អន្តរជាតិ
Brexit៖ លោកស្រី ម៉េ​យ៍ កំណត់ពេល​បោះឆ្នោត​នៅ​សភា​ជាថ្មី ខណៈ​បក្សប្រឆាំង​ស្នើ​បោះឆ្នោត​មិន​ទុកចិត្ត​
18, Dec 2018 , 7:39 pm        
រូបភាព
​នាយករដ្ឋមន្ត្រី​អង់គ្លេស ថេ​រ៉េ​សា ម៉េ​យ៍ បាន​កំណត់ពេល​បោះឆ្នោត​នៅ​សភា​ជាថ្មី​លើ​កិច្ចព្រមព្រៀង​ចាក​ចេញពី​សហភាព​អឺរ៉ុប​។ ការកំណត់​ពេលនេះ​ដែល​នឹង​រៀបចំ​នៅ​ដើមឆ្នាំ​ក្រោយ ធ្វើឡើង​បន្ទាប់​លោកស្រី​បាន​លើក​ពេល​កាលបរិច្ឆេទ​ចាស់​ព្រោះ​ដឹង​មុន​ថា មិនអាច​ទទួលបាន​កា​រ​គាំទ្រ​ឡើយ​។ ការអូសបន្លាយ​ពេលនេះ ធ្វើ​ឲ្យ​បក្សប្រឆាំង​ស្នើ​បោះឆ្នោត​មិន​ទុកចិត្ត​ប្រឆាំង​លោកស្រី ម៉េ​យ៍ ។ ថ្លែង​ក្នុង​កិច្ចប្រជុំសភា​ថ្ងៃទី​១៧ ខែធ្នូ លោកស្រី ម៉េ​យ៍ ក៏​ប្រកាស​ដែរ​ថា គ្មានទេ​ប្រជាមតិ​លើក​ទី​ពីរ​នោះ​។​

 
​សម្ពាធ​កាន់​ធ្ងន់​កំពុង​ធ្លាក់​លើ​នាយករដ្ឋមន្ត្រី​អង់គ្លេស ថេ​រ៉េ​សា ម៉េ​យ៍ ដែល​ពន្យារពេល​បោះឆ្នោត​លើ​កិច្ចព្រមព្រៀង​ចាក​ចេញពី​សហភាព​អឺរ៉ុប​រហូតដល់​ដើមឆ្នាំ​២០១៩ ឯណោះ​។ ក្នុង​កិច្ចប្រជុំសភា​ថ្ងៃទី​១៧ ខែធ្នូ លោកស្រី ម៉េ​យ៍ ប្រកាសថា ការបោះឆ្នោត​នឹងធ្វើ​ឡើង​ក្នុង​សប្ដាហ៍​ថ្ងៃទី​១៤ ខែមករា ឆ្នាំ​២០១៩ ។ ទាំង​អ្នកនយោបាយ​បក្សប្រឆាំង ទាំង​បក្ស​កាន់អំណាច​របស់លោក​ស្រី សុទ្ធតែ​មិន​សប្បាយ​ចិត្តនឹង​ការសម្រេចចិត្ត​នេះ​។​
 
​លោកស្រី ម៉េ​យ៍ ក៏​ទើប​រួច​ផុតពី​ការបោះឆ្នោត​មិន​ទុកចិត្ត​ពី​ផ្ទៃក្នុង​បក្ស​អភិរក្ស​កំពុងកាន់​អំណាច តែ​បាន​បាត់បង់​ការគាំទ្រ​ច្រើន​ពី​សំណាក់​សមាជិក​ដែល​ប្រឆាំង​កិច្ចព្រមព្រៀង​របស់​រដ្ឋា​ភិ​បាល​លោកស្រី និង​សហភាព​អឺរ៉ុប​។ ក្នុងចំណោម​សមាជិកសភា​របស់​បក្ស​នេះ លោកស្រី​ទទួលបាន​ការគាំទ្រ​ចំនួន​២០០ សំឡេង និង​សំឡេង​ប្រឆាំង​ចំនួន​១១៧ ។ 
 
​ការគ្រោងទុក អង់គ្លេស​ត្រូវ​ចាក​ចេញពី​អឺរ៉ុប​នៅ​ថ្ងៃទី​២៩ ខែមីនា ឆ្នាំ​២០១៩ ប៉ុន្តែ​មកទល់ពេលនេះ សភា​អង់គ្លេស​មិនទាន់​ផ្ដល់​ភ្លើង​ខៀវ​ឲ្យ​កិច្ចព្រមព្រៀង​លើ​ការចាកចេញ​នេះ​នៅឡើយ​ទេ​។ នាយករដ្ឋមន្ត្រី ម៉េ​យ៍ កំពុង​ព្យាយាម​បញ្ចុះបញ្ចូល​សមាជិក​ឲ្យ​ទទួលយក​កិច្ចព្រមព្រៀង​របស់លោក​ស្រី ដោយ​លោកស្រី​បាន​អះអាង​ជារឿយៗ​ថា ជា​កិច្ចព្រមព្រៀង​ល្អ​បំផុត​។ ឯ​អឺរ៉ុប​វិញ​ក៏​ព្រមាន​ជា​ញឹកញយ​ដែរ​ថា គ្មាន​ការចរចា​ម្ដងទៀត​ទេ​។​
 
