ជាតិ
លោក ស៊ុន ចាន់ថុល​៖ រដ្ឋ​ត្រូវ​ខាត​បង់លុយ​រាប់លាន​ដុល្លារ លើ​ករណី​រំលោភ​ចំណីផ្លូវ​
14, Dec 2018 , 8:19 pm        
រូបភាព
​ភ្នំពេញ​៖ ករណី​រំលោភ​ចំណីផ្លូវ នៅតែ​ជា​បញ្ហាលំបាក​សម្រាប់​អាជ្ញាធរ​ដោះស្រាយ​។ បញ្ហា​នេះ តែងតែ​កើតឡើង​នៅពេលដែល​រដ្ឋាភិបាល ចាប់ផ្ដើម​អនុ​វ​គោលការណ៍​ព​ង្រឹ​ក​ផ្លូវថ្នល់​។ រដ្ឋាភិបាល ខាតបង់​ថវិកា​រាប់លាន​ដុល្លារ លើ​បញ្ហា​រំលោភ​ចំណីផ្លូវ​នេះ​។​

 
​រដ្ឋមន្ត្រីក្រសួង​សាធារណៈការ និង​ដឹកជញ្ជូន លោក ស៊ុន ចាន់ថុល បាន​និយាយថា ក្រសួង​តែងតែ​ជួប​បញ្ហាលំបាក​នៅពេល​ព​ង្រី​ក​ផ្លូវ​ម្ដងៗ ដោយសារតែ​ពលរដ្ឋ​ខ្លះ មិន​ព្រម​រើចេញ​ពី​ដី​ចំណីផ្លូវ ខណៈដែល​ពួកគាត់​មក​រំលោភ​លើដី​របស់​រដ្ឋ ហើយ​ទាមទារ​ឲ្យ​ក្រសួង​សង​សំណង​ទៅលើ​ពួកគេ​។ ដោយសារតែ​បញ្ហា​នេះហើយ ទើប​រដ្ឋាភិបាល​បាន​ចំណាយ​ថវិកា​អស់​រាប់លាន​ដុល្លារ ដើម្បី​ដោះស្រាយ​បញ្ហា​រំលោភ​ចំណីផ្លូវ​នេះ​។ 
 
​ថ្លែង​ក្នុង​ពិធី​ដាក់​ឲ្យ​ដំណើរការ​ជា​ផ្លូវការ​កម្មវិធី​ថែទាំ​ផ្លូវ កាលពី​ថ្ងៃទី​១៣ ខែធ្នូ ឆ្នាំ​២០១៨ រដ្ឋមន្ត្រីក្រសួង​សាធារណៈការ​រូបនេះ បាន​និយាយថា​៖ « យើង​សុំ​ឲ្យ​ពួកគាត់​រើចេញ គាត់​មិន​រើចេញ​ទៀត ពេល​យើង​ធ្វើ​ផ្លូវ​ម្ដងៗ ចំណីផ្លូវ​របស់​យើង​សោះ តែ​ពេល​ត្រូវ​ពង្រីក​ផ្លូវ ផលប៉ះពាល់​ត្រូវ​សង​គាត់​រាប់លាន​ដុល្លារ​អាមេរិក ។​បើ​មិន​សង់​ទេ សិទ្ធិមនុស្ស​និយាយ​តែ​ផ្ដេ​ស​តែ​ផ្ដាស  អង្គការក្រៅរដ្ឋាភិបាល​នៅ​ពីក្រោយ​ខ្នង​ទៀត ហើយ​បើ​មាន​អ្នក​ញុះញង់​នៅ​ពីក្រោយ​ទៀត​វីវរ​តែម្ដង ។​ផ្លូវ​យើង​សោះ ដី​របស់​រដ្ឋ​យើង​សោះ គាត់​យកទៅ​ធ្វើ​កន្លែង​លក់ដូរ ដល់ពេល​រើ​ត្រូវ​សង​រាប់លាន​ដុល្លារ អ៊ីចឹង​យើង​ត្រូវអនុវត្ត​ច្បាប់​ឲ្យ​បាន​ម៉ឺងម៉ាត់​មែនទែន​»​។​
 
​ជាមួយគ្នានេះ​លោក ស៊ុន ចាន់ថុល ស្នើ​ដល់​អាជ្ញាធរ​អនុវត្ត​ច្បាប់​ចំណីផ្លូវ​ឲ្យ​បាន​ត្រឹមត្រូវ ដើម្បី​កាត់បន្ថយ​ការកកស្ទះ​ចរាចរណ៍ និង​ជួយ​ការពារ​ផ្លូវ មិន​ឲ្យ​ខូច​មុនពេល​កំណត់ ជាពិសេស​ទប់ស្កាត់​ការរំលោភ​ចំណីផ្លូវ​ជាដើម​។ « ខ្ញុំ​សូម​សំណូមពរ​ដល់​អជ្ញាធរ​ដែនដី​ទាំងអស់ សូមមេត្តា​អនុវត្ត​ច្បាប់​ចំណីផ្លូវ​ដែលមាន​ស្រាប់ មិនអាច​ប្រើប្រាស់​ចំណីផ្លូវ​ជា​កន្លែង​លក់ដូរ​បានទេ ហើយ​មិនអាច​សង់ផ្ទះ​របស់គាត់​ខ្ពស់ជាង​ផ្លូវ​បានទេ ទឹក​ហូរ​អត់​ចូល​លូ វា​ហូរ​លើផ្លូវ​របស់​យើង ដែល​ធ្វើ​ឲ្យ​ផ្លូវ​របស់​យើង​ខូចខាត យើង​សង្ឃឹមថា​អាជ្ញាធរ​ទាំងអស់​អនុវត្ត​តាមច្បាប់ ដែល​យើង​មាន​ជា​ធរមាន​»​។ នេះ​ជាការ​អំពាវនាវ​របស់​អាជ្ញាធរ​។ 
 
​មាត្រា​៨ ក្នុង​អនុ​ក្រឹ​ត​ស្តីពី ការគ្រប់គ្រង​ដី​ចំណី​តាម​បណ្ដោយ​ផ្លូវជាតិ និង​ផ្លូវ​រថភ្លើង នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ចែងថា  ដី​ចំណីផ្លូវ ត្រូវបាន​កំណត់​សម្រាប់​បម្រើការ​អភិវឌ្ឍ​វិស័យ​ហេ​ដ្ឋា​រចនាសម្ព័ន​រូបវន្ត ដូចតទៅ​៖ ផ្លូវជាតិ​កម្រិត​១ ដី​ចំណីផ្លូវ​មាន​ប្រវែង​៣០​ម៉ែត្រ​ពី​សងខាង​អ័ក្ស​ផ្លូវ​។  ផ្លូវជាតិ​កម្រិត​២ ដី​ចំណីផ្លូវ​មាន​ប្រវែង ២៥​ម៉ែត្រ ពី​សងខាង​អ័ក្ស​ផ្លូវ​៕
 

Tag:
 ចំណីផ្លូវ​
  លោក ស៊ុន ចាន់ថុល​
  ជាតិ
© រក្សាសិទ្ធិដោយ thmeythmey.com