ជាតិ
បទយកការណ៍ / បទសម្ភាសន៍
សម្បូរ​អ្នកជំរុញ​ឲ្យ​សំដែង​សិល្បៈ​បុរាណ​ញឹកញាប់ តែ​ពេល​រៀបចំ​មិនសូវមាន​ការឧបត្ថម្ភ​ឡើយ​
23, Dec 2018 , 8:59 am        
រូបភាព
​ភ្នំពេញ​៖ រាល់​ការសម្ដែង​របាំ​បុរាណ​ភាគច្រើនបំផុត ពិបាក​រក​ម្ចាស់​ឧបត្ថម្ភ​គាំទ្រ​ណាស់​។ បញ្ហា​ដែល​ក្រុម​សិល្បៈ​វប្បធម៌​បុរាណ​ខ្មែរ តែងតែ​ជួប​ជា​ញឹកញយ​នោះ​គឺ​ថវិកា​។ ទាំង សម្ដេចព្រះរាម នរោត្តម បុប្ផា​ទេវី និង​លោក ព្រឿង ឈាង សុទ្ធតែ​បានលើកឡើង​ដូចគ្នា​ថា ក្រុម​របាំ​បុរាណ​ចង់​សម្ដែង​ឱ្យបាន​ញឹកញាប់ និង​ទៀងទាត់ តែ​ក្រសួង​គ្មាន​លទ្ធភាព​គ្រប់គ្រាន់​។


 
​ដើម្បី​បាន​ជ្រាប​ច្បាស់​សូម​ស្ដាប់​បទ​យកការណ៍​ដែល​រៀបចំ​ដោយ​កញ្ញា ប៉ូ សា​គុន ដូចតទៅ​៖



 
​ប្រជាជន​គ្រប់រូប​ក្នុង​ប្រទេសមួយ មាន​កាតព្វកិច្ច​ទ្រទ្រង់​សម្បត្តិ​បេតិកភណ្ឌ​ជាតិ​។ សិល្បៈ វប្បធម៌ ប្រពៃណី និង​ទំនៀមទម្លាប់ មិនអាច​គង់វង្ស​នៅបាន​ឡើយ បើ​ជនរួមជាតិ​មិនបាន​យល់​តម្លៃ និង​មិនបាន​រួមគ្នា​ជួយ​ជ្រោង​រាល់​សកម្មភាព រួមទាំង​ការសម្ដែង​ផ្សេងៗ​។ 
 
​ផ្ទុយទៅវិញ​កន្លងមក ស្ទើរតែ​គ្រប់ការ​សម្ដែង​សិល្បៈ​បុរាណ​ខ្មែរ​ទាំងអស់ តែងតែ​ឮ​ពាក្យ​ត្អូញត្អែរថា​ពិបាក​រក​អ្នក​ជួយឧបត្ថម្ភ​គាំទ្រ​។ ពេលខ្លះ​ការសម្ដែង​មិនមាន​អ្នក​ទៅ​ទស្សនា ឬ​ការគាំទ្រ​មិន​ទៀងទាត់​។ បើ​គិត​ឱ្យ​មែនទែនទៅ មានតែ​មនុស្ស​មួយក្រុម​តូច​តែប៉ុណ្ណោះ ដែល​ធ្វើការ​ទាក់ទង​ទៅនឹង​សិល្បៈ​វប្បធម៌​ជាតិ ក្នុងចំណោម​ប្រជាជន​ខ្មែរ​សរុប​ប្រមាណ​១៦​លាន​នាក់​។ ដូច្នេះ​បើ​មនុស្ស​ទាំង​១៦​លាន​នាក់​យល់​ពី​តម្លៃ​សិល្បៈ​វប្បធម៌​ជាតិ ប្រាកដ​ណាស់​ថា មរតក​ដូនតា​ទាំងនេះ​នឹង​គង់វង្ស​យូរអង្វែង​តរៀង​ទៅ​។​


