ជាតិ
សង្គមជាតិ
សុខភាព
កម្ពុ​ជាមាន​រោងចក្រ​ផលិត​អាហារ​ព្យាបាល​កុមារ​ដែលមាន​បញ្ហា​កង្វះ​អាហារូបត្ថម្ភ​ធ្ងន់ធ្ងរ​ស្រួចស្រាវ​
22, Dec 2018 , 8:59 pm        
រូបភាព
​ភ្នំពេញ​៖ កុមារ​កម្ពុជា​ក្រោម​អាយុ​៥​ឆ្នាំ ចំនួន​២,៦​ភាគរយ មាន​បញ្ហា​កង្វះ​អាហារូបត្ថម្ភ​ធ្ងន់ធ្ងរ​ស្រួចស្រាវ និង​៨​ភាគរយ​កំពុង​ជួបប្រទះ​បញ្ហា​កង្វះ​អាហារូបត្ថម្ភ​កម្រិត​មធ្យម​។ ដើម្បី​រួមចំណែក​ដោះស្រាយ​បញ្ហា​នេះ កម្ពុជា​បានដាក់​ឲ្យ​ដំណើរការ​ទីតាំង​ផលិត​នំ​នូ​ទ្រី​ក​(Nutrix) ដែលជា​អាហារ​ព្យាបាល​បញ្ហា​កង្វះ​អាហារូបត្ថម្ភ​ធ្ងន់ធ្ងរ​ស្រួចស្រាវ កាលពី​ថ្ងៃទី​១៧ ខែធ្នូ​កន្លងទៅ​។  នំ​នូ​ទ្រី​ក​(Nutrix) ផលិត​ផ្សំ​ពី​សាច់​ត្រី និង​វត្ថុធាតុដើម​ដែលមាន​ស្រាប់​នៅក្នុង​ស្រុក​ដទៃទៀត​។​


 
​ថ្លែង​ក្នុង​ពិធី​ដាក់​ដំណើរការ​ទីតាំង​ផលិត​នេះ លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល នំ​នូ​ទ្រី​ក​(Nutrix) ជា​អាហារ​ព្យាបាល​ប្រភេទ​ថ្មី អាច​ព្យាបាល​កុមារ​ដែលមាន​បញ្ហា​ខ្វះ​អាហារូបត្ថម្ភ​ធ្ងន់ធ្ងរ​ស្រួចស្រាវ បាន​យ៉ាងហោចណាស់ ២​ម៉ឺន​៥​ពាន់​នាក់ ក្នុង​មួយឆ្នាំ​។  បើតាម​រដ្ឋមន្ត្រីក្រសួង​សុខាភិបាល ការចាប់ផ្តើម​ផលិត​អាហារ​ព្យាបាល​នេះ នឹង​ជួយ​ធានា​ឲ្យ​មាន​ផលិតផល​ក្នុងស្រុក សម្រាប់​ព្យាបាល​បញ្ហា​កង្វះ​អាហារូបត្ថម្ភ​ធ្ងន់ធ្ងរ​ស្រួចស្រាវ​។ លោក ម៉ម ប៊ុនហេង បញ្ជាក់​ដូច្នេះ​៖«​ក្នុង​រយៈពេល​៥​ឆ្នាំ​ចុង​ក្រោយនេះ មាន​ដៃគូ​ជាច្រើន​ជួយ​យើង​ក្នុងការ​អភិវឌ្ឍន៍​ផលិតផល​នេះ​។ យើង​សង្ឃឹមថា ភាពជា​ដៃគូ​ថ្មី​នេះ នឹង​ជួយ​ឱ្យ​យើង​អាច​ពង្រីក​ការព្យាបាល​បន្ថែមទៀត ដល់​កុមារ​ដែល​កំពុង​ជួប​បញ្ហា​កង្វះ​អាហារូបត្ថម្ភ​ធ្ងន់ធ្ងរ​ស្រួចស្រាវ »​។ 


