អន្តរជាតិ
អាមេរិក​លែង​ចង់​ឲ្យ​អាសាដ​ចុះចេញ តែ​ចង់ឃើញ​ការផ្លាស់ប្ដូរ​
18, Dec 2018 , 10:41 am        
រូបភាព
​សហរដ្ឋអាមេរិក នៅ​ថ្ងៃទី​១៧ ខែធ្នូ បានប្រកាសថា ខ្លួន​អស់​បំណង​បណ្ដេញ​លោក បា​សា អាល់​អាសាដ ចេញពី​តំណែង​ប្រធានាធិបតី​ស៊ី​រី​ទៀតហើយ ប៉ុន្តែ​ចង់​ឲ្យ​មានការ​ផ្លាស់ប្ដូរ​របៀប​របប​ដឹកនាំ​បច្ចុប្បន្ន​។ សម្រាប់​អាមេរិក បើ​គ្មាន​ការផ្លាស់ប្ដូរ​ជា​មូលដ្ឋាន​ទេ គ្មាន​ឡើយ​ការផ្ដល់​ជំនួយ​សម្រាប់​ស្ថាបនា​ប្រទេស​ដ៏​ខ្ទេចខ្ទាំ​នេះ​ឡើងវិញ​។

 
​ប្រធានាធិបតី​ស៊ី​រី បា​សា អាល់​អាសាដ អាច​បន្ត​ស្ថិតក្នុង​តំណែង តែ​ស៊ី​រី​ត្រូវតែមាន​ការផ្លាស់ប្ដូរ​។ នេះ​ជាការ​លើកឡើង​របស់លោក James Jeffrey តំណាង​ពិសេស​របស់​អាមេរិក​ស​ម្រា​ប់​ស៊ី​រី​។ អនាគត​របស់លោក អាសាដ ជា​ចំណុច​ខ្ទាស់​ក្នុងការ​ស្វែងរក​ដំណោះស្រាយ​ដើម្បី​បញ្ចប់​ជម្លោះ​ដែល​អូសបន្លាយ​តាំងពី​ឆ្នាំ​២០១១ មក​។ សម្ព័ន្ធមិត្ត​លោក អាសាដ មាន​រុស្ស៊ី និង​អ៊ីរ៉ង់​ជាដើម​ចង់ឃើញ​លោក​បន្ត​ដឹកនាំ​ស៊ី​រី តែ​អាមេរិក​ធ្លាប់​ចង់​ឲ្យ​លោក​ចាកចេញ​។​
 
​ក្នុង​កម្មវិធី​មួយ​នៅ​ថ្ងៃទី​១៧ ខែធ្នូ​នៅ​ស្ថាប័ន Atlantic Council លោក Jeffrey អះអាងថា អាមេរិក​ចង់ឃើញ​រប​ប​ថ្មី​មួយ​នៅ​ស៊ី​រី ដែលមាន​លក្ខណៈ​ស​ម្ប​តិ្ត​ខុសពី​របប​សព្វថ្ងៃ តែ​អាមេរិក​មិនបាន​ព្យាយាម​កម្ចាត់​លោក អាសាដ ឡើយ​។ ទោះជា​យ៉ាងណា​នេះ អាមេរិក​ចង់​ឲ្យ​លោក អាសាដ ធ្វើ​សម្បទាន​ខ្លះ​មកវិញ ដ្បិត​លោក​ក៏​មិនទាន់​ទទួលបាន​ជ័យជម្នះ​នៅឡើយ​ក្នុង​សង្គ្រាម​៨​ឆ្នាំ​មកនេះ ខណៈ​គេ​ឃើញ​មាន​សកម្មប្រយុទ្ធ​ជាង​១​សែន​នាក់ បន្ត​ប្រយុទ្ធ​នឹង​ង​ទាហាន​រដ្ឋាភិបាល​ដដែល​។​
 
