ជាតិ
រដ្ឋាភិបាល​កំពុង​រៀប​ចំ​វត្ត​អារាម ឲ្យ​ក្លាយជា​រមណីយដ្ឋាន​ទេសចរណ៍​
23, Dec 2018 , 7:19 pm        
រូបភាព
​រដ្ឋាភិបាល​កម្ពុជា​កំពុង​ជំរុញ​ឲ្យ​វត្ត​អារាម​ទាំងអស់ ក្លាយទៅជា​រមណីយដ្ឋាន​ទេសចរណ៍ ដើម្បី​ទាក់ទាញ​ភ្ញៀវទេសចរ​ជាតិ អន្តរជាតិ មក​ទស្សនា​កម្សាន្ត ដែល​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​អាច​រកចំណូលបាន តាមរយៈ​ពុទ្ធសាសនា​។ នេះ​ជាការ​លើកឡើង​របស់លោក ហ៊ឹម ឆែម រដ្ឋមន្ត្រី ក្រសួង​ធម្មការ និង​សាសនា ក្នុង​ពិធី​អនុ​សំ​វច្ចរ​មហាសន្និបាត​ម​ន្ត្រី​សង្ឃ​ទូទាំងប្រទេស លើក​ទី​២៧ នា​ព្រឹក​ថ្ងៃទី​២១ ខែ ធ្នូ ឆ្នាំ​២០១៨​នេះ​។​


 
​លោក ហ៊ឹម ឆែម និយាយថា​៖« ក្រសួង​បាន​កំពុង​ជំរុញ​ឲ្យ​វត្ត​អារាម​នៅ​ទូទាំងប្រទេស ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល ក្នុងការ​រៀបចំ​ទីវ​ត្ត​អារាម​ឲ្យ​ក្លាយទៅជា​តំបន់​មរ​ណី​យ​ដ្ឋា​ន​ទេសចរណ៍ ដោយមាន​ការគ្រប់គ្រង​ល្អ មាន​បរិស្ថាន​ល្អ ដើម្បី​ទាក់ទាញ​ភ្ញៀវទេសចរ​ជាតិ អន្តរជាតិ ចូល​ទស្សនា សិក្សា ឈ្វេងយល់​ពី​វប្បធម៌ ប្រពៃណី និង​បង្កើន​ចំណូល​ថវិកាជាតិ ក្នុងទិសដៅ​កាត់បន្ថយ​ភាពក្រីក្រ តាមរយៈ​ព្រះពុទ្ធសាសនា​»​។ 
 
​ព្រះពុទ្ធសាសនា បាន​ដើរតួនាទី​យ៉ាងសំខាន់​ក្នុងសង្គម​កម្ពុជា ផ្នែក​អប់រំ សីលធម៌ សុជីវធម៌ ដល់​ប្រជាជន​កម្ពុជា និង​រួមចំណែក​អភិវឌ្ឍន៍​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​សង្គម ដូចជា ស្ពាន ផ្លូវថ្នល់ សាលារៀន មន្ទីរពេទ្យ​ជាច្រើន​ផងដែរ​។ នេះ​បើតាម​លោក​រដ្ឋមន្ត្រីក្រសួង​ធម្មការ​ដដែល​។​
 
​សម្ដេច ហេង សំរិន ប្រធានរដ្ឋសភា បាន​សំណូមពរ​ដល់​ពុទ្ធសាសនិកជន​ទាំងអស់ មេត្តា​រួមគ្នា​ប្រតិបត្តិ​តាម​ឱវាទ​ព្រះសម្មាសម្ពុទ្ធ​បរមគ្រូ​នៃ​យើង ឲ្យ​បាន​ខ្ជាប់ខ្ជួន តាម​តួនាទី និង​ភារកិច្ច​របស់ខ្លួន​ជា​ព្រះសង្ឃ ឬ​ជា​ឧ​បាក ឧបាសិកា ដើម្បី​ទ្រង់​ទ្រង់​ព្រះពុទ្ធសាសនា​យើង ឲ្យ​កាន់តែ​រីកចម្រើន​រហូតដល់ ៥.០០០​វស្សា ព្រោះថា​ព្រះពុទ្ធសាសនា​យើង​រីកចម្រើន ឬ​ចុះ​អន់ថយ ដោយសារ​ពុទ្ធ​បរិ​ស័​ទ្ធ​ទាំង​៤​ជំ​ពួក​គឺ ភិក្ខុ ភិក្ខុនី ឧបាសក និង​ឧបាសិកា​៕  

Tag:
 ​រមណីយដ្ឋាន​ទេសចរណ៍​
  វត្ត​អារាម​
 ​ជាតិ
© រក្សាសិទ្ធិដោយ thmeythmey.com