អន្តរជាតិ
កូរ៉េខាងជើង គំរាម​ត្រឡប់​ទៅរក​នុយក្លេអ៊ែរ​វិញ បើ​អាមេរិក​ចចេស​ដាក់ទណ្ឌកម្ម​
17, Dec 2018 , 2:15 pm        
រូបភាព
​កូរ៉េខាងជើង នៅ​ថ្ងៃទី​១៦ ខែធ្នូ បាន​ថ្កោលទោស​អាមេរិក​ដែល​បន្ត​ដាក់ទណ្ឌកម្ម​លើ​ខ្លួន និង​បាន​ព្រមាន​ថា ចំណាត់ការ​របៀបនេះ នឹងធ្វើ​ឲ្យ​ប្រទេស​ទាំងពីរ​វិល​ទៅរក​ស្ថានភាព​ដូច​ឆ្នាំ​២០១៧ ហើយ​បិទផ្លូវ​រំសាយ​នុយក្លេអ៊ែរ​មិន​ខាន​។ ការព្រមាន​របស់​កូរ៉េខាងជើង ធ្វើឡើង​ស្របពេល​ដែល​ការចរចា​រវាង​អាមេរិក និង​កូរ៉េខាងជើង​ជាប់គាំង​គ្មាន​លទ្ធផល​អ្វី​ទាំងអស់​។

 
​ទណ្ឌកម្ម​អាមេរិក​លើ​មន្ត្រី​កំពូលៗ​ចំនួន​បី​រូប ធ្វើ​ឲ្យ​កូរ៉េខាងជើង​ក្ដៅស្លឹកត្រចៀក​ខ្លាំង​។ កូរ៉េខាងជើង​បាន​គំរាម​ពី​ការធ្លាក់ចុះ​ទំនាក់ទំនង​ដែល​កំពុង​ធូរស្រាល និង​ការជាប់គាំង​ការរំសាយ​នុយក្លេអ៊ែរ ហើយ​អាច​ត្រឡប់​ទៅកាន់​ស្ថានភាព​ឆ្នាំ​២០១៧ ដែល​ភាព​តានតឹង​កើនឡើង​ដល់​ចំណុច​គួរ​ឲ្យ​បារម្ភ​។ មេដឹកនាំ​កំពូល​អាមេរិក និង​កូរ៉េខាងជើង បាន​ផ្លោង​សម្ដី​ដាក់គ្នា​ទៅមក និង​បាន​គំរាម​កម្ទេច​ប្រទេស​ជា​គូសត្រូវ​ផង​។ 
 
​ក្រោយ​ការវាយប្រហារ​គ្នា​ដោយ​ពាក្យសម្ដី អាមេរិក និង​កូរ៉េខាងជើង​ក៏​ចាប់ផ្ដើម​ខិតជិត​គ្នា​វិញ​រហូត​មាន​ជំនួប​ប្រវត្តិសាស្ត្រ​មេដឹកនាំ​នៅ​ខែមិថុនា ឆ្នាំ​២០១៨ ។ ជំនួប​រវាង​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ និង​មេដឹកនាំ​កំពូល​កូរ៉េខាងជើង គីម ជុង​អ៊ុន នៅ​សិង្ហ​បុរី បាន​ឈានដល់​ការព្រមព្រៀង​រំសាយ​នុយក្លេអ៊ែរ និង​ការបង្កើត​សន្តិភាព​អចិន្ត្រៃយ៍​នៅ​ឧបទ្វីប​កូរ៉េ​។ ប៉ុន្តែ​មកទល់ពេលនេះ ការជជែក​គ្នា​មិនមាន​លទ្ធផល​អ្វី​ឡើយ​។​
 
​ទោះជា​ទទួលស្គាល់​បំណង​របស់លោក ត្រាំ ក្នុងការ​ធ្វើ​ឲ្យ​ទំនាក់ទំនង​ទ្វេភាគី​ល្អប្រសើរ​ក្ដី កូរ៉េខាងជើង​បែរជា​រិះគន់​ក្រសួងការបរទេស​អាមេរិក​ដែល​បន្ត​ដាក់​សម្ពាធ​លើ​ខ្លួន​ដដែល​។ បើតាម​ទីភ្នាក់ងារ​ព័ត៌មាន AFP ក្រសួងការបរទេស​កូរ៉េខាងជើង​អះអាង​នៅ​ថ្ងៃទី​១៦ ខែធ្នូ ថា អាមេរិក​បានដាក់​ទណ្ឌកម្ម​ច្រើនជាង​៨​ដង​លើ​ក្រុមហ៊ុន បុគ្គល និង​កប៉ាល់​របស់​កូរ៉េខាងជើង ក៏ដូចជា​ប្រទេស​ផ្សេងទៀត​ដូចជា ចិន និង​រុស្ស៊ី​។  
 
​ក្រសួងការបរទេស​កូរ៉េខាងជើង​នៅ​ថ្ងៃទី​១៦ ខែធ្នូ បាន​ចំអក​ឲ្យ​ក្រុង​វ៉ាស៊ីនតោន​វិញ​ថា វា​ជាការ​គណនា​ខុស បើ​អាមេរិក​ចង់​ប្រើ​ទណ្ឌកម្ម​ដើម្បី​បង្ខំ​ឲ្យ​កូរ៉េខាងជើង​បោះបង់​នុយក្លេអ៊ែរ​នោះ តែ​នឹង​បិទផ្លូវ​ការ​លុប​បំបា​ត់នុ​យ​ក្លេ​អ៊ែរ​ជា​រៀងរហូត​ទៅវិញ​ទេ​។ នេះ​ជាការ​ព្រមាន​ជាថ្មី​របស់​ក្រុង​ព្យុងយ៉ាង ដែល​មកទល់ពេលនេះ នៅ​មិនទាន់បាន​បិទ​បញ្ចប់​កម្មវិធី​នុយក្លេអ៊ែរ​របស់ខ្លួន​ដូចជា​ដែល​បាន​សន្យា​ជាមួយ​អាមេរិក​នៅឡើយ​។​
 
​ការសន្យា​រវាង​លោក ត្រាំ និង​លោក គីម នៅ​សិង្ហ​បុរី ត្រូវបាន​មើលឃើញថា មិនមាន​ភាពជាក់លាក់​ឡើយ ដ្បិត​មិន​និយាយ​ឲ្យ​ច្បាស់​ពី​និយមន័យ និង​លក្ខខណ្ឌ​នៃ​ការលុបបំបាត់​នុយក្លេអ៊ែ​រ​អ្វី​ទេ​។ ខណៈ​អាមេរិក​ចង់​ឲ្យ​កូរ៉េខាងជើង​រំសាយ​នុយក្លេអ៊ែរ​នោះ កូរ៉េខាងជើង​ចង់ឃើញ​ឧបទ្វីប​កូរ៉េ​ទាំងមូល​គ្មាន​នុយក្លេអ៊ែរ​។ លើសពីនោះ ក្រុង​ព្យុងយ៉ាង​ថែមទាំង​ចង់បាន​រង្វាន់​លើកទឹកចិត្ត​សម្រាប់​អ្វីដែល​ខ្លួន​បានធ្វើ ប៉ុន្តែ​អាមេរិក​មិន​ព្រម​ទៅទៀត​៕
 

Tag:
 ​កូរ៉េខាងជើង​
  អាមេរិក​
  នុយក្លេអ៊ែរ
© រក្សាសិទ្ធិដោយ thmeythmey.com