ជាតិ
សុខភាព
អត្ថបទស្រាវជ្រាវសំខាន់បី ដែលនិយាយពីឱសថព្យាបាលជំងឺគ្រុនក្តៅ ទទួលបានពានរង្វាន់គីណាល់ឆ្នាំ២០១៨
× ភ្នំពេញ៖ អត្ថបទស្រាវជ្រាវសំខាន់បី ដែលនិយាយពីឱសថព្យាបាលជំងឺគ្រុនក្តៅ ទទួលបានពានរង្វាន់គីណាល់លើកទី៦ ប្រចាំឆ្នាំ២០១៨ ។ ការរៀបចំកម្មវិធីប្រកួតប្រជែងនេះ គឺចង់លើកកម្ពស់វិធីសាស្ត្រស្រាវជ្រាវផ្នែកព្យាបាល ទាំងផ្នែកបុរាណ និងវិទ្យាសាស្ត្រ។
ប្រធានបទដែលទទួលបានជ័យលាភីលេខ១ ទាក់ទងនឹង«ការសិក្សាអំពីរុក្ខជាតិឱសថបុរាណ ក្នុងការព្យាបាលជំងឺគ្រុនក្តៅ ក្នុងចំណោមមនុស្សចាស់ ក្នុងភូមិកណ្ដឹងធំ ឃុំកណ្ដឹងស្រុកបាទី ខេត្តតាកែវ។ ប្រធានក្រុមជ័យលាភីលេខ១នេះ បាននិយាយថា តាមរយៈការសិក្សាស្រាវជ្រាវ បានរកឃើញពីឱសថបុរាណពីរុក្ខជាតិម្យ៉ាង ដែលមានឈ្មោះថា «ប៉កផ្លែ» ត្រូវបានប្រជាជនយកទៅដាំផឹក ដើម្បីយកទៅបញ្ចុះកម្ដៅ។ បើតាមប្រធានក្រុមនេះ ប្រជាជននៅក្នុងតំបន់នោះ ភាគច្រើននៅតែមានជំនឿលើរុក្ខជាតិបុរាណ។
ចំណែកក្រុមជាប់ជ័យលាភីលេខ២ បានជ្រើសរើសប្រធានបទ«ការសិក្សាទៅលើរុក្ខជាតិឱសថសម្រាប់ព្យាបាលនិងវិធីសាស្ត្រថែទាំចំពោះអាការៈគ្រុនក្តៅ ក្នុងខេត្តកំពង់ស្ពឺឆ្នាំ 2018»។ រីឯក្រុមទទួលបានជ័យលាភីលេខ៣ ទាក់ទងនឹងប្រធានបទ«ការសិក្សាអំពីការប្រើប្រាស់ឱសថបញ្ចុះកំដៅមិនបានត្រឹមត្រូវចំពោះកូនក្មេងនៅក្នុងឱសថស្ថានសហគមន៍ខេត្តកំពង់ចាម 2018»។ ប្រធានបទទាំងពីរនេះ គឺសិក្សាស្រាវជ្រាវផ្នែកឱសថបុរាណ ដើម្បីជំរុញការស្រាវជ្រាវផ្នែកឱសថសាស្ត្រលើវិស័យសុខាភិបាល ឲ្យមានការរីកចម្រើន និងពង្រឹងសមត្ថភាពការយល់ដឹងដល់ប្រជាជន។
សម្រាប់ក្រុមជាប់ជ័យលាភីលេខ១ទទួលបានពាន១ និងប្រាក់ ៤,000 ,000រៀល។រីឯជ័យលាភីពានរង្វាន់លេខ២ ទទួលបានប្រាក់ ២ ,០០០ ,០០០រៀល និងជ័យលាភីលេខ៣ ទទួលបានប្រាក់ ១, ២០០ ,០០០រៀល។
ក្នុងឆ្នាំ២០១៨នេះ មានសិស្សនិស្សិតចំនួន២៦ក្រុម មកពី៦សាកលវិទ្យាល័យ ដែលបានចូលរួមប្រកួតប្រជែង ដោយក្នុងនោះមកពីសកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល, សកលវិទ្យាល័យពុទ្ធិសាស្ត្រ, សកលវិទ្យាល័យអន្តរជាតិ, សកលវិទ្យាល័យន័រតុន, វិទ្យាស្ថានវិទ្យាសាស្ត្រសុខភិបាល ខ ភ ម, និងសាលាបច្ចេកទេសថែទាំវេជ្ជសាស្ត្រ ក្រោមប្រធានបទ «ឱសថសម្រាប់ជំងឺគ្រុនក្តៅ និងការថែទាំ»៕
© រក្សាសិទ្ធិដោយ thmeythmey.com