អន្តរជាតិ
វៀតណាម ចង់​ធ្វើ​ម្ចាស់ផ្ទះ​ជំនួប​ត្រាំ​-​គីម លើក​ទី​២
14, Dec 2018 , 1:46 pm        
រូបភាព
​ខណៈ​ជំនួប​លើក​ទី​២ រវាង​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ និង​មេដឹកនាំ​កូរ៉េខាងជើង គីម ជុង​អ៊ុន មិនទាន់មាន​គម្រោង​ច្បាស់​នៅឡើយ​នោះ គេ​ឃើញ​មានការ​ជជែក​ច្រើន​ពី​ទីតាំង​ដែល​ត្រូវ​រៀបចំ​។ វៀតណាម ដែលជា​មិត្ត​ជិតស្និទ្ធ​មួយ​របស់​កូរ៉េខាងជើង បានបង្ហាញ​បំណង​ធ្វើ​ម្ចាស់ផ្ទះ​ជំនួប​ទី​២ នេះ​។ ប៉ុន្តែ​គេ​មិនដឹងថា ជំនួប​ត្រាំ​-​គីម លើក​នេះ អាច​កើតឡើង​តាម​គម្រោង​ឬ​យ៉ាងណា​ឡើយ ព្រោះ​ត្រូវ​ចាំ​មើលថា លោក គីម ទៅ​សេ​អ៊ូ​ល​ពេលណា​សិន​។​

 
​តើ​ជំនួប​រវាង​លោក ដូ​ណា​ល់ ត្រាំ និង​លោក គីម ជុង​អ៊ុន អាចធ្វើ​នៅ​តំបន់​អាស៊ាន​ម្ដងទៀត​ឬទេ បើ​ជំនួប​លើក​ទី​១ ធ្វើ​នៅ​សិង្ហ​បុរី​ម្ដង​ហើយ​នោះ​? រដ្ឋ​សមាជិក​អាស៊ាន​វៀតណាម បាន​ប្រាប់​កូរ៉េខាងត្បូង​ថា ខ្លួន​ចង់​ធ្វើ​ម្ចាស់ផ្ទះ​ជំនួប​លើក​ទី​២ នេះ​។ នេះ​បើតាម​ការផ្សាយ​របស់​ទូ​រទស្ស​ន៍​អាមេរិក CNN នៅ​ថ្ងៃទី​១៣ ខែធ្នូ ដោយ​ស្រង់​ប្រភពពី​មន្ត្រី​កូរ៉េខាងត្បូង​។​
 
​តាមពិតទៅ វៀតណាម ត្រូវបាន​ប្រព័ន្ធ​ផ្សព្វផ្សាយ​ជាច្រើន​រាយការណ៍​ថា ស្ថិតក្នុង​ចំណោម​ប្រទេស​បី​ដែលមាន​សក្ដានុពល​រៀបចំ​ជំនួប​ដ៏​ធំ​នេះ​។ ប្រទេស​ពីរ​ទៀត គឺ​ឥណ្ឌូណេស៊ី​ដែលជា​សមាជិក​មួយ​រប​ស់អា​ស៊ាន និង​ម៉ុង​ហ្គោ​លី​។ កន្លងមក លោក​ប្រធានាធិបតី ត្រាំ ក៏​ធ្លាប់បាន​បង្ហើប​ដែរ​ថា មាន​ប្រទេស​បី​ហើយ​ដែល​ស្ថិតក្នុង​ការពិចារណា ប៉ុន្តែ​គេ​មិនដឹងថា លោក​ចង់​សំដៅ​ប្រទេស​ណា​ទាំង​៣ នេះ​យ៉ាងណា​នោះឡើយ​។  
 
​យ៉ាងណាមិញ គម្រោង​ជំនួប​នេះ​នៅ​មិនទាន់​ច្បាស់​នៅឡើយ​ទេ ដ្បិត​រង់ចាំ​គម្រោង​ទស្សនកិច្ច​របស់លោក គីម នៅ​កូរ៉េខាងត្បូង​សិន​។ កាលពី​ខែកញ្ញា ប្រធានាធិបតី​កូរ៉េខាងត្បូង មូ​ន ចេ​អ៊ី​ន រំពឹងថា លោក គីម នឹង​ទៅកាន់​រដ្ឋធានី​សេ​អ៊ូ​ល​នៅក្នុង​ឆ្នាំ​២០១៨ នេះ​។ ប៉ុន្តែ​មន្ត្រី​កូរ៉េខាងត្បូង​បាន​ប្រាប់ CNN ថា លទ្ធភាព​នៃ​ដំណើរ​ទស្សនកិច្ច​របស់​ប្រមុខ​ដឹកនាំ​កូរ៉េខាងជើង​នៅមុន​ដំណាច់​ឆ្នាំនេះ ខិតជិត​ទៅរក​សូន្យ​ទៅហើយ​។ 
 
​ក្នុងករណី​ជំនួប​រវាង​លោក មូ​ន និង​លោក គីម មិនទាន់​កើតមាន​នោះ គម្រោង​ជំនួប​ត្រាំ​-​គីម ក៏ត្រូវ​លើក​ពេល​តាម​នោះដែរ​។ ជុំវិញ​ជំនួប​លើក​ទី​២ នេះ លោក ត្រាំ និង​ទីប្រឹក្សា​របស់លោក​បាន​អះអាងថា ជំនួប​លើក​ក្រោយ​អាច​កើតឡើង​នៅ​ខែមករា ឬ​កុម្ភៈ​ឆ្នាំ​២០១៩ ខាងមុខ​។ ប្រធានបទ​វិញ ក៏​ទំនង​គ្មានអ្វី​ក្រៅពី​ការបន្ត​ជជែក​លើ​ការរំសាយ​នុយក្លេអ៊ែរ​កូរ៉េខាងជើង​ដែរ ខណៈ​ការចរចា​សព្វថ្ងៃ​មិនមាន​លទ្ធផល​អ្វី​ទេ​។​
 
​សូម​បញ្ជាក់ដែរថា ប្រមុខ​ការទូត​កូរ៉េខាងជើង រី យ៉ុង​ហូ ក៏​ទើប​បញ្ចប់​ទស្សនកិច្ច​នៅ​វៀតណាម និង​ម៉ុង​ហ្គោ​លី​នៅពេល​ថ្មីៗ​នេះ​។ ទាំង​វៀតណាម ទាំង​ម៉ុង​ហ្គោ​លី ព្រមទាំង​ឥណ្ឌូណេស៊ី​ដែរនោះ សុទ្ធតែជា​សម្ព័ន្ធមិត្ត​ជិតស្និទ្ធ​យូរ​ឆ្នាំ​របស់​កូរ៉េខាងជើង ហើយ​ក៏មាន​ស្ថានទូត​នៅតាម​ប្រទេស​រៀងៗ​ខ្លួន​ដែរ​៕ 
 

Tag:
 ​វៀតណាម​
  អាមេរិក​
  កូរ៉េខាងជើង
© រក្សាសិទ្ធិដោយ thmeythmey.com