ជាតិ
សេដ្ឋកិច្ច
ទំហំ​ពាណិជ្ជកម្ម​កម្ពុជា​-​បារាំង កើន​ជាង​១​ពាន់​លាន​ដុល្លារ​
18, Dec 2018 , 8:19 pm        
រូបភាព
រូបពីរដ្ឋសភាកម្ពុជា
រូបពីរដ្ឋសភាកម្ពុជា
​ពាណិជ្ជកម្ម​រវាង​កម្ពុ​ជា​និង​បារាំង បាន​កើន​ដល់​ជាង​១​ពាន់​លាន​ដុល្លារ​។ នេះ​ជាការ​លើកឡើង​របស់​ស​ម្តេច ហេង សំរិន ប្រធានរដ្ឋសភា​កម្ពុជា ក្នុងជំនួប​ជាមួយ​លោក សី​វ៉ង់ វ៉ា​សឺ​ម៉​ង់ (Sylvain WASERMAN) អនុប្រធាន​សភា​បារាំង ដែល​កំពុង​ដឹកនាំ​គណៈប្រតិភូ មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​។


 
​បើតាម​សម្តេច ហេង សំរិន កម្ពុជា ជា​ប្រទេស​នាំចេញ​អង្ករ​ច្រើន​ក្នុង​លំដាប់​ទី​២ ទៅកាន់​ប្រទេស​បារាំង ដែលមាន​ប្រមាណ​ជិត​៨​ម៉ឺន​តោន​។ ប្រធានរដ្ឋសភា​កម្ពុជា បន្តថា ក្រៅពី​ទំហំ​ទឹកប្រាក់​វិនិយោគ ប្រទេស​បារាំង​ក៏បានផ្តល់​ជំនួយ​សំខាន់ៗ​ដល់​កម្ពុជា ពិសេស​បារាំង​បាន​ដើរតួនាទី​យ៉ាងសកម្ម​នៅក្នុង​ការស្វែងរក​សន្តិ​ភាព​ឲ្យ​កម្ពុជា រហូត​បង្កើតបាន​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ឆ្នាំ​១៩៩១​។​
 
​ប្រធានរដ្ឋសភា​កម្ពុជា លើកឡើងថា​៖«​រហូតមកដល់​ពេលនេះ កម្ពុជា​-​បារាំង បាន​ផ្លាស់ប្តូរ​ដំណើរ​ទស្សនកិច្ច​ពីគ្នា​ទៅវិញទៅមក​ទាំង​ក្នុង​ក្របខ័ណ្ឌ​នីតិប្រតិបត្តិ​និង​នីតិប្បញ្ញតិ​»​។​
 
​ចំណែក អនុប្រធានរដ្ឋសភា​បារាំង កោតសរសើរ​លើ​កិច្ចសហប្រតិបត្តិការ​និង​ចំណងមិត្តភាព​រវាង​ប្រទេស​កម្ពុជា​-​បារាំង ដោយ​ភាពជិតស្និទ្ធ ជឿជាក់ និង​បើកចំហ ដែល​បាន​ជំរុញ​ឲ្យ​មាន​គម្រោង​និង​ជំនួយ​ជាច្រើន​របស់​បារាំង​មកកាន់​កម្ពុជា​។ លោក ក៏បាន​វាយតម្លៃ​ខ្ពស់​លើ​កិច្ចសហប្រតិបត្តិការ​ផ្នែក​វប្បធម៌​នៃ​ប្រទេស​ទាំងពីរ​ផងដែរ​។ លោក និយាយថា​៖«​នៅ​កម្ពុ​ជាមាន​ពលរដ្ឋ​និង​មន្ត្រីរាជការ​ជាច្រើន នៅតែ​ប្រើប្រាស់​ភាសា​បារាំង​»​។​
 
​សម្តេច ហេង សំរិន ជំរុញ​អ្នកវិនិយោគ និង​អ្នកទេសចរ​បារាំង មក​វិនិយោគ និង​ទស្សនា​នៅ​កម្ពុជា​ឲ្យ​កាន់តែច្រើន​បន្ថែមទៀត​៕
 

Tag:
 ​កម្ពុជា​-​បារាំង​
  ពាណិជ្ជកម្ម​
© រក្សាសិទ្ធិដោយ thmeythmey.com