 
​សូមជម្រាបថា នំ​នូ​ទ្រី​ក​នេះ រួមគ្នា​ផលិត​ដោយ​អង្គការ​យូ​នី​សេ​ហ្វ​, វិទ្យាស្ថាន​ស្រាវជ្រាវ​បារាំង​ដើម្បី​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​(IRD), សាកលវិទ្យាល័យ កូ​ផេ​ន​ហេ​ហ្គិ​ន​(Copenhagen University_UC) និង​ក្រុមហ៊ុន Danish Care Foods(DCF) ប្រទេស​ដា​ណឺ​ម៉ាក សហការ​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា សម្រាប់​ព្យាបាល​បញ្ហា​កង្វះ​អាហារូបត្ថម្ភ​ធ្ងន់ធ្ងរ​ស្រួចស្រាវ​របស់​កុមារ​។​


 
​អ្នកស្រី វី​វៀន​ណា ប៊េ​ល​ម៉ុង​តេ នាយក​ស្តីទី​អង្គការ​យូ​នី​សេ​ហ្វ​ប្រចាំ​តំបន់​អាស៊ី និង​ប៉ាស៊ីហ្វិក បាន​សាទរ​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ចំពោះ​ការផ្តល់​អាទិភាព​ដល់​ការឆ្លើយតប​នឹង​បញ្ហា​កង្វះ​អាហារូបត្ថម្ភ ដោយ​ពង្រឹង​នូវ​សេវា​ព្យាបាល​នៅ​គ្រប់​បរិបទ​ទាំងអស់​។ 


 
​កម្ពុជា ជា​ប្រទេស​ទី​២​នៅក្នុង​តំបន់ ដែល​កំពុង​ផលិត​អាហារ​សម្រាប់​ព្យាបាល ដែល​អាច​ប្រើប្រាស់  បាន​ភ្លាមៗ​នេះ​ដោយ​ខ្លួនឯង​។ នេះ​បើតាម​អ្នកស្រី វី​វៀន​ណា ប៊េ​ល​ម៉ុង​តេ និង​ដែល​បាន​បន្តថា​៖«​ជា​រៀងរាល់ឆ្នាំ នៅ​តំបន់​អាស៊ី និង​ប៉ាស៊ីហ្វិក មាន​កុមារ​ក្រោម​អាយុ​៥​ឆ្នាំ ជាង​៥​លាន​នាក់ កំពុង​រងគ្រោះ ពី​បញ្ហា​កង្វះ​អាហារូបត្ថម្ភ​ធ្ងន់ធ្ងរ​ស្រួចស្រាវ​។ បញ្ហា​នេះ​ជា​មូលហេតុ​ចម្បង​មួយ ដែលនាំឱ្យ​កុមារ​ក្រោម​អាយុ​៥​ឆ្នាំ បាន​បាត់​បង់ជីវិត​»​។​
 
 
​កម្ពុជា អាច​ផ្តល់​នំ​ត្រី​នូ​ទ្រី​ក  ដែលជា​អាហារ​ព្យាបាល​បែប​អាហារសម្រន់ និង​មានតម្លៃ​សមរម្យ​ដល់​កុមារ ដែល​កំពុង​ជួប​បញ្ហា​កង្វះ​អាហារូបត្ថម្ភ​ធ្ងន់ធ្ងរ​ស្រួចស្រាវ នៅតាម​សហគមន៍​ដាច់​ស្រ​យោល​ក្រីក្រ តាមរយៈ​មណ្ឌល​សុខភាព​មូលដ្ឋាន​។ តាម​ការប៉ាន់ស្មាន ក្នុង​មួយឆ្នាំ កុមារ​ប្រមាណ ៦​ម៉ឺន ទៅ​៩​ម៉ឺន​នាក់ ត្រូវការ​ការព្យាបាល​ពិសេស​ពី​នំ​ទ្រី​ក​៕ 




 

Tag:
 ជំងឺ​
 ​អាហារូបត្ថម្ភ​
 ​ម៉ម ប៊ុនហេង​
© រក្សាសិទ្ធិដោយ thmeythmey.com