ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ចូលចិត្ត​ញុាំ “​ខ្វិត​” ឬ​អត់​? ផ្លែឈើ​នេះ​អាច​ផ្ដល់​អត្ថប្រយោជន៍​ស្មាន​មិន​ដល់​ជាច្រើន​ចំពោះ​សុខភាព​
23, Dec 2018 , 6:59 pm        
រូបភាព
ដោយ: ថ្មីៗ
​ខ្វិត ជា​ដំណាំ​ឈើ​ហូប​ផ្លែ​មួយ​ប្រភេទ​ដែល​ពេញនិយម​ណាស់ដែរ​ក្នុងប្រទេស​កម្ពុជា ហើយ​ផ្លែឈើ​នេះ​មិន​សម្បូរ​រាល់ថ្ងៃ​ឡើយ​ដោយ​វា​ចេញ​ផ្លែ​ទៅតាម​រដូវ​។ ផ្លែ​ខ្វិត​អាច​ទទួលទាន​បាន​ទាំង​នៅពេល​ខ្ចី​, ចាស់ និង​ទុំ គ្រាន់តែ​នៅពេល​ខ្ចី​វា​មាន​រសជាតិ​ចត់ ហើយ​ជូរអែម​នៅពេល​ចាស់ ឬ​ទុំ​។ ទោះបីជា​ភាគច្រើន​នៃ​ពួកយើង​ស្គាល់ និង​ធ្លាប់​ទទួលទាន​ផ្លែឈើ​នេះ​ក៏ដោយ ប៉ុន្តែ​ប្រហែលជា​មិនបាន​គិតដល់​ទេ​ថា ផ្លែ​ខ្វិត អាច​ផ្ដល់​ផល​ល្អប្រសើរ​ជាច្រើន​ចំពោះ​សុខភាព​! 


 
​ថ្ងៃនេះ​យើង នឹង​បង្ហាញ​ឲ្យ​ដឹង​ពី​អត្ថប្រយោជន៍​គួរ​ឲ្យ​ភ្ញាក់ផ្អើល​នៃ​ផ្លែ​ខ្វិត ៖
 
១. ល្អ​សម្រាប់​សុខភាព​ថ្លើម និង​តម្រងនោម​
 
​ផ្លែ​ខ្វិត មាន​ផ្ទុក​សម្បូរ​ទៅដោយ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម និង​សមាសធាតុ​មួយចំនួន​ដែល​ប្រយុទ្ធប្រឆាំង​រ៉ាឌីកាល់​សេរី ហើយ​ថែមទាំង​ជួយ​ធ្វើ​ឲ្យ​ដំណើរការ​មុខងារ​ផ្សេងៗ​នៃ​រាងកាយ​មាន​លក្ខណៈ​កាន់តែ​ប្រសើរឡើង​ផងដែរ​។ ផ្លែ​ខ្វិត​ជា​ប្រភព​ដ៏​ល្អ​នៃ​សារធាតុ Beta-carotene, សារធាតុ Thiamine និង Riboflavin ដែល​ជួយ​ពង្រឹង​សុខភាព​ថ្លើម ហើយ​សាច់​នៃ​ផ្លែឈើ​នេះ​ក៏​ដើរតួនាទី​ជា​សារធាតុ​បន្សាប​ជាតិពុល​ផ្សេងៗ​បែប​ធម្មជាតិ​ដែល​ជួយ​ការពារ​សុខភាព​តម្រង​នោម និង​ថ្លើម​។​
 
២. គ្រប់គ្រង​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម (​ករណី​បង្កដោយ Fluoride) 
 