 
​ទីប្រឹក្សា​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ លោក ព្រឿង ឈាង លើកឡើងថា រាល់​ការសម្ដែង​សិល្បៈ​បុរាណ​កន្លងមក ថវិកា​បាន​ពី​ការ​ឧបត្ថម​របស់​ក្រុមហ៊ុន​នានា តែ​ទោះជា​យ៉ាងណាក៏ដោយ ក្រសួង​ពិតជា​ពិបាក​រក​ម្ចាស់ជំនួយ​។ លោក ព្រឿង ឈាង បន្ថែម​៖«​យក​ថវិកា​ហ្នឹង​បាន​តិចតួច​ទេ​។ ជួនកាល​បាន​អ្នក​ឧបត្ថម្ភ តែ​មិន​គ្រប់គ្រាន់​ទេ​។ ដូច​លោក ស៊ុំ សា​កា​រា ដូច​ខាង​សុវណ្ណ​ភូមិ បាន​អ្នក​ឧបត្ថម្ភ​តិចតួច​មក​ក៏​មិន​គ្រប់​ដែរ ដូច្នេះ​លក់​សំបុត្រ​បន្តិច​ទៅ ដើម្បី​យកមក​ផ្សំផ្គុំ​គ្នា​»​។​
 
​ការសម្ដែង​មួយចំនួន​តម្រូវឱ្យ​លក់​សំបុត្រ ដើម្បី​ប្រមូល​ថវិកា​ខ្លះ​ទប់ទល់​ការចំណាយ​ដ៏​ច្រើន លោក ព្រឿង ឈាង បញ្ជាក់​យ៉ាង​ដូច្នេះ ៖«​សម្តេចព្រះរាម​សម្ដែង​ម្ដងៗ គ្រាន់តែ​ថ្លៃ​ភ្លើង ថ្លៃ sound ថ្លៃ system អស់​៣​ពាន់​ទៅ​៥​ពាន់​ដុល្លារ យើង​ណា​មានលទ្ធភាព​។ យើង​សម្ដែង​ភ្លើង​ចឹ​ង​បានទេ បាន តែ​វា​ខូច​តម្លៃ​។ ដូច​ត្បូង យើង​ត្រូវការ​ភ្លើង​មក​រំលេច​ទៀត​។ គេ​យក តែ​គេ​ចុះ​តម្លៃ គេ​មិនមែន​មិន​យក​សោះ​ទេ ដើម្បី​ចំណាយ​ថ្លៃ​ទឹក​ភ្លើង តែបើ​ឯកជន​ជួល​គេ​យក​ពេញ​ថ្លៃ​។ គេ​ជួយ​ដែរ​ក្រសួង​វប្បធម៌ និយាយ​ឱ្យ​មែនទែនទៅ​»​។ 
 
​ដើម្បីឱ្យ​សិល្បៈ​វប្បធម៌​ខ្មែរ ស្ថិតនៅ​ជិតស្និត​ជាមួយ​ប្រជារាស្ត្រ​កម្ពុជា និង​បាន​សម្ដែង​ជា​ទៀងទាត់ គម្រោង​មូលនិធិ​សម្រាប់​ទ្រទ្រង់​សិល្បៈ​ខ្មែរ ក៏បាន​កើតឡើង​យូរ​មកហើយ​ដែរ តែ​ទីប្រឹក្សា​ក្រសួង​វប្បធម៌​លោក ព្រឿង ឈាង ថា​នៅមាន​បញ្ហា​ការគ្រប់គ្រង​ថវិកា​។ «​គំនិត​នេះ​ក៏​យើង​ធ្លាប់មាន តែ​យើង​ត្រូវ​សិក្សា​ឱ្យ​មែនទែន ព្រោះ​បញ្ហា​រៃអង្គាស​នេះ​វា​មានមុខ​២ បើ​ធ្វើ​ល្អ​រីកចម្រើន ធ្វើ​មិនល្អ​រឿង​។ ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ​នាំគ្នា​សិក្សា​រក​យន្ន​ការ​មួយ​ឱ្យមាន​តម្លាភាព ដើម្បីឱ្យ​អ្នកធ្វើការ​ជាមួយគ្នា និង​អ្នក​បង់​វិភាគទាន ដែល​គេ​ជា​សប្បុរសជន​ហ្នឹង​គេ​អស់ចិត្ត​ដែរ​។ គឺជា​កាតព្វកិច្ច​មួយ​ដែលថា​យើង​បាន​ចូលរួម​ដែរ​»​។ លោក ព្រឿង ឈាង បញ្ជាក់បន្ថែម​។​
 
