អន្តរជាតិ
អាមេរិក​ចង់​ទប់ស្កាត់​ឥទ្ធិពល​ចិន​និង​រុស្ស៊ី​នៅ​អាហ្វ្រិក តែ​មិន​ចង់​ចាយលុយ​ធំ​ដូច​គេ​
14, Dec 2018 , 7:39 pm        
រូបភាព
​ទីប្រឹក្សា​សន្តិសុខ​ជាតិ​អាមេរិក ច​ន ប៊ូល​តុ​ន នៅ​ថ្ងៃទី​១៣ ខែធ្នូ បានប្រកាស​យុទ្ធសាស្ត្រ​របស់​រដ្ឋបាល​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ សម្រាប់​ទ្វីបអាហ្វ្រិក​។ លោក ប៊ូល​តុ​ន អះអាងថា យុទ្ធសាស្ត្រ​ថ្មី​នេះ​មាន​គោលដៅ​ទប់ស្កាត់​ឥទ្ធិពល​ចិន និង​រុស្ស៊ី​នៅ​អាហ្វ្រិក ខណៈ​មហាអំណាច​ទាំងពីរ​នេះ​កំពុង​បញ្ជ្រៀប​ឥទ្ធិពល​របស់ខ្លួន​ពាសពេញ​ទ្វីប​មួយ​នេះ​។ ទោះ​ចង់​ទប់ស្កាត់​គេ​ក្ដី អាមេរិក​បែរជា​មិន​ចង់​ចំណាយលុយ​ច្រើន​ទៅវិញ​។​

 
​សហរដ្ឋអាមេរិក​ក្រោម​រដ្ឋបាល​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ ហាក់​មិនសូវ​ខ្វល់ខ្វាយ​ពី​តំបន់​អាហ្វ្រិក​ឡើយ​។ អវត្តមាន​ឥទ្ធិពល​អាមេរិក ធ្វើ​ឲ្យ​ចិន និង​រុស្ស៊ី​ឆ្លៀត​ពង្រីក​ឥទ្ធិពល​របស់ខ្លួន​យ៉ាងខ្លាំង ដែល​ធ្វើ​ឲ្យ​អាមេរិក​បារម្ភ​ខ្លាំង​។ នៅ​ថ្ងៃទី​១៣ ខែធ្នូ លោក ច​ន ប៊ូល​តុ​ន ទីប្រឹក្សា​សន្តិសុខ​ជាតិ​របស់លោក ត្រាំ បាន​ដាក់ចេញ​យុទ្ធសាស្ត្រ​ថ្មី​សម្រាប់​អាហ្វ្រិក សំដៅ​ទប់ទល់​គូប្រជែង​ទាំងពីរ​នេះ និង​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ជាមួយ​រដ្ឋ​អាហ្វ្រិក​ផង​។​
 
​ក្នុង​កម្មវិធី​នៅឯ Heritage Foundation លោក ប៊ូល​តុ​ន បាន​រិះគន់​របៀប​អនុវត្ត​គោលនយោបាយ​របស់​ចិន និង​រុស្ស៊ី​នៅ​ទ្វីប​មួយ​នេះ​តាម​វិធីសាស្ត្រ​ជញ្ជក់​ឈាម​គេ​។ លោក​បញ្ជាក់​ដូច្នេះ​ថា​៖ «​នយោបាយ​ចិន និង​រុស្ស៊ី​ធ្វើ​ឲ្យ​កំណើនសេដ្ឋកិច្ច​អាហ្វ្រិក​ជាប់គាំង គំរាម​ភាព​ឯករាជ្យ​ហិរញ្ញវត្ថុ​របស់​ប្រ​ទេ​អាហ្វ្រិក រារាំង​ឱកាស​រកស៊ី​របស់​អាមេរិក លូកលាន់​ប្រតិបត្តិការ​យោធា​អាមេរិក និង​បង្ក​ការគំរាមកំហែង​ដល់​សន្តិសុខ​ជាតិ​អា​មេ​រក​ផង​។​»
 
