អន្តរជាតិ
អា​រ៉ា​ប៊ី​សា​អូឌីត ខឹង​ព្រឹទ្ធសភា​អាមេរិក​ដែល​រិះគន់​ខ្លួន​ក្នុង​សង្គ្រាម​យេ​ម៉ែន និង​ឃាតកម្ម​លោក Kashoggi
17, Dec 2018 , 10:52 am        
រូបភាព
​អា​រ៉ា​ប៊ី​សា​អូឌីត បាន​ប្រតិកម្ម​តប​នឹង​ព្រឹទ្ធសភា​អាមេរិក​ដែល​ចេញ​ដំណោះស្រាយ​ស្នើ​ឲ្យ​រដ្ឋបាល​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ ឈប់​គាំទ្រ​ក្រុង​រី​យ៉ា​ដ​ក្នុង​យុទ្ធនាការ​នៅ​យេ​ម៉ែន និង​ការ​ចោទ​រជ្ជទាយាទ Mohammed bin Salman នៅ​ពីក្រោយ​ករណី​ឃាតកម្ម​អ្នកសារព័ត៌មាន Jamal Kashoggi ។ ទោះជា​ដំណោះស្រាយ​នេះ​គ្មាន​អំណាច​ចាប់​ឲ្យ​អនុវត្ត​មែន តែ​ជា​បង្ហាញថា ការដើរ​ផ្ទុយគ្នា​រវាង​ព្រឹទ្ធសភា និង​លោក ត្រាំ ក្នុង​ទំនាក់ទំនង​ជាមួយ​សម្ព័ន្ធ​មិត្ត​មជ្ឈិមបូព៌ា​មួយ​នេះ​។​

 
​អា​រ៉ា​ប៊ី​សា​អូឌីត បាន​ហៅ​ដំណោះស្រាយ​ចំនួន​ពីរ​របស់​ព្រឹទ្ធសភា​អាមេរិក​ជាការ​លូកលាន់​កិច្ចការ​ផ្ទៃក្នុង​របស់ខ្លួន​។ ថ្មីៗ​នេះ ព្រឹទ្ធសភា​អាមេរិក​បានអនុម័ត​ដំណោះស្រាយ​ពីរ​ដែល​មួយ​បានទាមទារ​ឲ្យ​អាមេរិក​បញ្ចប់​ការគាំទ្រ​របស់ខ្លួន​លើ​អា​រ៉ា​ប៊ី​សា​អូឌីត​ក្នុង​សង្គ្រាម​យេ​ម៉ែន និង​មួយទៀត​បាន​ចោទ​រជ្ជទាយាទ Mohammed bin Salman ដោយ​ត្រង់​ថា ជា​អ្នកទទួលខុសត្រូវ​ការ​ស្លាប់​របស់លោក Jamal Kashoggi នៅ​តួ​ក​គី​។​
 
​នៅ​ថ្ងៃទី​១៦ ខែធ្នូ ក្រសួងការបរទេស​អា​រ៉ា​ប៊ី​សា​អូឌីត​បានចេញ​សេចក្ដីថ្លែងការណ៍​តប​វិញ​ដោយ​ថ្កោលទោស​ជំហរ​របស់​ព្រឹទ្ធសភា​អាមេរិក ដែល​ផ្អែកលើ​ការចោទប្រកាន់​ដោយ​គ្មាន​មូលដ្ឋាន និង​ជាការ​កកូរកកាយ​ផ្ទៃក្នុង​ខ្លួន​ដោយ​ឥត​លាក់លៀម​។ ក្រុង​រី​យ៉ា​ដ​ក៏​រិះគន់​ស្ថាប័ន​នីតិបញ្ញត្តិ​អាមេរិក​ដែល​ចោទ​ថ្នាក់ដឹកនាំ​កំពូល​អា​រ៉ា​ប៊ី​សា​អូឌីត និង​បាន​ប្រាប់​ព្រឹទ្ធសភា​អាមេរិក​វិញ​ថា ខ្លួន​មិន​អត់ឱន​ឲ្យ​ការនិយាយ​មិន​គោរព​ដល់​មេដឹកនាំ​របស់ខ្លួន​ឡើយ​។ នេះ​បើតាម​ការផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP ។​
 