​លោក​បន្ថែមថា កន្លងមក​ក្រសួង​មានគំនិត​ច្រើនណាស់ ដើម្បី​ធ្វើយ៉ាងណា ឱ្យ​សិល្បៈ​បុរាណ កាន់តែ​ផុលផុស ក្នុង​ស្រទាប់​មហាជន​។ លោក​បញ្ជាក់​យ៉ាង​ដូច្នេះ ៖« ក្រសួង​បានអនុម័ត​រួចហើយ​ថា​មិនឱ្យ​សាលចតុមុខ​នៅ​ទទេ តែ​នៅ​ទាស់​រឿង​ថវិកា​។ សមាគម និង​អង្គការក្រៅរដ្ឋាភិបាល​អី​យើង​ហៅ​មក ដែល​គាត់​ធ្លាប់ជួយ តែ​ដើម្បី​ឱ្យមាន​និរន្តរភាព តើ​យើង​ត្រូវធ្វើ​ម៉េច​។

ត្រូវមាន​ប្រាក់​តម្កល់​មួយ​។ ចង់​លើកយក​គ្រប់​ទម្រង់​សិល្បៈ​ទាំងអស់​ឱ្យ​រស់​ឡើងវិញ​ឱ្យមក​លេង​។ ចង់ឱ្យ​តាម​សាលា មានកម្ម​វិធី​បង្ហាញ​អ្វី​ទៅជា​ល្ខោន តែ​គេ​ស្គាល់​គេ​ស្រឡាញ់​ហើយ​»​។
   
​ព្រោះតែ​ការផ្សព្វផ្សាយ​នៅមានកម្រិត ទើបបានជា​កន្លងមក មានកូន​ខ្មែរ​មួយចំនួន​យល់ច្រឡំ​ថា ខ្មែរ​បាន​យក​សិល្បៈ​បរទេស​ធ្វើជា​របស់ខ្លួន លោក ព្រឿង ឈាង បាន​ពន្យល់​យ៉ាង​ដូច្នេះ ៖« រហូតដល់​មាន​ប្អូនៗ​ខ្លះ តែមាន​មួយចំនួន​តូច​ទេ គាត់​ធ្លាប់​ឃើញ​ប្រទេសជិតខាង​មាន ដំបូង​គាត់​ថា​ម៉េច​ក៏​យក​របស់គេ បានន័យថា​គាត់​មិនដឹង តែ​មកពី​យើង​មិនដែល​បង្ហាញ​។ នេះហើយ​ដែលជា​ការព្រួយបារម្ភរ​បស់​ក្រសួង​វប្បធម៌​។ ជួនកាល​ជា​របស់​យើង តែ​យើង​ខាន​ប្រើ​យូរ ក៏​គេ​យកទៅ​ប្រើ​។ ឥឡូវនេះ​ក្រសួង​ធម្មការ​និង​វិចិត្រសិល្បៈ ធ្វើ​អ្វីដែល​បាត់បង់​ទៅ ដែលមាន​តម្លៃ​សកល យើង​ធ្វើ​ឡើងវិញ​»​។ 


 
​ទីប្រឹក្សា​ក្រសួង​រូបនេះ បន្ថែមថា ការ​ទៅ​ទស្សនា​គឺជា​ការគាំទ្រ និង​លើកទឹកចិត្ត​ដ៏​ធំធេង ដល់​សិល្បករ​ទៅហើយ​។ «​ការចូលរួម​ទស្សនា​គឺជា​ការគាំទ្រ​មួយ មិនមែន​ថា​ប្រាក់​ហ្នឹង​ជាធំ​ទេ ប្រាក់កម្រៃ​ហ្នឹង​មិនបាន​យូរ​ទេ​។ ការ​មក​ទស្សនា​នេះហើយ​ធ្វើឱ្យ​ពួក​ខ្ញុំ​ដែលជា​ចាស់ៗ ដែល​ជិត​លា​លោក​នេះ​ទៅហើយ តែ​ពួក​ខ្ញុំ​ខ្ជាក់​តម្រិះ​ឱ្យ​ក្មេង ដូច​ដូនតា​ខ្ជាក់​ទុកឱ្យ​ខ្ញុំ ឥឡូវ​ខ្ញុំ​ខ្ជាក់​តទៅទៀត​។ ដូច​ប្រាសាទ​អង្គ​វត្ត​រាប់​សតវត្សរ៍​អាច​រស់​បាន​។ ដើម្បីឱ្យ​សិល្បៈ​អាចរ​ស់បាន ទាល់តែ​បងប្អូន​ខ្មែរ​ត្រូវតែ​ឧបត្ថម្ភ​គាំទ្រ លើកទឹកចិត្ត​ដល់​សិល្បៈ​វប្បធម៌​ជាតិ មិនមែន​ត្រឹមតែ​របាំ​ទេ អ្វី​ដែលជា​មរតក​រប​ស់​ដូនតា​យើង​»​។ នេះ​ជាការ​បញ្ជាក់​របស់លោក ព្រឿង ឈាង​។ 
 
