ជាតិ
រថយន្ត
សេដ្ឋកិច្ច
​ឈប់​ធ្វើ​ប៉ូលិស លោក ជួន ផល្លា មក​កាក់កប​នឹង​របរ​ប៉ះ​កង់​រថយន្ត​ចល័ត​
21, Dec 2018 , 3:12 pm        
រូបភាព
ដោយ: រួបរួម
​លោក ជួន ផល្លា ជា​អតីត​មន្ត្រីប៉ូលិស​មួយរូប​នៅ​ស្រុក​ស្អាង ខេត្តកណ្តាល ប៉ុន្តែ​រយៈពេល​៥​ឆ្នាំ​ចុង​ក្រោយនេះ លោក និង​គ្រួ​សារបាន​ផ្លាស់​មក​ប្រក​បរបរ​ប៉ះ​កង់​រថយន្ត​នៅ​ជាយ​រាជធានី​ភ្នំពេញ​វិញ​។ ថ្វីត្បិតតែ​មាន​ទីតាំង​ត្រឹមត្រូវ​នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៣​ក្នុងភូមិ​សាស្ត្រ​ខណ្ឌដង្កោរ​ក៏ដោយ ប៉ុន្តែ​តែ​លោក ផល្លា ក៏​ទទួល​សេវាកម្ម​ទៅ​ប៉ះ​កង់​រថយន្ត​ចល័ត​ផងដែរ​។​

 
​ម៉ោង​មិនទាន់​៧​ព្រឹក​ស្រួលបួល​ផង លោក ជួន ផល្លា មាន​ម៉ូយ​មួយ​ទៅហើយ​។ នោះ​ជា​រថយន្ត​ប៊ឺ​ស​ដែល​ដឹក​ក្រុម​បុគ្គលិក​សារព័ត៌មាន ThmeyThmey សម្រាប់​ដំ ណើ​រ​កម្សាន្ត​ចុងឆ្នាំ​ឆ្ពោះទៅកាន់​ខេត្ត​កែប និង​កំពត​។ រថយន្ត​បានជា​ន់​ដែកគោល​នៅក្បែរ​ទីតាំង​ចេញដំណើរ ហើយ​ក្រោយ​វិល​កង់​បាន​ប្រមាណ​១០​គីឡូម៉ែត្រ រថយន្ត​បាន​ទៅដល់​មុខ​តូប​របស់លោក ផល្លា ដើម្បី​ជួសជុល​ពោះវៀន​ល្មម​។​


 
​ឈរ​នៅ​ពីមុខ​ផ្ទះ​ប្រក់​ស័ង្កសី​តូច​ល្មម​ដែល​សង់​ពីលើ​ប្រឡាយទឹក ហើយ​ម្ខាង​ទៀត មាន​រថយន្ត​កូរ៉េ​មួយ​បាំង​ផ្ទុក​ដោយ​ម៉ាស៊ីន​សម្រាប់​ប៉ះ​កង់ លោក ជួន ផល្លា បាន​រៀបរាប់​ប្រាប់ថា លោក​អាច​រកចំណូលបាន​សម​រម្យ​ពីរ​បរ​ប៉ះ​កង់​រថយន្ត ក្រោយពី​លោក​បាន​សម្រេចចិត្ត​ឈប់​ធ្វើ​មន្ត្រីនគរបាល​។​
 
«​ខ្ញុំ​អាច​រកចំណូលបាន​ប្រមាណ​៣០​ម៉ឺន​រៀល ទៅ​៤០​ម៉ឺន​រៀល​ក្នុង​មួយថ្ងៃ និង​អាច​លើសពីនេះ​»​។ បុរស​វ័យ​៥៥​ឆ្នាំ​រូបនេះ បាន​អះអាង​យ៉ាង​ដូច្នេះ ប្រាប់​អ្នកយកព័ត៌មាន ThmeyThmey​ដោយមាន​ភរិយា ចាំ​បន្ទរ​ពីក្រោយ​។​


 
​ទីតាំង​បច្ចុប្បន្ន​ដែល​ស្ថិតនៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៣ ក្នុងភូមិ​សាស្ត្រ​ភូមិ​ក្រពើ​ទ្រោម សង្កាត់​រលួស ខណ្ឌដង្កោរ រាជធានី​ភ្នំពេញ ជាទី​តាំង​ដែល​លោក​ទើបតែ​ជួល​នា​រយៈពេល​២​ខែ​ចុងក្រោយ​ប៉ុណ្ណោះ ដោយ​ប្រមាណ​៥​ឆ្នាំកន្លងមក លោក​ប្រក​បរបរ​នេះ នៅ​ម្តុំ​ផ្លូវ​ទៅកាន់​ពន្ធនាគារ​ព្រៃ​សរ​។​
 