​ការផ្លាស់ប្ដូរ​នៅ​ស៊ី​រី ជា​លក្ខខណ្ឌ​ដែល​អាមេរិក​ចង់បាន បើ​ប្រទេស​នេះ​ចង់​ទទួល​ជំនួយ​ដើម្បី​កសាង​ជាតិ​ឡើយ​ង​វិញ​។ តំណាង​ពិសេស​ខាងលើ​បាន​ប៉ាន់​ស្មានថា ស៊ី​រី​ត្រូវការ​លុយ​ចំនួន​ចន្លោះ​៣០០​ពាន់​លាន​ដុល្លារ​ទៅ​៤០០​ពាន់​ដុល្លារ​ដើម្បី​អភិវឌ្ឍ​ជាថ្មី ប៉ុន្តែ​អាមេរិក និង​សហគមន៍​អន្តរជាតិ នឹងមិន​ឲ្យ​មួយ​កាក់​មួយ​សេន​ឡើយ បើ​គេ​មិនឃើញ​មានការ​ផ្លាស់ប្ដូរ​ជា​វិជ្ជមាន​ណាមួយ​នោះ​។ ពោល គឺ​របប​លោក អាសាដ ត្រូវតែ​ផ្លាស់​ផ្លូវ​ដើរ​សព្វថ្ងៃ និង​ធានាថា នឹង​មិនមាន​វិនាសកម្ម​នៅពេល​ខាងមុខ​ឡើយ​។​
 
​តាមពិតទៅ វត្តមាន​អាមេរិក​នៅ​ស៊ី​រី មាន​គោលដៅ​បោសសម្អាត​ក្រុម​ជ្រុលនិយម​រដ្ឋ​ឥស្លាម​ដែល​អុកឡុក​តំបន់​មជ្ឈិមបូព៌ា ដោយ​គាំទ្រ​ក្រុម​ឧទ្ទាម​ប្រឆាំង​រដ្ឋាភិបាល​លោក អាសាដ ។ ការគាំទ្រ​របស់​អាមេរិក ធ្វើ​ឲ្យ​របប​ដឹកនាំ​ក្រុង​ដា​ម៉ាស​ទន់​ដៃ​ខ្លាំង រហូត​ធ្វើ​ឲ្យ​រុស្ស៊ី​សម្រេចចិត្ត​លូកដៃ​ដែរ​។ អន្តរាគមន៍​របស់​រុស្ស៊ី និង​សម្ព័ន្ធមិត្ត​មួយទៀត គឺ​អ៊ីរ៉ង់​ធ្វើ​ឲ្យ​លោក អាសាដ រឹងមាំ​ជាថ្មី និង​ក៏​រំពឹងថា អាច​បន្ត​ដឹកនាំ​ស៊ី​រី​ទៀត​ដែរ​។​
 
​យ៉ាងណាមិញ បើតាម​ទីភ្នាក់ងារ​ព័ត៌មាន AFP លោក Jeffrey ចង់​ឲ្យ​អ៊ីរ៉ង់ ដែលជា​សត្រូវ​ស៊ីសាច់ហុតឈាម​របស់​អ៊ីស្រាអែល​ដកខ្លួន​ចេញពី​ស៊ី​រី តែ​ក្រុង​តេ​ហេ​រ៉ង់​អាច​បន្ត​មាន​ទំនាក់ទំនង​ការទូត​ខ្លះ​ជាមួយ​ក្រុង​ដា​ម៉ាស់​។ ក្រៅពីនោះ ក្រុង​វ៉ាស៊ីនតោន​ក៏​ចង់ឃើញ​ស៊ី​រី​មួយ​ដែល​គ្មាន​អាវុធ​ប្រល័យ​លោក​ដូចជា​អាវុធ​គីមី​ជាដើម ដែល​ទុក​ប្រើ​សម្រាប់​សម្លាប់​ជីវិត​ប្រជាជន​ខ្លួនឯង​ដែរ​៕
 

Tag:
 ​អាមេរិក​
  ស៊ី​រី​
© រក្សាសិទ្ធិដោយ thmeythmey.com