​សម្ដេចព្រះរាម នរោត្តម បុប្ផា​ទេវី ជា​អតីត​នាដកា​របាំ​ព្រះរាជ​ទ្រព្យ​ដ៏​ល្បីល្បាញ​កាលពី​ទសវត្សរ៍​ទី​៦០ ទ្រង់មាន​ស្នា​ព្រះហស្ត​ជាច្រើន​លើ​សិល្បៈ​បុរាណ​ខ្មែរ​។ ព្រះអង្គ​មាន​ព្រះបន្ទូល​ថា  ទាល់តែ​កូន​ខ្មែរ​គ្រប់រូប យល់​ទាំងអស់គ្នា​ថា សិល្បៈ​វប្បធម៌​ទាំងអស់​ជា​របស់​ជាតិ មិនមែនជា​របស់​បុគ្គ​ល​ណា ឬ​ក្រុម​ណាមួយ​ឡើយ គឺ​ខ្មែរ​គ្រប់រូប​ជា​ម្ចាស់ ទើប​ពួកគេ​មានគំនិត​ថែរក្សា​។ ព្រះអង្គ​មាន​ព្រះបន្ទូល​បញ្ជាក់​យ៉ាង​ដូច្នេះ​៖«​បងប្អូន​ខ្មែរ​យើង​ហ្នឹង​គាត់​យល់​តម្លៃ​ថា សិល្បៈ​បុរាណ​របស់​ជាតិ មិនមែន​របស់​អ្នកណា របស់ ហ្លួង​ណា មិនមែន​របស់​ជីដូន​ខ្ញុំ របស់​ឪពុក​ខ្ញុំ ឬ​របស់ខ្លួន​ខ្ញុំ​ផ្ទាល់​មិនមែន​ទេ គឺជា​របស់​ជាតិ របស់​កម្ពុជា ថែមទាំង​ចូល យូណេស្កូ ពី ២០០៣ ហ្នឹង​ទៀត គឺថា​គេ​ទទួលស្គាល់ថា​ជា​របស់​ជាតិខ្មែរ របស់​ប្រទេស​ខ្មែរ ត្រូវតែ​យល់​រឿង​ហ្នឹង ហើយ​ទៅបាន​យើង​អាចជួយ​បាន​»​។​
 
​សម្ដេចព្រះរាម ទ្រង់​ក៏​សោកស្ដាយ​ចំពោះ​ការសម្ដែង​កន្លងមក តែ​ក្នុង​កម្មវិធី​ជាតិ​ធំៗ និង​ទទួល​តែ​ភ្ញៀវកិត្តិយស​សំខាន់ៗ ដោយ​មិនបាន​សម្ដែង​ជា​សាធារណៈ​ច្រើន​។ ព្រះអង្គ មាន​ព្រះបន្ទូល​បន្ថែមថា ទ្រង់​ពិតជា​ចង់​រៀបចំ​សម្ដែង​សិល្បៈ​បុរាណ​ឱ្យ​កូន​ខ្មែរ​គ្រប់រូប បាន​ស្គាល់ និង​សិក្សា​បន្ថែម តែ​នៅ​ខ្វះ​លទ្ធភាព​។ «​យើង​មានការ​សោកស្ដាយ​ដែរ ដោយ​ថា​យើង​រាំ​ទទួល​តែ​ភ្ញៀវ​ធំៗ កម្មវិធី​ធំៗ ការដែល​យើង​មិនបាន​រៀបចំ​ដូចជា​ក្មួយ​ស្រី​មួយ​ខាង លើកឡើង​អម្បាញ់មិញ គឺថា​ចង់​ឱ្យបាន​ផ្សព្វផ្សាយ​ទៅដល់​ប្រជាជន​ខ្មែរ ឱ្យ​គាត់​បានឃើញ​បាន​ស្គាល់ តែ​បានឃើញ​បាន​ស្គាល់​គាត់​នឹង​ខំ​ថែរក្សា​សិល្បៈ​វប្បធម៌​បុរាណ​»​។ នេះ​ជាការ​បន្ថែម​របស់​សម្ដេច​ព្រះរាម​។​
 
