អន្តរជាតិ
កាណាដា​ថា ចិន​ចាប់​ជនជាតិ​ខ្លួន​ទី​៣ តែ​ចិន​ថា មិនដឹង​
20, Dec 2018 , 2:21 pm        
រូបភាព
នាយករដ្ឋមន្រ្តីកាណាដា ចាស្ទីន ទ្រូដូ (រូបភាព Canadian Press)
នាយករដ្ឋមន្រ្តីកាណាដា ចាស្ទីន ទ្រូដូ (រូបភាព Canadian Press)
​មន្ត្រី​កាណាដា នៅ​ថ្ងៃទី​១៩ ខែធ្នូ និយាយថា ជនជាតិ​កាណាដា​ម្នាក់ទៀត ត្រូវបាន​អាជ្ញាធរ​ចិន​ចាប់ខ្លួន​។ ជាមួយ​ការចាប់ខ្លួន​នេះ ចំនួន​ជនជាតិ​កាណាដា​ត្រូវ​ឃាត់ខ្លួន​កើន​ដល់​៣​នាក់​ហើយ បន្ទាប់ពី​ការចាប់ខ្លួន​មន្ត្រីជាន់ខ្ពស់​ក្រុមហ៊ុន​បច្ចេកវិទ្យា​ចិន Huawei ដែល​បច្ចុប្បន្ន​ត្រូវបាន​ដោះលែង​ឲ្យ​នៅក្រៅ​ឃុំ​បណ្ដោះអាសន្ន​។ យ៉ាងណាមិញ អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន​អះអាងថា មិនដឹង​ពី​ការចាប់ខ្លួន​ចុងក្រោយ​នេះឡើយ​។​

 
​ជម្លោះ​ការទូត​រវាង​ក្រុង​ប៉េកាំង និង​ក្រុង​អូ​តា​វ៉ា នៅ​មិនទាន់​ចប់​នៅឡើយ​ទេ​។ អ្នកនាំពាក្យ​មន្ត្រី​ក្រសួង​កិច្ចការ​សាកល​កាណាដា Maegan Graveline បាន​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន AFP ថា ជនជាតិ​កាណាដា ត្រូវបាន​ឃុំខ្លួន​នៅ​ចិន ប៉ុន្តែ​មិនបាន​បញ្ជាក់​ឲ្យ​ច្បាស់​ពី​កំហុស​របស់​ជន​នោះឡើយ​។ ប៉ុន្តែ​ប្រភព​មន្ត្រី​រដ្ឋាភិបាល​កាណាដា​ជឿថា ករណី​ចុង​ក្រោយនេះ​មិន​ពាក់ព័ន្ធ​ករណី​ជនជាតិ​កាណាដា​ពីរ​នាក់​ទៀត ដែល​ត្រូវបាន​ចាប់ខ្លួន​ឡើយ​។​
 
​ជុំវិញ​ករណី​ទី​៣ នេះ អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន Hua Chunying និយាយថា លោកស្រី​មិនដឹង​ពី​ការចាប់ខ្លួន​នេះ​ទេ​។ ក្នុង​សន្និសីទ​សារព័ត៌មាន​ថ្ងៃទី​១៩ ខែធ្នូ អ្នកនាំពាក្យ​រូបនេះ​បាន​ត្រឹម​លើកឡើង​ពី​ករណី​លោក  Michael Kovrig និង​លោក Michael Spavor ដែល​ចាប់ខ្លួន​ក្រោម​ការសង្ស័យថា ធ្វើ​សកម្មភាព​ប៉ះពាល់​សន្តិសុខ​ជាតិ​។​
 
​សារព័ត៌មាន​កាណាដា CBC ផ្សាយ​ថា ជនជាតិ​កាណាដា​ទី​៣ មាន​ឈ្មោះថា Sarah McIver ។ យ៉ាងណាមិញ នាយករដ្ឋមន្ត្រី​កាណាដា ចា​ស្ទី​ន ទ្រូ​ដូ អះអាងថា ករណីនេះ មិន​ទាក់ទង​ករណី​ពីរលើក​មុន​ឡើយ​។ នា​សន្និសីទ​សារព័ត៌មាន​ចុងឆ្នាំ លោក ទ្រូ​ដូ លើកឡើងថា ការចាប់ខ្លួន​ពីរលើក​មុន ជា​ករណី​ធ្ងន់ធ្ងរ​ទាក់ទង​សន្តិសុខ​ជាតិ និង​ចារកម្ម តែ​ករណី​ចុងក្រោយ​នេះ មិនមាន​ពាក់ព័ន្ធ​ការចោទប្រកាន់​អ្វី​ធ្ងន់ធ្ងរ​ឡើយ​។​
 
​ខណៈ​មានការ​ចាប់ខ្លួន​ជនជាតិ​កាណាដា​ជា​បន្តបន្ទាប់​បែបនេះ លោកនាយក​រដ្ឋមន្ត្រី​កាណាដា​ក៏ត្រូវ​បាន​សួរថា ដល់ពេល​ទាក់ទង​មេដឹកនាំ​ចិន​ដោយផ្ទាល់​ឬ​នៅ​ដើម្បី​ស្វែងរក​ការដោះលែង Kovrig និង Spavor ។ លោក ទ្រូ​ដូ ឆ្លើយ​វិញ​ថា បី​ឆ្នាំ​ជា​នាយករដ្ឋមន្ត្រី សម្រាប់​ដោះស្រាយ​បញ្ហា​ដែល​ទាក់ទង​កុងស៊ុល​ឲ្យ​បាន​ជោគជ័យ បញ្ហា​មួយ​ត្រូវមាន​ដំណោះស្រាយ​មួយ ហើយ​ការលើកឡើង​បញ្ហា​ជា​សាធារណៈ អាច​ដោះស្រាយ​រយៈពេល​ខ្លី តែ​មិន​ប្រាកដថា អាចមាន​ការដោះលែង​ជនជាតិ​កាណាដា​ឡើយ​។​
 
​រដ្ឋាភិបាល​ក្រុង​អូ​តា​វ៉ា រង​ការរិះគន់​ខ្លាំង​ចំពោះ​ការរក្សា​ជំហរ​ទន់ភ្លន់​ចំពោះ​ករណី​ជនជាតិ​កាណាដា​ដែល​ត្រូវបាន​អាជ្ញាធរ​ចិន​ចាប់ខ្លួន​នោះ​។ យ៉ាងណា លោក ទ្រូ​ដូ និយាយថា លោក​បាន​ទាក់ទង​ទៅ​ចិន​ដើម្បី​ស្វែងរក​ព័ត៌មាន​ឲ្យ​បាន​ច្រើន​ពី​ការចាប់ខ្លួន​នេះ​៕
 

Tag:
 កាណាដា​
  ចិន
© រក្សាសិទ្ធិដោយ thmeythmey.com