ជាតិ
សង្គមជាតិ
ភរិយាអ្នកផលិតរឿង «ម្តាយខ្ញុំ លក់ខ្ញុំ» ដែលត្រូវចាប់ខ្លួន រកអន្តរាគមន៍ពីស្ថានទូតរុស្ស៊ី
× ក្រុមគ្រួសារ និងសកម្មជនប្រមាណ១០នាក់ បានជួបជុំគ្នានៅមុខស្ថានទូតរុស្ស៊ីប្រចាំកម្ពុជា នៅព្រឹកថ្ងៃទី ១៨ ខែធ្នូ ឆ្នាំ២០១៨នេះ ដើម្បីសុំឲ្យជួយលោក រ៉ាត់ រដ្ឋមុនី អ្នកផលិតវីដេអូមួយដែលមានចំណងជើងថា «ម្តាយ ខ្ញុំលក់ខ្ញុំ» ដែលត្រូវបានតុលាការរាជធានីភ្នំពេញ សម្រេចឃុំខ្លួនជាបណ្តោះអាសន្ន ក្រោមបទញុះញង់ឲ្យមានការរើសអើង។ វីដេអូរបស់លោក ត្រូវបានប្រព័ន្ធផ្សព្វផ្សាយដ៏ល្បីមួយរបស់រុស្ស៊ីឈ្មោះ RT យកទៅផ្សព្វផ្សាយ។
អ្នកស្រី ឡុង គឹមហ៊ាង ជាភរិយា ដែលកំពុងកាន់បដាទាមទារក្នុងដៃ បាននិយាយថា៖«ខ្ញុំទាមទារឲ្យមានការដោះលែងប្ដីខ្ញុំជាបន្ទាន់ ហើយរដ្ឋាភិបាលរុស្ស៊ី ត្រូវតែជួយអន្តរាគមន៍ឲ្យមានការដោះលែងប្តីរបស់ខ្ញុំ។ ខ្ញុំត្រូវការតែប៉ុណ្ណឹងទេ ខ្ញុំត្រូវការឲ្យប្តីខ្ញុំមានសេរីភាព»។
អ្នកស្រី ក៏ស្នើឲ្យរដ្ឋបាភិបាលកម្ពុជា និងតុលាការ កោះហៅតំណាងទូរទស្សន៍ RT មកសួរដោយផ្ទាល់ដើម្បីរកការពិត ដោយមិនត្រូវចាប់ស្វាមីរបស់អ្នកស្រី តែម្នាក់នោះទេ។ អ្នកស្រីបានអះអាងថា អ្នកស្រី នឹងទាមទារនៅមុខស្ថានទូតរុស្ស៊ី រហូតមានការឆ្លើយតប។
លោក រ៉ាត់ រដ្ឋមុនី កំពុងជាប់ឃុំបណ្តោះអាសន្នក្នុងពន្ធនាគារព្រៃស ហើយសំណុំរឿងរបស់លោក កំពុងស្ថិតក្នុងការស៊ើបសួររបស់ចៅក្រមស៊ើបសួរនៃតុលាការរាជធានីភ្នំពេញ។
ក្រោយភាពយន្តឯកសារ «ម្តាយខ្ញុំ លក់ខ្ញុំ» ចេញផ្សាយជាសាធារណៈក្នុងខែតុលា ដោយទូរទស្សន៍ RT អាជ្ញាធរខ្មែរ អះអាងថា ភាពយន្តឯកសារនេះ ដែលនិយាយពីការជួញដូរផ្លូវភេទ គឺជារឿងប្រឌិត ដែលធ្វើឲ្យប៉ះពាល់ដល់មុខមាត់របស់កម្ពុជា។ ដោយមានការសហការជាមួយសមត្ថកិច្ចកម្ពុជា សមត្ថកិច្ចថៃ ចាប់លោក កាលពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៨ ក៏បញ្ជូនមកកម្ពុជាវិញ នៅថ្ងៃទី១២ ខែធ្នូ៕
Tag:
រ៉ាត់ រដ្ឋមុនី
សិទ្ធិមនុស្ស
កម្ពុជា
© រក្សាសិទ្ធិដោយ thmeythmey.com