​រាជបុត្រី​ច្បង​របស់​អតីត​ព្រះមហាវីរក្សត្រ ព្រះ​បរម​រតណ​កោដ ទ្រង់មាន​ព្រះបន្ទូល​ថា ថ្វី​ដ្បិត ការហាត់​រៀន​របាំ​បុរាណ​មានការ​លំបាក ត្រូវ​ហាត់​ពី​ក្មេង និង​ប្រើពេល​យូរ​យ៉ាងណាក្ដី តែ​កុមារ​ជាច្រើន​នៅតែ​ស្រឡាញ់ និង​នៅតែ​បន្ត​ហាត់រៀន​។ សម្ដេចព្រះរាម បញ្ជាក់ ៖«​ខ្ញុំ​មានការ​សប្បាយរីករាយ​ម្យ៉ាង កូន​ខ្មែរ​យើង​ទោះ​តែ​បានដឹងហើយថា របាំ​ក្បាច់​ខ្មែរ​បុរាណ​នេះ​មានការ​ពិបាក​ហាត់រៀន​ណាស់ ត្រូវ​ហាត់រៀន​តាំងពី​នៅ​អាយុ​ក្មេង មិន​ហាត់រៀន​ក្នុង​មួយឆ្នាំ ឬ​ធំ​ហើយ ហាត់​មួយឆ្នាំ​ឬ​៦​ខែ​អី​បានទេ​។ យ៉ាងតិច​៦​ទៅ​៧​ឆ្នាំ បាន​អាច​យកទៅ​សម្ដែង​បាន​។ សប្បាយចិត្ត​ត្រង់​ឃើញថា កូន​ខ្មែរ​ស្រឡាញ់​»​។ 
 
​ចំណែក​នាដកា​របាំ​បុរាណ កញ្ញា សិរី វណ្ណ​កុ​សន ចូល​ហាត់​របាំ​តាំងពី​អាយុ​៩​ឆ្នាំ បាន​និយាយថា​នាង​ពិត​ជាមាន​មោទកភាព ដែល​ខ្លួន​ចេះ​រាំ​របាំ​ក្បាច់បុរាណ​ខ្មែរ​។ នាដកា​របាំ​បុរាណ វ័យ​២៤​ឆ្នាំ​រូបនេះ មិន​រួញរា​ក្នុងការ​រាំ​របាំ​ឡើង បើទោះបីជា​ត្រូវ​ចំណាយពេល​តែងខ្លួន​ប្រមាណ​៥​ម៉ោង​មុន រៀងរាល់​ការសម្ដែង​ក្ដី​។ កញ្ញា វណ្ណ​កុ​សន បញ្ជាក់ ៖« ត្រូវ​ការប្រើ​កម្លាំង​ច្រើន អ្នក​សម្ដែង​គឺ​ត្រូវ​តែង​ចាំ​មុន​យ៉ាងតិចណាស់​ក៏​៤​ទៅ​៥​ម៉ោង​ដែរ ហើយ​របាំ​មុខ​ស​នេះ​ទៀត គឺ​ត្រូវ​តែង​រឹតតែ​យូរ​ជាង​ទៀត ដោយសារតែ​យើង​ត្រូវ​លាបម្សៅ​។ ហើយ​ការសម្ដែង​ក៏​រៀង​ពិបាក​ជាង​រាំ​ធម្មតា​ក្បាច់​ឥឡូវ​ដែរ​។ ក្បាច់​កាលពី​សម័យ​ព្រះករុណា សម្ដេច ស៊ី សុវត្ថិ ហ្នឹង​ពិបាក​ជាង ប្រើ​កម្លាំង​ច្រើនជាង គឺ​ជើង​ត្រូវតែ​ទាប​រហូត ដៃ​អី​លើក​ខ្ពស់ៗ​អីចឹង ចឹ​ង​ពិបាក​មែនទែន​»​។ 


 
 នារី​រូបនេះ​មិនបាន​អន់ចិត្ត ដែល​កូន​ខ្មែរ​មួយចំនួន​ឱ្យ​តម្លៃ​ខ្ពស់​ទៅលើ​សិល្បៈ​បរទេស ជាង​សិល្បៈ​ខ្លួន​ឡើង ដោយ​នាង​ថា​នេះ​ជា​សិទ្ធិសេរីភាព​របស់​បុគ្គ​ល​ម្នាក់ៗ តែ​សម្រាប់​នាង សិល្បៈ​បុរាណ​ខ្មែរ ជា​ដួងព្រលឹង​របស់​ជាតិ​។ ទោះជា​យ៉ាងណា នារី​រូប​ស្រស់​រូបនេះ នៅតែ​ស្នើ​ដល់​ជនរួមជាតិ​ខ្មែរ​ទាំងអស់ សូម​ព្យាយាម​ទៅ​ទស្សនា​ការសម្ដែង​សិល្បៈ​បុរាណ​ឱ្យបាន​កាន់តែច្រើន ដើម្បី​ទទួលបាន​ចំណេះ​បន្ថែម​។ 
 
