ជាតិ
អ្នកជំនាញ៖ សហគ្រិនស្ត្រីខ្មែរជាង៦០ ភាគរយ មិនសូវយល់ពីសេដ្ឋកិច្ចឌីជីថល
× សហគ្រាសខ្នាតតូចនិងមធ្យមក្នុងប្រទេសកម្ពុជាមានការរីកចម្រើនគួរឲ្យកត់សម្គាល់នារយៈកាសចុងក្រោយនេះ ដែលជំរុញឲ្យសេដ្ឋកិច្ចជាតិឲ្យកើនឡើងដល់ជាង៧ភាគរយក្នុងឆ្នាំ២០១៨។ ប៉ុន្ដែកត្តាដែលគួរឲ្យព្រួយបារម្មណ៍គឺសហគ្រាសខ្នាតតូច និងមធ្យម រួមទាំងធុរកិច្ចថ្មី ក្នុងប្រទេសកម្ពុជាភាគច្រើននៅប្រើប្រាស់ទម្រង់អាជីវកម្មបែបប្រពៃណី ហាក់មិនទាន់ដើរស្របតាមនិន្នាការសេដ្ឋកិច្ចឌីជីថល (Digital Economic) នៅឡើយ។
អ្នកស្រី ទូច សុជាតា ប្រធានក្រុមហុន Ino TED និងប្រធាន Woomentum Community ប្រចាំប្រទេសកម្ពុជា បានលើកឡើងក្នុងកម្មវិធី Digital Future Talk ដែលរៀបចំដោយ អង្គការ Konrad-Adenauer-Stiftung Cambodia កាលពីថ្ងៃ១២ ខែធ្នូ ឆ្នាំ២០១៨ ថា ម្ចាស់អាជីវកម្មដែលជាស្ត្រីក្នុងប្រទេសកម្ពុជាជាង៦០ភាគរយ ដែលខ្វះការយល់ដឹងពីសេដ្ឋកិច្ចឌីជីថល។
អ្នកស្រី ទូច សុជាតា ដែលធ្វើការច្រើនផ្នែកសេដ្ឋកិច្ចឌីជីថល បន្តថា កត្តាដែលប្រឈមនឹងសហគ្រិនជាស្ត្រីទាំងនោះ គឺពួកគេមិនមានចំណេះដឹងផ្នែក ICT និងអាជីវកម្មបែបអេឡិចត្រូនិច។ អ្នកស្រី បន្ថែមថា កត្តាជាច្រើនដែលធ្វើឲ្យស្ត្រីជាម្ចាស់អាជីវកម្ម មានចំណេះដឹងទាបផ្នែកបច្ចេកវិទ្យា គឺបញ្ហាវប្បធម៌និងសង្គម។
អ្នកស្រី រៀបរាប់ថា ស្រី្តខ្មែរភាគច្រើននៅតាមជនបទ ប្រឈមនឹងបញ្ហាឈប់រៀនទាំងនៅវ័យក្មេង និងកត្តាខ្លះទៀត គឺបណ្តាមកពីស្ត្រីខ្លួនឯងផ្ទាល់ មិនសូវចាប់អារម្មណ៍លើជំនាញបច្ចេកវិទ្យា (STEM) ហើយភាគច្រើន ពួកគេ អារម្មណ៍លើជំនាញគណនេយ្យ ធនាគារ ឬជំនាញផ្សេងៗទៀត។
អ្នកជំនាញរូបនេះ បានជំរុញឲ្យម្ចាស់អាជីវកម្មទាំងអស់ក្នុងប្រទេសកម្ពុជា ព្យាយាមអភិវឌ្ឍចំណេះដឹងផ្នែកបច្ចេកវិទ្យារបស់ខ្លួនជាប្រចាំ តាមរយៈការចូលរួមក្នុងសិក្ខាសាលា វគ្គបណ្ដុះបណ្ដាលផ្នែកសេដ្ឋកិច្ចឌីជីថល និងការបង្កើតបណ្ដាញឲ្យបានច្រើន។
រាជរដ្ឋាភិបាល ក៏បានដាក់ចេញគោលនយោបាយចតុកោណដំណាក់កាលទី៤ ស្តីពីការរៀបចំខ្លួនរបស់កម្ពុជា សម្រាប់សេដ្ឋកិច្ចឌីជីថលនានេះផងដែរ។ ហើយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបើកមជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មីតេជោ ដែលមានទីតាំងនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ដើម្បីបណ្ដុះបណ្ដាល អ្នកធុរកិច្ចថ្មីៗផ្អែកបច្ចេកវិទ្យា ការផ្សារភ្ជាប់បណ្តាញការងារ ការសិក្សាស្រាវជ្រាវ និងការពិគ្រោះយោបល់លើបំណិនសហគ្រិន ពិសេសគាំទ្រដល់យុវជនកម្ពុជា ដែលមាននិន្នការចាប់យកបច្ចេកវិទ្យា ឱ្យមានកន្លែងធ្វើការ និងសិក្សាស្រាវជ្រាវជាក្រុម៕
Tag:
សហគ្រិនស្រី្ត
សេដ្ឋកិច្ចឌីជីថល
© រក្សាសិទ្ធិដោយ thmeythmey.com