ជាតិ
ផ្លូវ ភ្លើង គ្រឿងញៀន ជា​អ្វីដែល​ពលរដ្ឋ​ខេត្តសៀមរាប​ចង់ឱ្យ​អភិបាល​ថ្មី​ធ្វើ​មុនគេ​
16, Dec 2018 , 1:29 pm        
រូបភាព
​សៀមរាប​៖ នៅ​ព្រឹក​ថ្ងៃទី​១៣ ធ្នូ ពិធី​ប្រកាស​តែងតាំង និង​ផ្ទេរតំណែង​អភិបាលខេត្ត​សៀមរាប​ថ្មី ត្រូវបាន​រៀបចំ​ជា​ផ្លូវការ​ក្រោម​វត្តមាន​រដ្ឋមន្ត្រីក្រសួង មហាផ្ទៃ សម្ដេច ស ខេង ដែល​ធ្វើឡើង​នៅ​សាលប្រជុំ​សាលាខេត្ត​សៀមរាប​។ លោក ទៀ សីហា ពី​អភិបាលរង ឡើងជា​អភិបាលខេត្ត ជំនួស​លោក ឃឹម ប៊ុន​សុង ដែល​ដល់​អាយុ​ចូលនិវត្តន៍​។ ប្រជា​ល​រដ្ឋ​មួយចំនួនធំ​បាន​សាទរ​ចំពោះ​វត្តមាន​លោក ទៀ សីហា ដែលជា​យុវជន ហើយ​ថា​នឹង​អាច​កែប្រែ​មុខមាត់​ថ្មី​ដល់​ខេត្ត​ទេសចរណ៍​សៀមរាប​។ តើ​អ្វីខ្លះ​ដែល​ពលរដ្ឋ​ចង់ឃើញ​លោក​អភិបាលខេត្ត​ថ្មី​ធ្វើ​មុនគេ​?

 
​លោក គិ​ម ប៊ុន​ថា​ន់ ពលរដ្ឋ​រស់នៅ​ក្រុង​សៀមរាប បាន​អត្ថាធិប្បាយ​ខ្លី​ចំពោះ​សំណូមពរ​ដែល​ចង់ឃើញ​អភិបាលខេត្ត​ថ្មី​ធ្វើ នោះ​គឺ​កែលម្អ​ប្រព័ន្ធ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់​ឱ្យបាន​ស្អាត ស័ក្ដិ​សមជា​ខេត្ត​ទេសចរណ៍​របស់​កម្ពុជា​។ ជាងនេះទៅទៀត លោក​ក៏​ចង់ឱ្យមាន​ការគិតគូរ​ពី​បញ្ហា​បរិស្ថាន សំរាម និង​កែលម្អ​ប្រព័ន្ធ​លូ​ក្នុង​ក្រុង​ឱ្យបាន​ល្អប្រសើរ​ជាង​មុន​ផងដែរ​។​
 
​ឯ​លោក ស៊ា សុផល វិញ ក៏​ចាប់អារម្មណ៍ និង​រីករាយ​ចំពោះ​វត្តមាន​អភិបាលខេត្ដ​ថ្មី​នេះដែរ​។ សម្រាប់​លោក សុផល លោក ទៀ សីហា ជា​យុវជន និង​បានធ្វើ​ការងារ​ជាមួយ​សង្គម​ក៏​ច្រើន​ជាមួយ​សកម្មភាព​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្តសៀមរាប ដែល​លោក​ជា​ប្រធាន​។ ក្នុង​តំណែង​ថ្មី​នេះ តាម​ការលើកឡើង​រប​ស់លោក ស៊ា សុផល ចំណុច​អទិភាព​ដែល​អភិបាល​ថ្មី​គួរ​ធ្វើ ដូចជា​កែលម្អ​ផ្លូវថ្នល់ រៀបចំ​ភ្លើង​បំភ្លឺ​ផ្លូវ​ក្នុង​ក្រុង ពិសេស​តាមផ្លូវ​ដែល​សម្បូរ​ទេសចរ​ដើរ និង​បន្ត​បំផុស​ចលនា​សៀមរាប​ផ្ទះ​ខ្ញុំ​ឱ្យ​កាន់តែ​ទូលំទូលាយ មិនត្រូវ​ធ្វើ​តែ​តំបន់​មាត់​ស្ទឹង​តែមួយ​ទេ គឺ​ទៅ​តំបន់​ខាងក្នុង ឬ​ជាយក្រុង​ជាដើម​។​ល​។​
 
​ក្រៅពីនេះ​លោក សុផល បាន​មើលឃើញ​ពី​ចំណុច​មួយចំនួនទៀត​ដែល​នៅ​សេសសល់​ពី​អភិបាល​ចាស់ ហើយ​អភិបាល​ថ្មី​គួរ​ធ្វើ​ដែរនោះ គឺ​បង្ក្រាប​បទល្មើស​ថ្នាំញៀន និង​ដោះស្រាយ​ទំនាស់​ដីធ្លី​ជូន​ពលរដ្ឋ​ដែល​ត្រូវបាន​រំលោភ​ដោយ​អ្នកមានអំណាច​តាមរយៈ​ការធ្វើ​ប្លង់​កម្ម​សិទ្ធ​ស្ទួន​ជាដើម​។​
 
​សម្រាប់​លោកស្រី ស៊ិន​កេ​ត អា​រុណ ឯណោះ​វិញ លោកស្រី​ចង់ឱ្យ​អភិបាលខេត្ត​ថ្មី បន្ត​អភិវឌ្ឍន៍​ផ្លូវ​ក្នុង​ក្រុង​សៀមរាប​ឱ្យបាន​ស្អាត និង​ងាយស្រួល​ធ្វើ​ចរាចរណ៍​។ ជាមួយគ្នានេះដែរ លោកស្រី​ចង់ឃើញ​ខេត្តសៀមរាប​ជា​ខេត្ត​ទេសចរណ៍​ពិតប្រាកដ មាន​ទេសចរ​កាន់តែច្រើន ដែល​នឹង​ជំរុញ​សេដ្ឋកិច្ច​ក្នុង​ខេត្ត​នេះ​ឱ្យ​កាន់តែ​ប្រសើរឡើង ហើយ​ចង់ឃើញ​ការប្រកួតប្រជែង​របស់​អ្នករកស៊ី​នៅលើ​ទីផ្សារ​មាន​ភាពស្មើគ្នា​ផងដែរ​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com