​ការអនុម័ត​ដំណោះស្រាយ​ទាំងពីរ​របស់​ព្រឹទ្ធសភា​អាមេរិក ជា​ការដើរបញ្ច្រាស់​ផ្លូវ​ជាមួយ​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ ដែល​ចេះតែ​ការពារ​អា​រ៉ា​ប៊ី​សា​អូឌីត​ក្នុង​សំណុំរឿង​យេ​ម៉ែន និង​ឃាតកម្ម​លោក Kashoggi ។ ខណៈ​ពិភពលោក​ថ្កោលទោស​ខ្លាំង​យ៉ាងណា លោក ត្រាំ មិនបាន​ធ្វើតាម​ឡើយ និង​បន្ត​រក្សា​ជំហរ​ជិតស្និទ្ធ​ជាមួយ​ថ្នាក់ដឹកនាំ​ក្រុង​រី​យ៉ា​ដ​ដដែល​។​
 
​ក្នុង​សំណុំ​រឿងយេ​ម៉ែន សម្ព័ន្ធមិត្ត​អារ៉ាប់​ដឹកនាំ​ដោយ​អា​រ៉ា​ប៊ី​សា​អូឌីត រង​ការ​ប្រតិកម្ម​ជុំ​ទិស​ទី​ដោយសារ​វិនាសកម្ម​ធំធេង​។ ការស្នើ​ឲ្យ​បញ្ឈប់​យុទ្ធនាការ​យោធា​នេះ បាន​ធ្លាក់​ជា​បន្តបន្ទាប់ សំដៅ​បញ្ចប់​វិនាសកម្ម​នៅ​យេ​ម៉ែន​។ អាមេរិក​វិញ ទោះជា​មិន​ចូលរួម​ក្នុង​ជម្លោះ​ដែល​ផ្ទុះ​ខ្លាំង​ក្នុង​ឆ្នាំ​២០១៥ ដោយផ្ទាល់​មែន បាន​ជួយ​ផ្គត់ផ្គង់​អាវុធ​ឲ្យ​សម្ព័ន្ធមិត្ត​ចម្រុះ​។ យ៉ាងណា​ក្រោយមក អាមេរិក​បាន​ផ្អាក​ការផ្គត់ផ្គង់​សាំង​ឲ្យ​ក្រុមចម្រុះ​ហើយ​។​
 
​ឯ​ករណី​ឃាតកម្ម​លោក Kashoggi វិញ ម្ដង​ជា​ពីរដង លោក ត្រាំ បាន​ការពារ​រជ្ជទាយាទ​អា​រ៉ា​ប៊ី​សា​អូឌីត ក្រោម​ហេតុផល​ប្រយោជន៍​ជាតិ ព្រោះ​អា​រ៉ា​ប៊ី​សា​អូឌីត​ជា​ម៉ូយ​ដុំ​ចាំ​ទិញ​អាវុធ​អាមេរិក​។ កន្លងមក ទីភ្នាក់ងារ​ចារកម្ម​កណ្ដាល CIA ក៏​បង្ហាញ​របាយការណ៍​រប​ស់​ខ្លួន​ដែល​រកឃើញថា ឃាតកម្ម​លោក Kashoggi ជាប់ទាក់ទង​ទ្រង់ Mohammed bin Salman ដែរ​៕
 

Tag:
 អាមេរិក​
  អា​រ៉ា​ប៊ី​សា​អូឌីត​
  យេ​ម៉ែន
© រក្សាសិទ្ធិដោយ thmeythmey.com