អន្តរជាតិ
អាមេរិក នឹងពន្លឿនការផ្ដល់ជំនួយមនុស្សធម៌ឲ្យកូរ៉េខាងជើង លោក Stephane Biegun តំណាងពិសេសអាមេរិកសម្រាប់កិច្ចការកូរ៉េខាងជើង។ (រូបភាព AFP)
× សហរដ្ឋអាមេរិក បានបង្ហាញឆន្ទៈក្នុងការពន្លឿនការផ្ដល់ជំនួយមនុស្សធម៌ទៅកាន់កូរ៉េខាងជើង ខណៈការដោះស្រាយបញ្ហានុយក្លេអ៊ែរបន្តជាប់ទ្រឹង។ ការបង្ហាញឆន្ទៈនេះ ទំនងជាយុទ្ធសាស្ត្ររបស់ក្រុងវ៉ាស៊ីនតោនក្នុងផ្ដល់ដង្ហើមឲ្យការចរចាដែលសឹងតែអស់ខ្យល់ ដ្បិតទាំងអាមេរិក ទាំងកូរ៉េខាងជើងនៅតែរក្សាជំហរមិនត្រូវគ្នាដដែល។ ជំហានថ្មីរបស់អាមេរិកដែលប្រកាសដោយលោក Stephen Biegun ប្រេសិតពិសេសនេះ ក៏ទំនងជះឥទ្ធិពលដល់ផែនការរៀបចំជំនួបមេដឹកនាំលើកទី២ ដែរ។
ទៅដល់កូរ៉េខាងត្បូងភ្លាម លោក Stephen Biegun ប្រេសិតពិសេសរដ្ឋបាលលោក ដូណាល់ ត្រាំ បានប្រកាសបំណងរបស់អាមេរិកក្នុងការផ្ដល់ជំនួយមនុស្សធម៌របស់អង្គការឯកជនទៅឲ្យកូរ៉េខាងជើង។ ក្នុងសន្និសីទសារព័ត៌មានថ្ងៃទី១៩ ខែធ្នូ នៅព្រលានយន្តហោះ Incheon លោក Biegun ក៏ប្រកាសដែរថា អាមេរិកនឹងអត់ឱនឲ្យបានច្រើនជាងមុនក្នុងការរឹតត្បិតការធ្វើដំណើររបស់ប្រជាជនអាមេរិកទៅកាន់កូរ៉េខាងជើង បើពាក់ព័ន្ធជាមួយកិច្ចការមនុស្សធម៌។
មន្ត្រីទទួលបន្ទុកកិច្ចការកូរ៉េខាងជើងរូបនេះ បានទទួលស្គាល់ពីការលំបាកក្នុងការដឹកជញ្ជូនជំនួយមនុស្សទៅកាន់រដ្ឋកុម្មុយនីស្តមួយនេះ ដែលរងទណ្ឌកម្មយ៉ាងពីសហគមន៍អន្តរជាតិ ហើយការណ៍នេះបានប៉ះពាល់ដល់ការផ្ដល់ជំនួយស្របច្បាប់ដល់ប្រជាជនកូរ៉េខាងជើង។ លោក Biegun ក៏ប្រកាសគម្រោងជួបជាមួយអង្គការមនុស្សធម៌អាមេរិកនៅដើមឆ្នាំក្រោយដើម្បីធានាពីលំហូរជំនួយសមរម្យ ជាពិសេសក្នុងរដូវត្រជាក់នេះ។
កន្លងមក រដ្ឋបាលប្រធានាធិបតី ត្រាំ មិនអនុញ្ញាតឲ្យក្រុមមនុស្សធម៌អាមេរិកធ្វើប្រតិបត្តិការនៅកូរ៉េខាងជើងឡើយ សំដៅធានាថា សម្ពាធអតិបរមានឹងមានដដែល និងម្យ៉ាងដើម្បីការពារសុវត្ថិភាពប្រជាជនអាមេរិកផង។ កូរ៉េខាងជើងដែលរដ្ឋឯកោមួយនេះ ក៏ជាប់ឈ្មោះជាប្រទេសក្រីក្រមួយលើពិភពលោកដែរ ខណៈរបបដឹកនាំប្រទេសនេះមិនសូវគិតគូរលើការរស់នៅរបស់ប្រជាជនឡើយ និងផ្ដោតខ្លាំងតែលើកម្មវិធីនុយក្លេអ៊ែរប៉ុណ្ណោះ។
អ្វីគួរឲ្យចាប់អារម្មណ៍នោះ ការប្រកាសរបស់លោក Biegun អាចជាសញ្ញាបង្ហាញពីឆន្ទៈល្អរបស់អាមេរិកចំពោះកូរ៉េខាងជើង នៅចំពេលដែលការជជែកពីការរំសាយនុយក្លេអ៊ែរកំពុងជាប់គាំង។ ទោះជាយ៉ាងណា គេមិនដឹងថា របបដឹកនាំក្រុងព្យុងយ៉ាងទទួលយកបំណងល្អរបស់ក្រុងវ៉ាស៊ីនតោនឬយ៉ាងណាឡើយ ហើយបន្តការប្ដេជ្ញាចិត្តរបស់ខ្លួនក្នុងការស្វែងរកសន្តិភាព និងឈានទៅរកការលុបបំបាត់នុយក្លេអ៊ែរទាំងស្រុង។
ទីភ្នាក់ងារព័ត៌មាន Yonhap ផ្សាយថា ការប្រកាសរបស់លោក Biegun គឺស្រដៀងគ្នានឹងគំនិតផ្ដួចផ្ដើមរបស់ទីប្រឹក្សាប្រធានាធិបតីកូរ៉េខាងត្បូង ដែលចង់ឲ្យអាមេរិកលើកលែងការរឹតត្បិតការដឹកជញ្ជូនជំនួយខ្លះ ដែលនោះអាចជាសញ្ញាវិជ្ជមានទៅកាន់កូរ៉េខាងជើង។ កូរ៉េខាងត្បូង ប្រឹងដើរតួជាអ្នកសម្របសម្រួលរវាងអាមេរិក និងកូរ៉េខាងជើងដើម្បីដោះស្រាយបញ្ហានុយក្លេអ៊ែរ ប៉ុន្តែមកទល់ពេលនេះមិនមានលទ្ធផលឡើយ៕
Tag:
អាមេរិក
កូរ៉េខាងត្បូង
កូរ៉េខាងជើង
© រក្សាសិទ្ធិដោយ thmeythmey.com