អន្តរជាតិ
ការរំសាយ​នុយក្លេអ៊ែរ​៖ ហេតុអ្វី​ការចរចា​រវាង​អាមេរិក​និង​កូរ៉េខាងជើង​គ្មាន​ដំណើរការ​?
16, Dec 2018 , 10:59 pm        
រូបភាព
​ជំនួប​ប្រវត្តិសាស្ត្រ​រវាង​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ និង​មេដឹកនាំ​កូរ៉េខាងជើង គីម ជុង​អ៊ុន នៅ​សិង្ហ​បុរី បាន​ក្លាយជា​ចំណុច​ចាប់ផ្ដើម​នៃ​ដំណើរការ​រំសាយ​នុយក្លេអ៊ែរ​កូរ៉េខាងជើង​។ ប៉ុន្តែ​នៅ​បន្ទាប់ពី​កិច្ចប្រជុំ​លើកដំបូង​នេះ គេ​មិនឃើញ​មានដំណើរ​ការ​អ្វី​សោះ​លើ​ការលុបបំបាត់​នុយក្លេអ៊ែ​រ ទោះជា​ក្រុង​ព្យុងយ៉ាង​បានធ្វើ​សកម្មភាព​ខ្លះ​ក្ដី​។ មន្ត្រី​អាមេរិក​ម្នាក់​បាន​បង្ហើប​ថា ការចរចា​រវាង​អាមេរិក និង​កូរ៉េខាងជើង មិនទាន់​ទាំង​ចាប់ផ្ដើម​ផង​។ ហេតុអ្វី​បាន​មានការ​ជាប់គាំង​បែបនេះ​?


​ក្រោយ​ការព្រមព្រៀង​គ្នា​រវាង​ថ្នាក់ដឹកនាំ​កំពូល​កាលពី​ខែមិថុនា​កន្លងទៅ មន្ត្រីជាន់ខ្ពស់​អាមេរិក និង​កូរ៉េខាងជើង​បាន​ជួបគ្នា​ពីរដង​ហើយ ប៉ុន្តែ​នោះ​មិនមែនជា​ការចរចា​ដើម្បី​ឈានទៅ​ការរំសាយ​នុយក្លេអ៊ែរ​ឡើយ​។ ការចរចា​រវាង​មន្ត្រី​ថ្នាក់​ក្រុមការងារ​រវាង​ក្រុង​វ៉ាស៊ីនតោន និង​ក្រុង​ព្យុងយ៉ាង ស្ដីពី​នុយក្លេអ៊ែរ​មិនទាន់បាន​ចាប់ផ្ដើម​ទេ ដែល​នេះ​ជា​សញ្ញា​បង្ហាញ​ពី​ការខ្វែងគំនិត​គ្នា​រវាង​ប្រទេស​ទាំងពីរ ទោះជា​ថ្នាក់លើ​បាន​មូលមាត់គ្នា​រួចហើយ​ក្ដី​។ 

​សូម​រំឭកថា នៅ​សិង្ហ​បុរី លោក ដូ​ណា​ល់ ត្រាំ និង​លោក គីម ជុង​អ៊ុន បាន​ព្រមព្រៀងគ្នា​លើ​ការរំសាយ​នុយក្លេអ៊ែរ​ទាំងស្រុង ប៉ុន្តែ​ភាគី​ទាំងពីរ​មិនបាន​និយាយ​គ្នា​ឲ្យ​ច្បាស់​ពី​និយមន័យ​ការរំសាយ​នុយក្លេអ៊ែរ​ឡើយ ដោយ​ទុក​ឲ្យ​ការងារ​នេះ​ឲ្យ​មន្ត្រី​ថ្នាក់​ក្រុមការងារ​វិញ​។ 

​ជុំវិញ​សមាសភាព​មន្ត្រី​ក្រុមការងារ​នេះ ខាង​អាមេរិក​ដឹកនាំ​ដោយ​លោក Stephen Biegun ប្រេសិត​ពិសេស​របស់​រដ្ឋបាល​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ ឯ​កូរ៉េខាងជើង​មាន​លោកស្រី Choe Sun-hui ដែលជា​អនុរដ្ឋមន្ត្រី​ការបរទេស​។ យ៉ាងណាក្ដី អ្នក​ទាំងពីរ​មិនដែល​ជួបគ្នា​ឡើយ​។ លោក Biegun បាន​អមដំណើរ​លោក ម៉ៃ ប៉ុ​ម​ប៉េ​អូ កាលពី​ទស្សនកិច្ច​ចុងក្រោយ​នៅ​ព្យុងយ៉ាង ប៉ុន្តែ​ពេលនោះ​លោកស្រី Choe មិនមាន​វត្ត​មាននៅ​ព្យុងយ៉ាង​ឡើយ​។​

​គេ​ឃើញ​មានមតិ​ផ្ទុយគ្នា​ច្រើន​លើ​ការជាប់គាំង​នេះ​។ លោក Bruce Klinger អ្នកស្រាវជ្រាវ​ជាន់ខ្ពស់​លើ​កិច្ចការ​អាស៊ី​បូព៌ា​នៃ​ស្ថាប័ន Heritage Foundation យល់ថា ការណ៍​ដែល​ការចរចា​ទៅមុខ​មិន​រួច​នេះ ក៏​ព្រោះតែ​កូរ៉េខាងជើង​ផ្ទាល់​មិន​ចង់បាន​ការចរចា​តែម្ដង​។ លោក​ពន្យល់ថា ការជជែក​ថ្នាក់​ក្រុមការងារ គឺជា​ទីតាំង​បង្ហាញ​ពី​ការប្ដេជ្ញាចិត្ត​ជាក់ស្ដែង​ការរំសាយ​នុយក្លេអ៊ែរ មិនមែន​គ្រាន់តែ​និយាយ​នោះឡើយ ដូចនេះ​ទើប​ក្រុង​ព្យុងយ៉ាង​ចេះតែ​មិន​ចូល​តុ​នោះ​។​