​គ្មាន​ការ​ប្រជាមតិ​លើក​ទី​ពីរ​
 
​ខណៈ​អនាគត​នៃ​អង់គ្លេស និង​សហភាព​អឺរ៉ុប​កំពុងស្ថិត​លើផ្លូវ​ទៅរក​ភាពមិនច្បាស់លាស់​នោះ នាយករដ្ឋមន្ត្រី ម៉េ​យ៍ កំពុង​ប្រឈមមុខ​ការទាមទារ​ឲ្យ​រៀបចំ​ប្រជាមតិ​លើក​ទី​ពីរ​។ យ៉ាងណាមិញ លោកស្រី​ប្រឆាំង​ដាច់ខាត​គំនិត​នេះ ដោយ​បកស្រាយ​ថា ដើរ​ផ្ទុយ​ពី​ប្រជាមតិ​ឆ្នាំ​២០១៦ និង​ធ្វើ​ឲ្យ​ជំនឿ​ចិត្ត​សាធារណៈ​លើ​រដ្ឋាភិបាល​ធ្លាក់ចុះ​។ 
 
​ប្រមុខ​រដ្ឋាភិបាល​រូបនេះ​បាន​ប្រាប់​សមាជិកសភា​ថា ប្រជាមតិ​ទី​ពីរ នឹង​ប៉ះពាល់​ទំនុកចិត្ត​ប្រជាជន​អង់គ្លេស ហើយក៏​ធ្វើ​ឲ្យ​សុច​រឹត​ភាព​របស់​នយោបាយ​អង់​គ្លេ​ស​ជាប់​ឈ្មោះ​អាក្រក់​រហូត​ដែរ​។ បើតាម​ទីភ្នាក់ងារ​ព័ត៌មាន AFP លោកស្រី ម៉េ​យ៍ បន្តថា បើ​មាន​ប្រជា​មិ​តទី​ពីរ​មែន អង់គ្លេស​ក៏​មិនអាច​ទៅណា​ឆ្ងាយ​ដែរ​។ 
 
​បក្សប្រឆាំង​ស្នើ​បោះឆ្នោត​មិន​ទុកចិត្ត​ប្រឆាំង​លោកស្រី ម៉េ​យ៍ 
 
​ក្នុង​កិច្ចប្រជុំសភា​ដដែល មេដឹកនាំ​បក្ស​ពលករ លោក Jeremy Corbyn បានស្នើ​បោះឆ្នោត​បង្ហាញ​ការមិនទុកចិត្ត​លើ​លោកស្រី​នាយករដ្ឋមន្ត្រី ម៉េ​យ៍ ។ មេដឹកនាំ​បក្សប្រឆាំង​រូបនេះ​និយាយថា សភា​លែង​ទុកចិត្ត​នាយករដ្ឋមន្ត្រី​ទៀតហើយ ព្រោះ​លោកស្រី​មិនបាន​អនុញ្ញាត​ឲ្យ​សភា​បោះឆ្នោត​។ បើតាម​លោក Corbyn ការបោះឆ្នោត​មិន​ទុកចិត្ត​នេះ ជា​ផ្លូវ​តែមួយគត់​ដែល​លោក​គិតថា អាចធ្វើ​ឲ្យ​សភា​អាច​បោះឆ្នោត​លើ​កិច្ចព្រមព្រៀង​ជាមួយ​អឺរ៉ុប​នៅត្រឹម​សប្ដាហ៍​ក្រោយ មិនមែន​រង់ចាំ​ដល់​ឆ្នាំក្រោយ​ឡើយ​។​
 
​យ៉ាងណាក្ដី ការបោះឆ្នោត​តាម​សំណើ​របស់​មេដឹកនាំ​ប្រឆាំង នឹងមិន​មានអំណាច​ចាប់​ឲ្យ​អនុវត្ត​ឡើយ បើទោះជា​សមាជិក​ភា​បោះ​គាំទ្រ​លើ​របៀបវារៈ​សម្ដែង​ការមិនទុកចិត្ត​លើ​លោកស្រី ម៉េ​យ៍ ក្ដី​។ មន្ត្រីសភា​អង់គ្លេស​អះអាងថា រដ្ឋាភិបាល​នឹង​សម្រេចចិត្ត​លើ​សំណើ​នេះ ប៉ុន្តែ​វា​ក៏​សិទ្ធិ​របស់​សភា​ដែល​អនុញ្ញាត​ឲ្យ​មានការ​បោះឆ្នោត​តាម​សំណើ​របស់​សមាជិក​។ 
 
​បើ​មានការ​បោះឆ្នោត​មិន​ទុកចិត្ត ហើយ​សមាជិកសភា​ភាគច្រើន​គាំទ្រ​នោះ វា​ក៏​មានន័យថា ប្រជាប្រិយភាព​របស់លោក​ស្រី ម៉េ​យ៍ បាន​ធ្លាក់ចុះ​ក្នុងចំណោម​សមាជិកសភា ហើយ​ដែល​នឹង​ជះឥទ្ធិពល​ដល់​ការបោះឆ្នោត​លើ​កិច្ចព្រមព្រៀង​ជាមួយ​អឺរ៉ុប​ដែរ​។ ម្យ៉ាងទៀត វា​ក៏​អាច​ឈានដល់​ការបោះឆ្នោត​មិន​ទុកចិត្ត​លើ​រដ្ឋាភិបាល​ទាំងមូល រួច​ឈានដល់​ការបោះឆ្នោត​ទូទៅ​ក៏​ថា​បាន​៕ 

Tag:
 Brexit
  អឺរ៉ុប​
  Theresa May
© រក្សាសិទ្ធិដោយ thmeythmey.com