ជាតិ
សេដ្ឋកិច្ច
២៥ខេត្ត/រាជធានី
អ្នកស្រី ព្រំ យ៉ុ​ន មាន​ចំណូល​ជាង​២​ម៉ឺន​ដុល្លារ​ក្នុង​មួយឆ្នាំ ពី​ត្រសក់ផ្អែម​៥​ពាន់​ដើម​
16, Dec 2018 , 4:59 pm        
រូបភាព
អ្នកស្រី ព្រំ យ៉ុន ជាកសិកម្មដាំត្រសក់ផ្អែម នៅស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ
អ្នកស្រី ព្រំ យ៉ុន ជាកសិកម្មដាំត្រសក់ផ្អែម នៅស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ
​ភ្នំពេញ​៖ អ្នកស្រី ព្រំ យ៉ុ​ន កសិករ​ដាំ​ត្រសក់ផ្អែម នៅ​ស្រុក​អន្លង់វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ និង​ជា​តំណាង​អ្នក​ដាំ​ដំណាំ​ត្រសក់ផ្អែម ក្នុង​សមាគមន៍​ចំនួន​១៦០​គ្រួសារ ក្នុង​ខេត្តសៀមរាប ឧ​ត្ត​រ​មានជ័យ និង​បន្ទាយមានជ័យ​។ តំណាង​អ្នក​ដាំ​ត្រសក់ផ្អែម​រូបនេះ បាន​ចូលរួម​ក្នុង​ពិព័រណ៍​«​ផលិតផល​ខ្មែរ និង​ផលិតផល​នាំចេញ​-​នាំចូល​កម្ពុជា​» លើក​ទី​១៣ ដែល​រៀបចំ​នៅ​កោះ​ពេជ្រ កាលពី​ថ្ងៃទី​៩ ខែធ្នូ កន្លងទៅ​។​

 
​អ្នកស្រី ព្រំ យ៉ុ​ន និង​គ្រួសារ​បានចាប់ផ្តើម​ដាំ​ដុះ​ត្រសក់ផ្អែម​នេះ រយៈពេល​៧​ឆ្នាំ​មកហើយ​។ បច្ចុប្បន្ន គាត់​ដាំ​បាន​ត្រសក់ផ្អែម​ចំនួន​៥​ពាន់​ដើម នៅលើ​ដីចម្ការ​របស់ខ្លួន​។ បើតាម​កសិករ​រូបនេះ ត្រសក់ផ្អែម​ជា​ដំណាំ​ដែល​ងាយ​សដាំ​,​ងាយ​ថែទាំ និង​ឲ្យ​ផល​លឿន​ជាង​ដំណាំ​ផ្សេងៗ​។​


 
​ទោះជា​ដំណាំ​ប្រភេទ​នេះ អាច​ដាំ​បាន​គ្រប់​ខែ គ្រប់​រដូវ ក៏ដោយ អ្នកស្រី ព្រំ យ៉ុ​ន អាច​ដាំ​ដុះ​វា បានតែ​៣​ដង​ប៉ុណ្ណោះ​ក្នុង​មួយឆ្នាំ ព្រោះ​មិនមាន​កម្លាំង​គ្រប់គ្រាន់​ក្នុង​ការដាំដុះ និង​ទុក​ពេលខ្លះ មើលថែទាំ​ដំណាំ​គួបផ្សំ​ផ្សេងទៀត​ដែរ​។ នេះ​បើតាម​អ្នកស្រី ព្រំ យ៉ុ​ន ដែល​បាន​អះអាងថា​ត្រសក់ផ្អែម​៥​ពាន់​ដើម​នេះ ផ្តល់​ទិន្នផល​ជា​មធ្យម ៨​តោន​ក្នុង​មួយ​លើក ហើយ​ក្នុង​១​តោន គាត់​លក់បាន​តម្លៃ​ទាប​បំផុត ១០០០​ដុល្លារ​។ មានន័យថា អ្នកស្រី ព្រំ យ៉ុ​ន អាច​រកចំណូលបាន​ប្រមាណ​៨​ពាន់​ដុល្លារ​ក្នុង​មួយ​លើក ឬ​ជាង​២​ម៉ឺន​ដុល្លារ ក្នុង​មួយឆ្នាំ​។ 
 
​ដំណាំ​ត្រសក់ផ្អែម​របស់​សមាគម​ន៍​អ្នកស្រី ត្រូវបាន​ចាយ​ចែក និង​ផ្គត់ផ្គង់​ទៅ​ឲ្យ​ផ្សារ​ទំនើប​ធំៗ ដូចជា​ផ្សារ​ឡាក់​គី អ៊ី​អន និង​ផ្សា​ម៉ាក្រូ​ជាដើម​។ ក្រៅពី​ទីផ្សារ​ក្រុង​ស្រុក ក៏មាន​ទីផ្សារ​នៅ​បរទេស​ផងដែរ​៕








 

Tag:
 កសិកម្ម​
  ត្រសក់ផ្អែម​
  សៀមរាប​
 ​ឧ​ត្ត​រ​មានជ័យ​
 ​បន្ទាយមានជ័យ
© រក្សាសិទ្ធិដោយ thmeythmey.com