​ប្រឈមមុខ​ឥទ្ធិពល​ចិន និង​រុស្ស៊ី អាមេរិក​នឹង​ចំណាយ​ច្រើន និង​បង្កើន​ការចាប់អារម្មណ៍​លើ​ទ្វីប​មួយ​នេះ ដែល​ត្រូវបាន​ចាត់ទុកជា​ទីលាន​ប្រជែង​រវាង​អាមេរិក និង​គូប្រជែង​របស់ខ្លួន​ជាពិសេស​ចិន​តែម្ដង​។ យ៉ាងណាមិញ មន្ត្រី​អាមេរិក​ដដែល​នេះ​ហាក់​ទទួលស្គាល់ថា ធនធាន​របស់​អាមេរិក​នៅមានកម្រិត​ក្នុងការ​ប្រកួតប្រជែង​ជាមួយ​ចិន​ដែល​សម្បូរ​ដោយ​លុយ​មិនសូវ​ខ្វះ​។ សម្រាប់​អាហ្វ្រិក ក្រុង​វ៉ាស៊ីនតោន​នឹង​ចាយ​ត្បិតត្បៀត​ច្រើនជាង​មុន និង​កាត់​ផ្ដាច់ជំនួយ​ដែល​មិនមាន​ប្រសិទ្ធភាព​។​
 
​បើតាម​កាសែត The New York Times ទីប្រឹក្សា​លោក ត្រាំ រូបនេះ ក៏​គំរាម​ដក​ជំនួយ​អាមេរិក​ពី​កញ្ចប់​ថវិកា​បេសកកម្ម​រក្សា​សន្តិភាព​នៅតាម​ប្រទេស​អាហ្វ្រិក​ខ្លះ​ដែល​លោក​យល់ថា មិនសូវ​បានការ​អ្វី​សោះ​ដូចជា​នៅ​ស៊ូដង់​ខាងត្បូង​ជាដើម​។ លោក​ចាត់ទុក​រដ្ឋ​ក្មេង​ខ្មី​មួយ​នេះ​ថា ជា​ប្រទេស​ពុករលួយ និង​មិនចេះ​ដឹងគុណ​។ 
 
​ការ​សូវ​យកចិត្តទុកដាក់​របស់​រដ្ឋបាល​លោក ត្រាំ លើ​ទ្វីបអាហ្វ្រិក​នាពេល​កន្លងមក បាន​ក្លាយជា​ឱកាសល្អ​សម្រាប់​ចិន​ក្នុង​ពង្រីក​ឥទ្ធិពល​របស់ខ្លួន​។ តាមរយៈ​ការផ្ដល់​ជំនួយ កម្ចី​ប្រាក់​រាប់ពាន់​លាន​ដុល្លារ និង​ការសាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​ផ្សេងៗ ធ្វើ​ឲ្យ​ចិន​អាចឈរជើង​បាន​នៅ​តំបន់​មួយ​នេះ​។ ប៉ុន្តែ​ការព្រួយបារម្ភ​ក៏​កើនឡើង​ដែរ​ក្នុងចំណោម​ប្រទេស​អាហ្វ្រិក​ខ្លះ​ចំពោះ​អនាគត​របស់ខ្លួន ជាពិសេស​បញ្ហា​បំណុល​តែម្ដង ខណៈ​មាន​បទពិសោធ​នៅ​ប្រទេស​ខ្លះ​ដែល​ត្រូវប្រគល់​ឲ្យ​ចិន​គ្រប់គ្រង​នូវ​ទ្រព្យសម្បត្តិ​មួយចំនួន ព្រោះ​គ្មាន​លទ្ធភាព​សងបំណុល​៕
 

Tag:
 អាហ្វ្រិក​
  ចិន​
  អាមេរិក​
© រក្សាសិទ្ធិដោយ thmeythmey.com