អន្តរជាតិ
សារព័ត៌មានរុស្ស៊ី៖ ក្រុងមូស្គូចង់ដាក់មូលដ្ឋានទ័ពអាកាសនៅវ៉េណេស៊ុយអេឡា យន្តហោះទម្លាក់គ្រាប់បែក Tu-60 (រូបភាព ENCA)
× ខណៈអាមេរិកសម្រេចចិត្តដកខ្លួនពីសន្ធិសញ្ញានុយក្លេអ៊ែរចម្ងាយមធ្យមនោះ រុស្ស៊ីក៏បានរកផ្លូវវាយបកវិញដែរ។ ដោយស្រង់ពីប្រភពមន្ត្រីយោធា និងការទូត សារព័ត៌មានរុស្ស៊ីមួយផ្សាយថា ក្រុងមូស្គូកំពុងសម្លឹងឃើញការបង្កើតមូលដ្ឋានទ័ពយុទ្ធសាស្ត្រមួយនៅឆ្នេរសមុទ្ររបស់វ៉េណេស៊ុយអេឡា។ ការបញ្ជូនយន្តហោះទម្លាក់គ្រាប់បែកពីរគ្រឿងពីសំណាក់រុស្ស៊ី ធ្វើឲ្យមានការសង្ស័យកាន់តែខ្លាំងពីបំណងពិតរបស់រុស្ស៊ីនៅរដ្ឋអាមេរិកដែលនៅមិនឆ្ងាយពីអាមេរិកប៉ុន្មានឡើយ។
វត្តមានយន្តហោះគ្រាប់បែកយុទ្ធសាស្ត្រ Tu-60 ពីរគ្រឿងរបស់រុស្ស៊ីនៅវ៉េណេស៊ុយអេឡានៅដើមខែនេះបញ្ឆេះជាសង្គ្រាមពាក្យសម្ដីមួយប្រាវរវាងមន្ត្រីអាមេរិក និងរុស្ស៊ី។ ក្រុងវ៉ាស៊ីនតោនមិនស្រួលចិត្តប៉ុន្មានឡើយចំពោះវត្តមានយន្តហោះដ៏មានអានុភាពនេះ ដ្បិតវានៅមិនឆ្ងាយប៉ុន្មានឡើយពីឆ្នេររដ្ឋ Florida របស់អាមេរិក។
ប៉ុន្តែយន្តហោះរុស្ស៊ី មិនត្រឹមហោះទៅមកឡើយ។ សារព័ត៌មានរុស្ស៊ី Nezavisimaya Gazeta ផ្សាយថា រុស្ស៊ីទំនងមានមហិច្ឆតាលើសពីនេះ។ ដោយស្រង់សម្ដីពីប្រភពការទូត និងយោធា កាសែតមួយនេះផ្សាយថា ក្រុងមូស្គូចង់បង្កើតមូលដ្ឋានពាក់កណ្ដាលអចិន្ត្រៃយ៍មួយសម្រាប់យន្តហោះចម្ងាយឆ្ងាយរបស់ខ្លួននៅលើកោះមួយរបស់វ៉េណេស៊ុយអេឡា។ មូលដ្ឋានអាកាសនេះ ជាផ្នែកមួយនៃគម្រោងរបស់រុស្ស៊ីក្នុងការដាក់ទ័ពរយៈពេលវែងនៅក្បែរអាមេរិក។
មូលដ្ឋានយោធាននេះ ស្ថិតលើកោះ Orchila ក្នុងសមុទ្រការ៉ាអ៊ីប និងមានចម្ងាយ១៦០គីឡូម៉ែត្រពីរដ្ឋធានីការ៉ាកាស់។ សារព័ត៌មានរុស្ស៊ីដដែលនេះផ្សាយទៀតថា លើកោះនេះមានទីលានសម្រាប់យន្តហោះចុះចតស្រាប់ និងមានមូលដ្ឋានសម្រាប់ទ័ពជើងទឹកផង ខណៈទ័ពរុស្ស៊ីធ្លាប់ទៅកោះនេះរួចហើយកាលពី១០ឆ្នាំមុន។ អតីតប្រធានាធិបតីវ៉េណេស៊ុយអេឡា ហ៊ូហ្គោ ឆាវេស ក៏ធ្លាប់ស្នើឲ្យរុស្ស៊ីពង្រាយទ័ពនៅលើកោះដែរកាលពីឆ្នាំ២០០៨ តែរុស្ស៊ីស្ទាក់ស្ទើរ។
អាចថា នេះមិនមែនជារឿងប្លែកទេដែលរុស្ស៊ីចង់មូលដ្ឋាននៅវ៉េណេស៊ុយអេឡានោះ។ នេះក៏ព្រោះតែអាមេរិកក៏ត្រៀមធ្វើសកម្មភាពដែលធ្វើឲ្យរុស្ស៊ីក្ដៅស្លឹកត្រចៀកដែរ។ ក្រុងវ៉ាស៊ីនតោនបញ្ជាក់ហើយថា ខ្លួនដើរចេញពីកិច្ចព្រមព្រៀងហាមឃាត់មីស៊ីលចម្ងាយមធ្យម (INF) ហើយ ដែលនេះនឹងបើកផ្លូវឲ្យអាមេរិកអាចពង្រាយមីស៊ីលនៅប្រទេសណាដែលក្បែរុស្ស៊ី។ ដូចនេះ ការបង្កើតមូលដ្ឋាននៅតំបន់ក្បែរផ្ទះអាមេរិក ជាការឆ្លើយតបស្មើភាពមួយ។
យ៉ាងណាក្ដី បើរុស្ស៊ីអនុវត្តគម្រោងនេះមែននោះ វិបត្តិគុយបាទីពីរអាចផ្ទុះឡើងជាថ្មីមិនខាន ហើយការប្រឈមមុខផ្នែកយោធាក៏កើនឡើងកាន់តែខ្លាំងដែរ។ តែបើងាកទៅខាងរដ្ឋាភិបាលក្រុងការ៉ាកាស់វិញ មិនយល់ស្របលើផែនការនេះទេ ហើយម្យ៉ាងច្បាប់វ៉េណេស៊ុយអេឡាក៏មិនអនុញ្ញាតឲ្យមានយោធាអចិន្ត្រៃយលើទឹកដីខ្លួនដែរ។ បើចង់ជម្នះឧបសគ្គ រុស្ស៊ីអាចត្រឹមពង្រាយយន្តហោះរបស់ខ្លួនតាមគោលការណ៍បណ្ដោះអាសន្ន៕
Tag:
រុស្ស៊ី
អាមេរិក
វ៉េណេស៊ុយអេឡា
© រក្សាសិទ្ធិដោយ thmeythmey.com