធ្នូ ឆ្នាំ២០១៨ នៅឯទីស្នាក់ការកណ្តាល UEFA ដែលស្ថិតក្នុងក្រុង Nyon ប្រទេសស្វីស បន្ទាប់ពីការចាប់ឆ្នោតរើសគូ វគ្គ១/៨ផ្តាច់ព្រ័ត្រ Champions League រួចរាល់។
ដំណើរការចាប់ឆ្នោតវគ្គ៣២ក្រុម Europa League ក៏មិនខុសពីការចាប់ឆ្នោត Champions League វគ្គ១៦ក្រុមចុងក្រោយដែរ ដោយត្រូវចែកជាពីរក្រុម។ ក្រុមទី១ សម្រាប់ក្រុមដែលបានពិន្ទុខ្ពស់ជាងគេពីការប្រកួតវគ្គសន្សំពិន្ទុតាមពូលចំនួន១២ក្រុម រួមជាមួយក្រុម៤ ដែលធ្លាក់ពី UCL ដែលមានពិន្ទុល្អជាងគេ។ ចំណែកក្រុមទី២ សម្រាប់ក្រុមដែលទទួលបានចំណាត់ថ្នាក់ទី២ ពីការប្រកួតវគ្គសន្សំពិន្ទុតាមពូលចំនួន១២ក្រុម រួមជាមួយក្រុម៤ ដែលធ្លាក់ពី UCL។ ក្រុមទី១ នឹងត្រូវចាប់ឆ្នោតប៉ះក្រុមទី២ដែលស្ថិតក្នុងពូលផ្សេងទៀតកាលពីលេងវគ្គសន្សំពិន្ទុ។
ក្រុម១ មាន៖ Arsenal, Benfica*, Betis, Chelsea, Dinamo Zagreb, Dynamo Kyiv, Frankfurt, Genk, Internazionale Milano*, Leverkusen, Napoli*, Salzburg, Sevilla, Valencia*, Villarreal និង Zenit។
ក្រុម២ មាន៖ BATE Borisov, Celtic, Club Brugge*, Fenerbahçe, Galatasaray*, Krasnodar, Lazio, Malmö, Olympiacos, Rapid Wien, Rennes, Slavia Praha, Sporting CP, Shakhtar Donetsk*, Viktoria Plzeň* និង Zürich។
ការប្រកួតជើងទី១សម្រាប់វគ្គ៣២ក្រុមចុងក្រោយនេះ នឹងប្រព្រឹត្តទៅនៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ ២០១៩ ហើយជើងទី២ នឹងត្រូវធ្វើឡើងនៅសប្តាហ៍បន្ទាប់៕