ជាតិ
ក្រសួងទេសចរណ៍ ជំរុញ​ឲ្យ​ភោជនីយដ្ឋាន​,​អាហា​រដ្ឋា​ន ចូលរួម​យុទ្ធនាការ​«​ភោជនីយដ្ឋាន​គ្មាន​សំរាម​ក្រោម​តុ​»
15, Dec 2018 , 5:29 pm        
រូបភាព
រូបភាពពីក្រសួងទេសចរណ៍
រូបភាពពីក្រសួងទេសចរណ៍
​ក្រសួងទេសចរណ៍ បានរៀបចំ​ប្រឡងប្រណាំង​ភោជនីយដ្ឋាន​ស្អាត ក្រោម​យុទ្ធនាការ «​ភោជនីយដ្ឋាន​ស្អាត​៖ ភោជនីយដ្ឋាន​គ្មាន​សំរាម​ជា​ក្រដាស​» ដើម្បី​លើកកម្ពស់​គុណភាព​សេវាកម្ម​ទេសចរណ៍ ក្នុងប្រទេស​កម្ពុជា «​ស្អាត និង​បៃតង - Clean and Green»​។ នេះ​បើ​យោងតាម​ទំព័រ​ហ្វេ​ប៊ុ​ក​ក្រសួងទេសចរណ៍​។


 
​បើតាម​ក្រសួង ក្រសួងទេសចរណ៍ ម្ចាស់​អាជីវកម្ម​ភោជនីយដ្ឋាន និង​អាហារ​ដ្ឋា​ន​ទេសចរណ៍ អាច​ចុះឈ្មោះ​ចូលរួម​ក្នុង​យុទ្ធនាការ​នេះ​បាន ដោយ​អនុវត្តន៍​អនុវត្ត​គោលការណ៍​គំរូ​សំខាន់ៗ​ចំនួន​៣​ចំណុច រួមមាន​បញ្ហា​អនាម័យ​នៅ​តុ​អាហារ​,​បង្គន់​អនាម័យ​,​និង​បញ្ជីរាយនាម​មុខម្ហូប (Menu)​។ 
 
​ក្រសួងទេសចរណ៍ បាន​បញ្ជាក់ថា ម្ចាស់​អាជីវកម្ម​ត្រូវ​រៀបចំ​ឱ្យមាន​កន្ត្រក ឬ​ធុងសំរាម​ដោយឡែក សម្រាប់​តុ​អាហារ​នីមួយៗ មាន​ថង់​ទ្រនាប់ និង​ត្រូវ​លាង​សម្អាត​ជា​រៀងរាល់ថ្ងៃ​។ ក្រសួងទេសចរណ៍ បញ្ជាក់​ដូច្នេះ​៖«​ត្រូវ​បិទ​សារ ឬ​ពាក្យស្លោក រំលឹក​អំពី​បញ្ហា​អនាម័យ ដល់​ភ្ញៀវ​ក្នុង​បរិវេណ​ទីតាំង​អាជីវកម្ម ឬ​នៅលើ​តុ​អាហារ​តែម្ដង​។ ត្រូវ​ចាត់​ឱ្យមាន​ភ្នាក់ងារ សម្រាប់​ប្រមូល​សំរាម​ដែល​ភ្ញៀវ​ចោល​ក្រៅ​កន្ត្រក ឬ​ធុង និង​ត្រូវ​លើកទឹកចិត្ត​ដល់​ភ្ញៀវទេសចរ ក្នុងការ​ផ្ដល់ជូន​ជា​កន្សែង​សម្រាប់​ជូត ឬ​កន្សែង​ត្រជាក់​ជំនួស​ឱ្យ​ការផ្ដល់ជូន​នូវ​ក្រដាសអនាម័យ​»​។ 


 
​ចំណែកឯ​បង្គន់​អនាម័យ​ស្អាត ម្ចាស់​អាជីវកម្ម ត្រូវ​រៀបចំ​តាម​ស្ដង់ដារ​បង្គន់​សាធារណៈ​កម្ពុជា ពុំមាន​ក្លិន​មិនល្អ មានការ​បែងចែក​រវាង​បង្គន់​អនាម័យ​ប្រុស និង​ស្រី មាន​ដាក់​សាប៊ូ​, ទឹក​សម្រាប់​លាងដៃ និង​ត្រូវ​ចាត់​ឱ្យមាន​បុគ្គលិក​ប្រចាំការ​ដើម្បី​លាង​សម្អាត​ជាប្រចាំ​។ នេះ​បើតាម​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ក្រសួងទេសចរណ៍ ដោយ​បញ្ជាក់ទៀតថា ក្នុង​បញ្ជីរាយនាម​មុខម្ហូប (Menu)  ត្រូវ​សរសេរ​ជា​៣ ភាសា​យ៉ាងតិច រួមមាន​ភាសា​ខ្មែរ​នៅខាងមុខ ឬ​នៅ​ពីលើ និង​ភាសា​អង់គ្លេស​នៅ​បន្ទាប់ ឬ​បន្ទាត់​ខាងក្រោម និង​ភាសាបរទេស​ទី​បី​នៅ​បន្ទាប់​ទៀត អាស្រ័យ​តាម​ស្ថានភាព​ជាក់ស្ដែង​នៃ​អតិថិជន​របស់​អាជីវ​កម្ម​។ ក្រសួងទេសចរណ៍​បញ្ជា​ក់​ដូច្នេះ​៖«​ត្រូវមាន​ដាក់តាំង​បង្ហាញ​នៅ​បរិវេណ​ខាងមុខ ទីតាំង​អាជីវកម្ម ឬ​កន្លែង​ងាយ​មើលឃើញ​។ ត្រូវមាន​បញ្ជាក់​ពី​គ្រឿងផ្សំ និង​ព័ត៌មាន​ផ្សេងៗ​បន្ថែមទៀត ដែល​ចាំបាច់​សម្រាប់​ជា​មូលដ្ឋាន ឲ្យ​ភ្ញៀវ​ជ្រើសរើស​។ ត្រូវមាន​បញ្ជាក់​តម្លៃ​ឱ្យបាន​ជាក់លាក់ និង​ការប្រើប្រាស់​តម្លៃ​តាម​ជម្រើស​បន្ថែម​ផ្សេងៗ​ដែលមាន​»​។​
 
​លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ បានប្រគល់​ត្រា​ចំនួន​១០ ជូន​ដល់​ម្ចាស់​អាជីវកម្ម​ភោជនីយដ្ឋាន អាហា​រដ្ឋា​ន​ទេសចរណ៍ ដែល​បាន​ចុះឈ្មោះ​ចូល​រូ​ម​ក្នុង​យុទ្ធនា និង​កូនសៀវភៅ Green passport ចំនួន​១១៨​ក្បាល ចែកជូន​ដល់​ប្រជាពលរដ្ឋ និង​មន្ត្រីរាជការ​ក្នុង​ខេត្តកោះកុង នា​ព្រឹក​ថ្ងៃទី ១៤ ខែធ្នូ ឆ្នាំ​២០១៨​ផងដែរ​៕ 
 

Tag:
 ទេសចរណ៍​
 ​ជាតិ
© រក្សាសិទ្ធិដោយ thmeythmey.com