​លោក ផល្លា បាន​បញ្ជាក់ថា នៅ​ទីតាំង​ចាស់ ចំណូល​របស់លោក​មិនសូវ​កាក់កប​ដូច​មុន​ឡើយ ព្រោះ​ផ្លូវ​ធ្វើដំណើរ​កាន់តែ​ស្រួល ហើយ​ដោយសារ​ទីតាំង​ជិត​ទីប្រជុំជន​ផងដែរ​នោះ ទើប​គេ​ធ្វើដំណើរ​ទៅ​ហួស មក​ហួស​។​


 
​បុរស​ដែល​អះអាងថា​ខ្លួន​ធ្លាប់ជា​មន្ត្រីប៉ូលិស​រូបនេះ បាន​រៀបរាប់ថា លោក​ឈាន​មក​ប្រក​បរបរ​ប៉ះ​កង់​រថយន្ត ដោយសារតែ​មានការ​ត្រួសត្រាយ​ពី​សំណាក់​កូនប្រសារ​ប្រុស​ទី​ពីរ​របស់ខ្លួន​។ «​ក្រោយ​សង្កេតឃើញថា កូនប្រសារ​ហាក់ដូចជា​កាក់កប​ខ្លាំង នឹង​របរ​ប៉ះ​កង់​រថយន្ត​នេះ ខ្ញុំ​ក៏​រៀន​ធ្វើតាម ដោយ​លែង​ខ្វល់​រឿង​ឡើងបុណ្យស័ក្តិ​នៅក្នុង​ជួរ​ប៉ូលិស​»​។ លោក​បានបញ្ជាក់​យ៉ាង​ដូច្នេះ ខណៈ​ភរិយា​លោក ដែល​ពរ​ចៅប្រុស​ម្នា​ក់នៅ​នឹង​ចង្កេះ បាន​និយាយ​បន្ទរ​ពីក្រោយ​ថា គាត់ [​លោក ផល្លា​] ឈប់​ធ្វើ​ប៉ូលិស​ដោយសារ​អត់​ខ្នង អត់​ខ្សែ​។​


ប៉ះកង់លត? តាមពិតអក្សរមានន័យថា ប៉ះកង់ចល័ត 
 
​លោក ផល្លា និង​ភរិយា មានកូន​៦​នាក់ (​ប្រុស​៤ ស្រី​២) ប៉ុន្តែ​កូន​ទាំងនោះ​សុទ្ធតែ​នៅក្រៅ​បន្ទុក ចំណែក​កូនប្រុស​ពៅ​អាយុ​ជាង​២០​ឆ្នាំ ដែល​រស់នៅ​ជាមួយ​ពួកគាត់ នឹង​ចូល​រោងការ​នៅ​ថ្ងៃទី​៧ ខែមករា ឆ្នាំ​២០១៩ ខាងមុខ​។​
 
​ទាក់ទង​នឹង​ការ​ប៉ះ​រថយន្ត​ចល័ត លោក ផល្លា បញ្ជាក់ថា តម្លៃប្រែប្រួល​ទៅតាម​ទីកន្លែង និង​ពេលវេលា​។ លោក​ពន្យល់ថា​៖ « បើ​ប៉ះ​នៅ​កន្លែង មួយ​បំណះ​តម្លៃ​១​ម៉ឺន​រៀល ប៉ុន្តែ​បើ​សេវា​ចល័ត​វិញ ខ្ញុំ​អាច​ទារ​ថ្លៃ​រហូតដល់​១០​ដុល្លារ ឬ​ច្រើនជាង​ហ្នឹង ជាពិសេស​ចាប់ពី​ម៉ោង​១០​យប់​ទៅ​។ ជាធម្មតា ខ្ញុំ​ហត់នឿយ​ពេញ​មួយថ្ងៃ ដូច្នេះ​បើ​ការហៅ​ទៅខាង​ក្រៅ និង​ពេលយប់​ព្រលប់ ខ្ញុំ​ត្រូវតែ​ទាមទារ​ថ្លៃ​សេវាកម្ម​បន្ថែម ដែល​នេះ​ជា​រឿង​ធម្មតា​ទៅហើយ​»​។​


 
​ជា​ការងារ​នឿយហត់​? សម្រាប់​លោក ផល្លា ដែលមាន​អាយុ​ជាង​៥០​ឆ្នាំ​ទៅហើយនោះ ពិតជា​ទទួលស្គាល់​យ៉ាង​ដូច្នេះ ប៉ុន្តែ​សំណាងល្អ គាត់​មាន​ជំនួយ​ដ៏​ធំ​ពី​កូនប្រុស​ពៅ​របស់ខ្លួន​។ លោក​បញ្ជាក់ថា​៖ «​ភាគច្រើន​ខ្ញុំ​ធ្វើការ​នៅផ្ទះ រីឯ​សេវា​ចល័ត ជា​បន្ទុក​របស់​កូនប្រុស​ខ្ញុំ​»​។ និយាយ​មិនទាន់​ចប់​ផង ភរិយា​គាត់​បាន​ស្រែក​ពីក្រោយ​ថា ៖ «​ក្នុង​មួយថ្ងៃ គាត់​លើក​តែ​៤ ទៅ​៥​កង់ [​កង់​រថយន្ត​] ប៉ុណ្ណោះ ក៏​ចាប់ផ្តើម​ហត់​ទៅហើយ​»​។​
 
