អន្តរជាតិ
ប្រធានាធិបតី​ពូ​ទីន ៖ លោកខាងលិច​បង្ករឿង​ដាក់​រុស្ស៊ី ព្រោះ​រុស្ស៊ី​ជា​មហាអំណាច​រះ​ត្រដែត​
21, Dec 2018 , 5:19 pm        
រូបភាព
​ប្រធានាធិបតី​រុស្ស៊ី វ្ល៉ា​ឌី​មៀ ពូ​ទីន បាន​និយាយ​រិះគន់​លោកខាងលិច​ដែល​ព្យាយាម​ដាក់​សម្ពាធ និង​បង្កើត​រឿង​ចោទ​រុស្ស៊ី​មិនចេះចប់​មិនចេះហើយ​។ នា​សន្និសីទ​សារព័ត៌មាន​ប្រចាំឆ្នាំ លោក ពូ​ទីន អះអាងថា អ្វីដែល​បស្ចិម​លោក​បានធ្វើ គឺជា​ការព្យាយាម​ទប់ស្កាត់​ការ​ងើបឡើង​របស់​រុស្ស៊ី​ជា​មហាអំណាច​ពិភពលោក​។ យ៉ាងណាមិញ សេដ្ឋកិច្ច​របស់​រុស្ស៊ី​នៅតែ​អាច​ស៊ូទ្រាំ​នឹង​ទណ្ឌកម្ម​របស់លោក​ខាងលិច ទោះ​មាន​ផល​អវិជ្ជមាន​ខ្លះ​ក្ដី​។​

 
​ទំនាក់ទំនង​រវាង​រុស្ស៊ី និង​លោកខាងលិច គឺជា​ប្រធានបទ​សំខាន់​មួយ​ក្នុង​សន្និសីទ​សារព័ត៌មាន​ប្រចាំ​របស់​ប្រធានាធិបតី​រុស្ស៊ី វ៉ា្ល​ឌី​មៀ ពូ​ទីន នៅ​ថ្ងៃទី​២០ ខែធ្នូ​។ ទំនាក់ទំនង​រុស្ស៊ី និង​លោកខាងលិច បាន​ធ្លាក់ចុះ​ខ្លាំង ដោយ​រុស្ស៊ី​រង​ការ​ចោទថា បាន​លូកលាន់​កិច្ចការ​ផ្ទៃក្នុង​ប្រទេស​ជាច្រើន ក៏ដូចជា​ធ្វើ​សកម្មភាព​ចារកម្ម​ដែរ ហើយ​នេះ​ក៏​នាំ​ឲ្យ​មហាអំណាច​មួយ​រង​ទណ្ឌកម្ម​ជាច្រើន​ដែរ​ពិសេស​ពី​សំណាក់​អាមេរិក ទោះ​រុស្ស៊ី​ប្រឹង​បដិសេធ​ក្ដី​។​
 
​ឆ្លើយ​នឹង​សំណួរ​ពី​ឥទ្ធិពល​របស់​ទណ្ឌកម្ម​របស់​បស្ចិមប្រទេស លោក ពូ​ទីន និយាយថា បញ្ហា​នេះ​ទាក់ទង​នឹង​កំណើន​ឥទ្ធិពល​របស់​រុស្ស៊ី​។ បើតាម​ទីភ្នាក់ងារ​ព័ត៌មាន AFP មេដឹកនាំ​រុស្ស៊ី​រូបនេះ​ពន្យល់ថា ប្រទេស​មហាអំណាច​តែងមាន​គេ​ធ្វើ​ឲ្យ​អំពល់ទុក្ខ​រហូត​ទាល់តែ​ចុះខ្សោយ​វិញ​។ 
 
​បន្ថែម​ពីនេះ លោក​ប្រធានាធិបតី​រុស្ស៊ី​ក៏​ទាត់ចោល​ការចោទប្រកាន់​របស់លោក​ខាងលិច​ជុំវិញ​សកម្មភាព​ចារកម្ម​ដែរ​។ លោក ពូ​ទីន បាន​លើកយក​ករណី​ប៉ុនប៉ង​ធ្វើឃាត​លោក Sergey Skripal ដែល​អង់គ្លេស​ចោទ​រុស្ស៊ី​ថា នៅ​ពី​ក្រោយខ្នង​តែម្ដង ខណៈ​អាមេរិក​ឯណោះ​ដែល​ជឿ​សម្ដី​អង់គ្លេស​នោះ ក៏​ដាក់ទណ្ឌកម្ម​លើ​រុស្ស៊ី​មួយ​ជាន់​ទៀត​។ លោក ពូ​ទីន អះអាងថា បើ​គ្មាន​ករណី Skripal ក៏​លោកខាងលិច​បង្កើត​រឿង​ផ្សេង​ដែរ​។​
 
​សំណុំរឿង​ចារកិច្ច​រុស្ស៊ី​ដែល​ធ្វើការ​ឲ្យ​អង់គ្លេស​រូបនេះ ធ្វើ​ឲ្យ​ទំនាក់ទំនង​អង់គ្លេស និង​រុស្ស៊ី​ធ្លាក់​ដល់​កម្រិត​មួយ​ដែល​លោក ពូ​ទីន ហៅថា ដល់​ចំណុច​ទ័លច្រក​។ សម្រាប់​ប្រធានាធិបតី​រុស្ស៊ី ការណ៍​ដែល​អង់គ្លេស​បង្ករឿង​ឃាតកម្ម​នេះ មាន​គោលដៅ​តែមួយគត់ គឺ​ទប់ស្កាត់​ការអភិវឌ្ឍ​របស់​រុស្ស៊ី និង​បំបាក់មុខ​រុស្ស៊ី​តែម្ដង​។  
 
​ក្នុង​សន្និសីទ​សារព័ត៌មាន​ដដែល​នេះ លោក ពូ​ទីន បាន​និយាយ​ដល់​ប្រធានបទ​ជាច្រើន​តាំងពី​រឿង​ផ្ទាល់ខ្លួន នយោបាយ រហូតដល់​បញ្ហា​សេដ្ឋកិច្ច​ជាដើម​។ គោលដៅ​របស់លោក គឺ​ធ្វើយ៉ាងណា​ដឹកនាំ​រុស្ស៊ី​ឲ្យ​ក្លាយជា​មហាអំណាច​សេដ្ឋកិច្ច​ទី​៥ ។ តាម​ទិន្នន័យ​របស់​អង្គការ​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ សេដ្ឋកិច្ច​រុស្ស៊ី​កំពុងស្ថិត​ក្នុង​លំដាប់​ទី​១២ ខណៈ​អាមេរិក​ស្ថិតនៅ​លំដាប់​ទី​១ តាម​ពីក្រោយ​ដោយ​ចិន ជប៉ុន អាល្លឺម៉ង់ និង​ចក្រភព​អង់គ្លេស​៕ 

Tag:
 ​រុស្ស៊ី​
  អាមេរិក​
  វ្ល៉ា​ឌី​មៀ ពូ​ទីន​
© រក្សាសិទ្ធិដោយ thmeythmey.com