«​មាន​ទឹកចិត្ត​ថា​ខឹង​គេ​ឬក៏​ម៉េច​ទេ ព្រោះថា​មនុស្ស​ម្នាក់ៗ​គេ​មានការ​ស្រឡាញ់​ខុសៗ​គ្នា​។ សម្រាប់​គេ គេ​ស្រឡាញ់​សិល្បៈ​របៀប​សម័យ សម្រាប់​ខ្ញុំ ខ្ញុំ​ស្រឡាញ់​របៀប​បុរាណ​។ វា​ល្អ​សម្រាប់​ខ្ញុំ ព្រោះ​ពេលដែល​ខ្ញុំ​ចេញទៅ​ក្រៅប្រទេស ខ្ញុំ​បាន​ផ្សព្វផ្សាយ​វប្បធម៌​របស់ខ្ញុំ​ទៅឱ្យគេ​បាន​សិក្សា​រៀនសូត្រ​ពី​របាំ​បុរាណ​។ ការសម្ដែង​សិល្បៈ​មិនមែន​ល្អមើល បាន​មាន​ប្រយោជន៍​ទេ ទោះជា​អត់​ល្អមើល យើង​មើល​មិន​យល់​ក៏​យើង​បាន​រៀនសូត្រ​អី​មួយ​ពី​ការសម្ដែង​ហ្នឹង​ដែរ​។ ខ្ញុំ​យល់ថា​កូន​ខ្មែរ​ទាំងអស់គ្នា គួរតែ​ទៅ​ទស្សនា​ឱ្យបាន​ទាំងអស់គ្នា​»​។ នេះ​ជាការ​បញ្ជាក់បន្ថែម​រប​ស់ កញ្ញា វណ្ណ​កុ​សន​។  
 
​បញ្ហា​ចម្បង​ដែល​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ​កំពុងតែ​ជួប គឺ​រាល់​ការសម្ដែង​សិល្បៈ​វប្បធម៌​ជាតិ ជាពិសេស​សិល្បៈ​បុរាណ នៅ​ខ្វះ​ថវិកា​ក្នុង​ការចំណាយ​ផ្សេងៗ​។ ក្នុង​ស្មា​តី​ជារួម កូន​ខ្មែរ​គ្រប់រូប​មាន​កាតព្វកិច្ច​រួមចំណែក​ជ្រោង​សិល្បៈ​វប្បធម៌​ជាតិ តាម​គ្រប់​រូបភាព​។ ហើយ​ដើម្បីឱ្យ​ការសម្ដែង​របាំ​បុរាណ មាន​និរន្តរភាព គំនិត​ផ្ដួចផ្ដើម​ឱ្យមាន​ការចូលរួម​វិភាគទាន ពី​ជនរួមជាតិ​ខ្មែរ​គ្រប់រូប គឺជា​រឿង​គួរ​ពិចារណា​។ ចំណែក​ក្រសួងសាមី ត្រូវតែ​ធ្វើយ៉ាងណា​រៀបចំ​រចនាសម្ព័ន្ធ​គ្រប់គ្រង​ថវិកា​ឱ្យបាន​ច្បាស់លាស់​បំផុត ដើម្បីឱ្យ​ម្ចាស់ជំនួយ រួមទាំង​ប្រជាពលរដ្ឋ​ខ្មែរ​គ្រប់រូប មាន​ទំនុកចិត្ត​ថា​ប្រាក់រ​របស់ខ្លួន ពិតជា​ផ្ដល់​ប្រយោជន៍​ដល់​ជាតិ​៕
 

Tag:
 របាំ​ព្រះរាជ​ទ្រព្យ​
  របាំ​ក្បាច់បុរាណ​
  សិល្បៈ
 ​របាំ​
  សម្តេចព្រះរាម ន​រោ​ត្ដម បុប្ផា​ទេវី​
  ព្រឿង ឈាង
© រក្សាសិទ្ធិដោយ thmeythmey.com