​អ្វីដែល​គួរ​ឲ្យ​កត់សម្គាល់​នោះ លោក ផល្លា មិនមែន​រកស៊ី​តែម្នាក់ឯង​នោះឡើយ​។ កូន​របស់លោក​ពីរ​នាក់​ទៀត ក៏​នៅ​បន្ត​រកស៊ី​ប៉ះ​កង់​រថយន្ត​ចល័ត​នេះ​ផងដែរ ដោយ​ពួកគេ​បោះ​ទីតាំងនៅ​ម្តុំ​ផ្សារ​កន្ទួត ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល​។ 


 
​កូនៗ​របស់លោក ផល្លា សុទ្ធ​តែមាន​ដី​ឡូ​តិ៍ ធ្វើ​តូប​ផ្ទាល់ខ្លួន ខណៈ​ទីតាំង​របស់លោក​បច្ចុប្បន្ន គឺ​ជួល​ដី​គេ​ក្នុងតម្លៃ​១០០​ដុល្លារ​អាមេរិក​។ ទោះបីជា​យ៉ាងណាក៏ដោយ លោក ផល្លា អះអាងថា លោក​អាច​រ៉ាប់រង​បាន បើ​ផ្អែក​តាម​ចំណូល​ជាប្រចាំ​ពី​៣០​ទៅ​៤០​ម៉ឺន​រៀល​ក្នុង​១​ថ្ងៃ​។​
 
​ដី​ដែល​លោក​ជួល មាន​លក្ខណៈ​ធំ​ទូលាយ ដែល​អាច​ថត​រថយន្ត​បាន​ច្រើន​គ្រឿង​។ នៅក្រោយ​ផ្ទះ​ឈរ​ប្រប​ទឹក លោក ផល្លា សាង​សង់រោង​មួយទៀត ដែល​នៅ​ទីនោះ គេ​សង្កេតឃើញ ម៉ូតូ Zoomer និង​រថយន្ត​ចាស់​មួយគ្រឿង​សំចត​ចោល រួមទាំង​កង់​រថយន្ត​ចាស់ៗ​ជាច្រើន​ផងដែរ​។​


 
​លោក ផល្លា បាន​បញ្ជាក់ថា​៖ «​ធម្មតា​ភ្ញៀវ​មិនដែល​យក​កង់ឡាន​ចាស់​របស់ខ្លួន​ទៅ​ឡើយ ដូច្នេះ​ខ្ញុំ​សន្សំ​កង់​ទាំងនោះ ដើម្បី​លក់​បន្ត ដោយ​ពីមុន​មួយ​តម្លៃ​ជាង​១​ម៉ឺន​រៀល ប៉ុន្តែ​សព្វថ្ងៃ តម្លៃ​ធ្លា​ក់មក​ត្រឹមតែ​១​ដុល្លារ​ប៉ុណ្ណោះ​»​។​
 
​ទាក់ទង​នឹង​ការប្រកួតប្រជែង លោក ផល្លា លើកឡើងថា មាន​កាន់តែច្រើន ប៉ុន្តែ​លោក​មិន​ព្រួយបារម្ភ​ឡើយ ពីព្រោះ​ម៉ូយ​ជាច្រើន​មាន​លេខ​ទូរ​សព្ទ​លោក និង​កូនៗ​លោក​ស្រាប់​។ លោក​និយាយ​ដោយ​លើក​នាម​បណ្ណ​ដែលមាន​លេខ​ទូរ​សព្ទ​ជាច្រើន រីឯ​ភ្នែក​សំឡឹង​ទៅកាន់​រថយន្ត​របស់ខ្លួន​ដែលមាន​លេខ​ទូរ​សព្ទ​ផងដែរ​។ 
 
​បន្ថែម​ពីលើ​នេះ លោក ផល្លា ត្រៀមលក្ខណៈ​រួចរាល់​ហើយ ប្រសិនបើ​របរ​នេះ លែង​ត្រូវប៉ាន់​នាពេល​អនាគត​។ លោក​បន្ថែមថា​៖ «​ទៅ​ថ្ងៃ​ខាងមុខ ខ្ញុំ​អាច​បើកហាង​លក់​កង់ឡាន ឬ​គ្រឿង​ឡាន​វិញ​»​។​


 
​ដល់​ម៉ោង​ល្មម​ដែល​ក្រុម​អ្នកទេសចរ​ពី​សារព័ត៌មាន ThmeyThmey ត្រូវ​ឡើង​រថយន្ត​បន្តដំណើរ​ទៅ​ខេត្ត​កែប និង​កំពត​។ ប៉ុន្តែ​មុននឹង​ទទួលពាក្យ​​លា លោក ផល្លា បាន​ឆ្លៀត​ស្រែក​ប្រាប់ថា លោក​ក៏​ជា​អតីត​អ្នកសារព័ត៌មាន​ម្នាក់​ផងដែរ​....៕
 

© រក្សាសិទ្ធិដោយ thmeythmey.com