Fluoride ជា​កត្តា​ដ៏​សំខាន់បំផុត​មួយ​ដែល​ជះឥទ្ធិពល​លើ​កម្រិត​នៃ​ជាតិ​ស្ករ​ក្នុង​ឈាម​។ សារធាតុ  Fluoride ក្នុង​ទឹក​ដែល​អ្នក​ទទួលទាន​បង្កើន​ការ​ធន់​ទៅនឹង​ជាតិ​គ្លុយកូស​នៃ​ឈាម​ដែល​បណ្ដាល​ឲ្យ​កើត​បញ្ហា​ជាតិ​ស្ករ​ក្នុង​ឈាម​ឡើង​ខ្ពស់​។ ផ្លែ​ខ្វិត គឺមាន​ប្រយោជន៍​ណាស់​ក្នុងការ​គ្រប់គ្រង​សារធាតុ fluoride ដែល​បង្កបញ្ហា​ជាតិ​ស្ករ​ក្នុង​ឈាម​ឡើង​ខ្ពស់ ក៏​ព្រោះ​សាច់​នៃ​ផ្លែឈើ​នេះ​មាន​ផ្ទុក​សមាសធាតុ​ដូចជា Saponis, Phytosterols, Flavonoids, Polyphenols និង Ascorbic acid ដែលមាន​ប្រសិទ្ធិភាព​គ្រប់គ្រង​កម្រិត​នៃ​ជាតិ​ស្ករ​ក្នុង​ឈាម​។ ដូច្នេះ​ការទទួល​ទាន​ផ្លែ​ខ្វិត​អាចជួយ​កាត់បន្ថយ​កម្រិត​នៃ​ជាតិ​ស្ករ​ក្នុង​ឈាម​បាន​យ៉ាង​ប្រសើរ​។​
 
៣. ព្យាបាល​ពស់​ចឹក និង​ឃ្មុំ​ទិច​
 
​តាំងពី​សម័យបុរាណ​មក​នៅក្នុង​ប្រទេស​ឥណ្ឌា សំបក​នៃ​ដើម​ខ្វិត​ត្រូវបាន​គេ​ប្រើ​សម្រាប់​ព្យាបាល​ពស់​ចឹក ហើយ​សំបក​ផ្លែ​ខ្វិត​វិញ គឺ​ប្រើ​សម្រាប់​ព្យាបាល​ឃ្មុំ​ទិច​។​
 
៤. ជួយ​រំលាយ​អាហារ​
 
​ការទទួល​ទាន​ផ្លែ​ខ្វិត​ទុំ អាចជួយ​ទប់ស្កាត់​បញ្ហា​ទល់លាមក​បាន​យ៉ាង​មាន​ប្រសិទ្ធិភាព​តាមរយៈ​សារធាតុ laxative ដែល​វា​មាន​ផ្ទុក​។ ផ្លែ​ខ្វិត ក៏​ជួយ​កម្ចាត់​ប៉ា​រ៉ា​សិត​ក្នុង​ពោះវៀន និង​ជា​ឱសថ​មួយ​ដ៏​ល្អ​សម្រាប់​ព្យាបាល​ជំងឺ​រំលាយ​អាហារ​ផងដែរ​។​
 
៥. ជា​ប្រភព​ដ៏​ប្រសើរ​នៃ​សារធាតុចិញ្ចឹម​ច្រើន​ប្រភេទ​
 
​ផ្លែ​ខ្វិត មាន​ផ្ទុក​សម្បូរ​ទៅដោយ Carbohydrates និង ប្រូតេអ៊ីន រួមទាំង​វីតាមីន A, B, C ជាតិ​កាល់ស្យូម​, ផូស្វ័រ ក៏ដូចជា​ជាតិ​ស​សៃ ដែល​ជួយ​រក្សាសុខ​ភា​ពរាងកា​យ​ល្អ​រឹងមាំ ជៀស​ផុតពី​ជំងឺ​ផ្សេងៗ​។​
 
​ទោះជា​យ៉ាងណា កុំ​ទទួលទាន​ច្រើនពេក​ក៏​ព្រោះ​វា​អាច​បណ្ដាល​ឲ្យ​អ្នក​ហើមពោះ​, ឈឺពោះ និង​ឈឺបំពង់ក​បាន​!
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com