អន្តរជាតិ
ប្រមុខការទូតថៃ បកស្រាយរឿងមិនចង់ឲ្យមានអ្នកសង្កេតការណ៍ពេលបោះឆ្នោតឆ្នាំ២០១៩ រដ្ឋមន្រ្តីការបរទេសថៃ ដុន ប្រាមុដវីណៃ (រូបភាព The Nation)
× រដ្ឋមន្ត្រីការបរទេសថៃ ដុន ប្រាមុដវីណៃ បានបកស្រាយការអធិប្បាយរបស់លោកជុំវិញការមិនអនុញ្ញាតឲ្យមានអ្នកសង្កេតការណ៍អន្តរជាតិក្នុងការបោះឆ្នោតឆ្នាំ២០១៩ ។ សម្ដីរបស់លោកធ្វើឲ្យមានប្រតិកម្មខ្លាំងពីអ្នកនយោបាយក្នុងស្រុក និងអ្នកគាំទ្រប្រជាធិបតេយ្យ។ យ៉ាងណាមិញ ការបោះឆ្នោតមានវត្តមានអ្នកសង្កេតការណ៍អន្តរជាតិឬអត់នោះ ជាភារកិច្ចដាច់មុខរបស់គណៈកម្មការរៀបចំការបោះឆ្នោតថៃ។
ប្រមុខការទូតថៃ ដុន ប្រាមុដវីណៃ បាននិយាយការពារសម្ដីដើមរបស់លោកទាក់ទងវត្តមានអ្នកសង្កេតការណ៍អន្តរជាតិក្នុងការបោះឆ្នោតខែកុម្ភៈ ឆ្នាំ២០១៩ ។ ក្នុងសន្និសីទសារព័ត៌មានថ្ងៃទី១៨ ខែធ្នូ លោក ដុន ពន្យល់ថា ថៃមិនមែនជាប្រទេសថ្មីដែលមិនដឹងពីរបៀបរៀបចំការបោះឆ្នោត ហើយត្រូវការអ្នកសង្កេតការណ៍អន្តរជាតិឡើយ។ លោកនៅតែចាត់ទុកវត្តមានអ្នកសង្កេតការណ៍អន្តរជាតិ ជារឿងមិនចាំបាច់ដដែល។
សម្រាប់រដ្ឋមន្ត្រីការបរទេសថៃរូបនេះ ថៃមានបទពិសោធគ្រប់គ្រាន់ ហើយដំណើរការកន្លងមក ក៏មានតម្លាភាពដែរ។ បើតាមកាសែតថៃ The Nation លោក ដុន លើកឡើងថា វត្តមានអ្នកការទូតធ្វើជាអ្នកសង្កេតការណ៍ គួរតែគ្រប់គ្រាន់ហើយ។
ដោយឡែកអ្នកនាំពាក្យក្រសួងការបរទេសថៃ Busadee Santipitaks បាននិយាយបែបការពារលោក ដុន ថា ថៃមានសមត្ថភាពក្នុងការរៀបចំការបោះឆ្នោតដោយមិនចាំបាច់មានជំនួយអន្តរជាតិឡើយ។ ស្រដៀងគ្នានឹងសម្ដីប្រមុខការទូតថៃដែរនោះ លោកស្រីអ្នកនាំពាក្យរូបនេះបញ្ជាក់ថា មានតែប្រទេសទើបរៀបចំការបោះឆ្នោតប៉ុណ្ណោះទើបត្រូវការអ្នកសង្កេតការណ៍បរទេសដើម្បីតាមដានដំណើរការបោះឆ្នោតរបស់ខ្លួន។
មកទល់សព្វថ្ងៃនេះ ថៃបានរៀបចំការបោះឆ្នោតចំនួន២៧ដងហើយ តាំងពីការផ្លាស់ប្ដូររបបដឹកនាំជារាជាណាចក្រអាស្រ័យរដ្ឋធម្មនុញ្ញនៅឆ្នាំ១៩៣២ ។ យ៉ាងណាមិញ លោកស្រី Busadee អះអាងថា ការបោះឆ្នោតឆ្នាំ២០១៩ ជាព្រឹត្តិការណ៍សំខាន់ជាងការបោះឆ្នោតរាល់ដង និងជាឱកាសសំខាន់សម្រាប់ប្រជាជនថៃគ្រប់រូបចូលរួម។ ដូចនេះ ការបោះឆ្នោតដើម្បីប្រជាជនថៃ និងដោយប្រជាជនថៃ គឺប្រសើរជាងការពាក់ព័ន្ធជាមួយជនបរទេសដែលមិនយល់នយោបាយរបស់ថៃ។
យ៉ាងណាមិញ នាយករដ្ឋមន្ត្រីថៃ ប្រាយុទ្ធ ចន្ទអូចា ធ្លាប់និយាយថា វត្តមានអ្នកសង្កេតការណ៍អន្តរជាតិក្នុងការបោះឆ្នោតដែលគេរង់ចាំជាងបួនឆ្នាំមកហើយនោះ នឹងត្រូវសម្រេចដោយគណៈកម្មការរៀបចំការបោះឆ្នោតថៃ។ ប៉ុន្តែគណៈកម្មការនេះមិនទាន់បញ្ចេញយោបល់អ្វីលើរឿងនេះនៅឡើយទេ។ សម្រាប់អ្នកនយោបាយផ្សេងវិញ ការចូលរួមរបស់អ្នកសង្កេតការណ៍អន្តរជាតិរឿងសំខាន់ដើម្បីធានាសុចរិតភាព និងប្រក្រតីភាពក្នុងការបោះឆ្នោត៕
Tag:
ថៃ
ដុន ប្រាមុដវីណៃ
© រក្សាសិទ្ធិដោយ thmeythmey.com