 លោក Bruce Klingner អ្នកស្រាវជ្រាវជាន់ខ្ពស់លើកិច្ចការអាស៊ីបូព៌ានៃស្ថាប័ន Heritage Foundation

​ជំនួស​ឲ្យ​ជំនួប​ក្រុមការងារ កូរ៉េខាងជើង​ចង់បាន​ជំនួប​ថ្នាក់​កំពូល​វិញ​។ ត្រង់ចំណុច​នេះ លោក Klinger រៀបរាប់ថា ការចរចា​ផ្ទាល់​ជាមួយ​លោក ត្រាំ ងាយស្រួល​ទទួលបាន​ស​ម្ប​ទាន​ជាង​ជំនួប​មន្ត្រី​ថ្នាក់ក្រោម​។ អ្នកជំនាញ​រូបនេះ​បន្តថា បើ​ការចរចា​ថ្នាក់​ក្រុមការងារ​មិនមាន​ផង​នោះ គម្រោង​ជំនួប​លើក​ទី​២ រវាង​លោក ត្រាំ និង​លោក គីម ក៏​ទំនងជា​មិនអាច​កើតឡើង​បានដែរ​។ ប៉ុន្តែ​លោក​សង្ឃឹមថា ក្រុង​ព្យុងយ៉ាង​នឹង​យល់ព្រម​ឲ្យ​មាន​ជំនួប​ថ្នាក់ក្រោម​នេះ​។ 

​ដោយឡែក លោក Gregg Brazinsky អនុប្រធាន​វិទ្យាស្ថាន​ដើម្បី​សិក្សា​ពី​កូរ៉េ​នៃ​សាកលវិទ្យាល័យ George Washinton ហាក់​មានការ​យល់ឃើញ​ផ្សេង​។ លោក Brazinsky និយាយថា អាមេរិក និង​កូរ៉េខាងជើង​មាន​បញ្ហា​ផ្នែក​ទំនុកចិត្ត ពោល គឺ​កូរ៉េខាងជើង​មិនទាន់​ជឿជាក់​លើ​អាមេរិក​នៅឡើយ​ទេ​។ នេះ​ក៏​ព្រោះតែ​កូរ៉េខាងជើង​មិនមែន​មើល​ត្រឹម​២៥​ឆ្នាំ​ដែល​ខ្លួន​ចាប់ផ្ដើម​កម្មវិធី​នុយក្លេអ៊ែរ តែ​រដ្ឋ​នេះ​នៅតែ​ចាំ​ជានិច្ច​នូវ​សកម្មភាព​របស់​អាមេរិក​ក្នុង​រយៈពេល​៧០​ឆ្នាំ​មកនេះ​។ 



 លោក Gregg Brazinsky ​អនុប្រធានវិទ្យាស្ថានដើម្បីសិក្សាពីកូរ៉េនៃសាកលវិទ្យាល័យ George Washinton

​សម្រាប់​សាស្ត្រាចារ្យ​ដដែល គេ​ក៏​មិនអាច​ទម្លាក់កំហុស​ទាំង​ស្រុង​លើ​កូរ៉េខាងជើង​ជុំវិញ​ការជាប់គាំង​នេះឡើយ​។ ម្យ៉ាង​ក្រុង​ព្យុងយ៉ាង​បានធ្វើ​សកម្មភាព​មួយ​ដែរ​ដូចជា​ការផ្អាក​សាកល្បង​នុយក្លេអ៊ែរ ឬ​ការបាញ់​មី​ស៊ី​ល និង​ការបិទ​ទីតាំង​សាកល្បង​នុយក្លេអ៊ែរ​ជាដើម ឯ​ម្យ៉ាងទៀត​នោះ ក្រុង​វ៉ាស៊ីនតោន​ហាក់​ក៏​មិនបាន​ធ្វើ​អ្វី​តប​នឹង​ទង្វើ​ទាំងនេះ​វិញ​ដែរ ហើយ​បើ​គេ​មិន​ចាំ​មិន​ភ្លេច​ទេ អាមេរិក​មិនដែល​ចង់​ចរចា​ជាមួយ​កូរ៉េខាងជើង​ឡើយ​ក្នុង​រយៈពេល​ប៉ុន្មាន​ទសវត្សរ៍​មកនេះ​។​

​ការដកខ្លួន​របស់​អា​មេ​រិ​ក​ពី​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​ជាមួយ​អ៊ីរ៉ង់ ក៏​ជា​អាចជា​មូលហេតុ​ដែល​កូរ៉េខាងជើង​ស្ទាក់ស្ទើរ​ចរចា​ជាមួយ​អាមេរិក​ដែរ​។ នេះ​បើតាម​ការយល់ឃើញ​រប​ស់លោក Brazinsky ដែល​បន្តថា កូរ៉េខាងជើង​តាមដាន​ការអនុវត្ត​កិច្ចព្រមព្រៀង​ណាមួយ​ពី​សំណាក់​អាមេរិក ដូចនេះ​ការដកខ្លួន​របស់​អាមេរិក ពិតជា​ប៉ះពាល់​ដល់​ការគិត​របស់​កូរ៉េខាងជើង​៕


Tag:
 អាមេរិក​
  កូរ៉េខាងជើង​
  នុយក្លេអ៊ែរ​
© រក្សាសិទ្ធិដោយ thmeythmey.com