អន្តរជាតិ
ត្រាំ ចេញ​បញ្ជា​ឲ្យ​បង្កើត​ទីបញ្ជាការ​អវកាស ខណៈ​អង្គភាព​ទ័ព​អវកាស​មិនទាន់​ចេញ​រូបរាង​
19, Dec 2018 , 10:39 pm        
រូបភាព
​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ នៅ​ថ្ងៃទី​១៨ ខែធ្នូ បានចេញ​បញ្ជា​ឲ្យ​មន្ទីរ​បញ្ច​កោណ​បង្កើត​ទីបញ្ជាការ​អវកាស (Space Command) ដើម្បី​គ្រប់គ្រង​ប្រតិបត្តិការ​យោធា​នៅ​ទីល​ម្ហ​។ ទីបញ្ជាការ​ថ្មី​នេះ នឹង​ប្រមូលយក​អង្គភាព​យោធា​ទាំងអស់​ដែល​ទទួលបន្ទុក​រាល់​ប្រតិបត្តិការ​នៅ​អវកាស បង្កើត​គោលនយោបាយ ក៏ដូចជា​យុទ្ធសាស្ត្រ​ផ្សេងៗ​ដើម្បី​ការពារ​សន្តិសុខ​អាមេរិក​ក្នុង​យុគសម័យ​ថ្មី​។ យ៉ាងណាមិញ អង្គភាព​ថ្មី​នេះ ខុសពី​កម្លាំង​អវកាស​ដែល​លោក ត្រាំ ចង់បាន​។​

 
​ខ្ញុំ​បញ្ជា​ឲ្យ​បង្កើត​ទីបញ្ជាការ​អវកាស ធ្វើជា​ទីបញ្ជាការ​ប្រយុទ្ធ​រួម​តាម​រដ្ឋធម្មនុញ្ញ​អាមេរិក​។ នេះ​ជា​បញ្ជា​របស់​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ ទៅកាន់​រដ្ឋមន្ត្រី​ការពារជាតិ ជេ​ម ម៉ា​ធី​ស នៅ​ថ្ងៃទី​១៨ ខែធ្នូ​។ ទីបញ្ជាការ​ថ្មី​នេះ នឹង​ស្ថិត​ចំណុះ​ក្រសួងការពារជាតិ​អាមេរិក និង​ទទួលខុសត្រូវ​រាល់​ប្រតិបត្តិការ​យោធា​នៅ​ទី​អវកាស​។ ទីបញ្ជាការដ្ឋាន​មួយ នឹងត្រូវ​បង្កើតឡើង ដោយមាន​ទាហាន​ថ្នាក់​ឧ​ត្ត​ម​សេនីយ៍​ផ្កាយ​៤ ជា​មេបញ្ជាការ ហើយ​ដែល​ត្រូវមាន​ការយល់ព្រម​ពី​ព្រឹទ្ធសភា​។​
 
​ជុំវិញ​ដំណើរការ និង​ការប្រព្រឹត្តទៅ​របស់​ទីបញ្ជាការ​ថ្មី​នេះ អនុ​ប្រធានាធិបតី​អាមេរិក ម៉ៃ ផេ​ន និយាយថា ទីបញ្ជាការ​អវកាស​នឹង​រួមបញ្ចូល​សមត្ថភាព​ការពារ​អវកាស​ពី​គ្រប់​អង្គភាព​មកពី​ស្ថាប័ន​យោធា​ទាំងអស់​។ ថ្លែង​ពី​មជ្ឈមណ្ឌល​អវកាស Kennedy នៅ​ថ្ងៃទី​១៨ ខែធ្នូ លោក​បន្តថា អង្គភាព​ថ្មី​នេះ​នឹង​អភិវឌ្ឍ​ទ្រឹស្តី​អវកាស កល​យុទ្ធ បច្ចេកទេស និង​ដំណើរការ​នានា ដែល​អនុញ្ញាត​ឲ្យ​យោធា​អាមេរិក​អាច​ការពារ​ខ្លួន​បាន​។ 
 
​ទីបញ្ជាការ​អវកាស​នេះ នឹង​ក្លាយជា​ទីបញ្ជាការ​ទី​១១ ចំណុះ​មន្ទីរ​បញ្ច​កោណ​។ កន្លងមក អាមេរិក​បាន​បែងចែក​ផែនទី​ពិភពលោក​ជា​តំបន់​ជាច្រើន និង​មាន​ទីបញ្ជាការ​ប្រយុទ្ធ​មួយ​ដើម្បី​ទទួលខុសត្រូវ​។ នៅ​តំបន់​មជ្ឈិមបូព៌ា​មាន​ទីបញ្ជាការ​កណ្ដាល នៅ​អាស៊ី​ប៉ាស៊ីហ្វិក​មាន​ទីបញ្ជាការ​ឥណ្ឌូ​-​ប៉ាស៊ីហ្វិក នៅ​អាហ្វ្រិក​មាន​ទីបញ្ជាការ​អា​មេ​រិ​ក​-​អាហ្វ្រិក​ជាដើម​។ 
 
​យ៉ាងណាមិញ ទីបញ្ជាការ​អវកាស មិនមែន​ដូច​អង្គភាព​ទ័ព​អវកាស​ដែល​លោក ត្រាំ ប្រកាស​បង្កើត​ឡើយ​។ កាលពី​ខែមិថុនា លោក ត្រាំ បាន​បញ្ជា​ឲ្យ​បង្កើត​អង្គភាព​កងទ័ព​ថ្មី​ទី​៦ ដែលមាន​ឋានៈ​ស្មើ​កងទ័ពជើងគោក ជើង​អាកាស ជើង​ទឹក ទ័ព​ម៉ា​រី​ន និង​កង​ឆ្មាំ​ការពារ​ឆ្នេរ​ដែរ​។ ប្រធានាធិបតី​អាមេរិក​រូបនេះ​អះអាងថា អង្គភាព​ទ័ព​អវកាស​មួយ​នេះ​នឹង​ដោះស្រាយ​បញ្ហា​នៅ​អវកាស និង​ពង្រឹង​អំណាច​អាមេរិក​នៅ​ទី​លម្ហ​ដែរ​។​
 
​យ៉ាងណាក្ដី គម្រោង​នេះ​មិនទាន់​ទទួលបាន​ភ្លើង​ខៀវ​ពី​ស្ថាប័ន​នីតិបញ្ញត្តិ​អាមេរិក​នៅឡើយ​ទេ​។ គំនិត​នេះ​រង​ការសង្ស័យ​ពីស​ភា និង​មន្ត្រី​ការពារជាតិ​អាមេរិក​មួយចំនួន ព្រោះ​ត្រូវ​ចំណាយ​ច្រើន និង​បង្កើត​ការិយាធិបតេយ្យ​កាន់តែច្រើន​ដែរ​។ ម្យ៉ាងទៀត វា​ក៏​នឹង​បង្កើតជា​ទំនាស់​ក្នុង​មន្ទីរ​បញ្ច​កោណ​ដែរ ពិសេស​ជាមួយ​ទ័ពអាកាស​អាមេរិក ដែល​កំពុង​ទទួលខុស​ត្រូវ​ប្រតិបត្តិការ​លម្ហ​អាកាស​ស្ទើរ​ទាំងស្រុង​ទៅហើយនោះ​៕
 

Tag:
 អាមេរិក​
  ដូ​ណា​ល់ ត្រាំ​
  អវកាស
© រក្សាសិទ្ធិដោយ thmeythmey.com