អន្តរជាតិ
ចិនផ្ដល់មេដាយកិត្តិយសឲ្យបិតាស្ថាបនិកសិង្ហបុរី លី ក្វាន់យូ ដែលជួយខ្លួនក្នុងការកែទម្រង់ លោក លី ក្វាន់យូ ស្វាគមន៍លោក តេង ស៊ាវភីង នាដំណើរទស្សនកិច្ចនៅសិង្ហបុរីក្នុងឆ្នាំ១៩៧៨ ។ (រូបភាព Strait Times)
× រដ្ឋាភិបាលចិន នៅថ្ងៃទី១៨ ខែធ្នូ បានផ្ដល់មេដាយកិត្តិយសដល់អតីតនាយករដ្ឋមន្ត្រីសិង្ហបុរី លី ក្វាន់យូ ដែលបានជួយខ្លួនក្នុងការកែទម្រង់។ ការផ្ដល់មេដាយនេះ ធ្វើឡើងនាឱកាសខួបទី៤០ នៃការដាក់ចេញនយោបាយកែទម្រង់ និងបើកចំហសេដ្ឋកិច្ច។ អតីតមេដឹកនាំចិន តេង ស៊ាវភីង ដែលជាអ្នកផ្ដើមគំនិតនយោបាកែទម្រងនេះ តែងលើកសរសើរការដឹកនាំរបស់លោក លី ដែលធ្វើឲ្យសិង្ហបុរីក្លាយជាប្រទេសអភិវឌ្ឍមួយដូចសព្វថ្ងៃ។
បិតាស្ថាបនិកសិង្ហបុរី លី ក្វាន់ ស្ថិតក្នុងចំណោមជនបរទេស១០នាក់ ដែលទទួលមេដាយមិត្តភាព និងកំណែទម្រង់ពីរដ្ឋាភិបាលចិននៅថ្ងៃទី១៨ ខែធ្នូ ដែលជាខួបទី៤០ នៃគោលនយោបាយកែទម្រង់ និងបើកចំហ។ មេដាយនេះផ្ដល់ឲ្យជនបរទេសណាដែលបានរួមចំណែកក្នុងការអភិវឌ្ឍរបស់ចិននាពេលកន្លងមក។ បុគ្គលផ្សេងទៀតមាន នាយកវេទិកាពិភពលោក Klaus Schwab និងអតីតប្រធានគណៈកម្មាធិការអូឡាំពិកអន្តរជាតិ Juan Antonio Samaranch ជាដើម។
លោក លី និងអតីតមេដឹកនាំចិន តេង ស៊ាវភីង បានជួបគ្នាលើកដំបូងនៅខែវិច្ឆិកា ឆ្នាំ១៩៧៨ ពេលលោក តេង ធ្វើទស្សនកិច្ចនៅសិង្ហបុរី។ ពោល គឺមួយខែមុនលោក តេង ដាក់ចេញគោលនយោបាយកែទម្រង់ និងបើកចំហនៅខែធ្នូ ដដែល។ ចាប់តាំងពីលោក តេង ដល់លោក ស៊ី ជិនភីង នៅពេលបច្ចុប្បន្ន លោក លី បានជួបមេដឹកនាំចិនប្រាំរូប និងធ្វើទស្សនកិច្ចនៅចិន៣៣លើក ហើយដែលត្រូវបានចិនជាមិត្តចាស់ទៀតផង។
បើតាមទូរទស្សន៍ចិន CGTN អតីតនាយករដ្ឋមន្ត្រីសិង្ហបុរីបានប្រាប់លោក តេង ថា ប្រជាជនចិននៅសិង្ហបុរីជាច្រើនមានដើមកំណើតនៅចិន ហើយទៅដល់សិង្ហបុរីក្នុងនាមជាពលករ មិនសូវចេះអក្សរ អត់ឃ្លាន តែឧស្សាហ៍ព្យាយាម។ ដូចនេះបើសិង្ហបុរីអាចអភិវឌ្ឍតាមលឿនតាមលក្ខខណ្ឌបែបនេះ ក៏គ្មានហេតុផលអ្វីដែលចិនមិនអាចធ្វើបានល្អដែរ។ ក្នុងឆ្នាំ១៩៩២ ពេលទស្សនកិច្ចក្នុងខេត្ត Guangdong លោក តេង បង្ហាញបំណងរៀនសូត្រតាមបទពិសោធរបស់សិង្ហបុរី។
បន្តបន្ទាប់មក សិង្ហបុរីបានបញ្ជូនអ្នកប្រឹក្សាទៅចិនជាច្រើនលើកដើម្បីជួយចិនក្នុងការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេស។ ជាផ្នែកនៃការជួយចិន សិង្ហបុរីបានចូលរួមក្នុងគម្រោងទ្វេភាគីជាច្រើនដូចជាសួនឧស្សាហកម្ម Suzhou និងទីក្រុងអេកូ Tianjin ។ នេះក៏ព្រោះតែគម្រោងអភិវឌ្ឍរួមនេះ ជួយឲ្យចិនអាចរៀនសូត្រតាមសិង្ហបុរីបានងាយស្រួល ដោយអ្នកជំនាញសិង្ហបុរីអាចហ្វឹកហាត់មន្ត្រីចិននៅកន្លែងតែម្ដង។
សូមបញ្ជាក់ដែរថា ក្រៅពីជនបរទេស១០នាក់ ជនជាតិចំនួន១០០នាក់ ក៏ទទួលបានមេដាយកិត្តិយសដែរចំពោះតួនាទីរបស់ពួកគេក្នុងការរួមចំណែកអភិវឌ្ឍប្រទេស។ ស្ថបនិកក្រុមហ៊ុន Alibaba លោក Jack Ma អតីតតារាបាល់បោះល្បីឈ្មោះ Yao Ming អតីតនាយិកាអង្គការសុខភាពពិភពលោក Margaret Chan សុទ្ធតែទទួលបានមេដាយ ដែលប្រគល់ដោយថ្នាក់ដឹកនាំចិន៕
Tag:
ចិន
លី ក្វាន់យូ
តេង ស៊ាវភីង
© រក្សាសិទ្ធិដោយ thmeythmey.com