ភ្នំពេញ៖ សៀវភៅគឺជាឃ្លាំងចំណេះ ដូច្នេះហើយទើបបានជាយុវជននាពេលបច្ចុប្បន្ននេះ កាន់តែយល់ច្បាស់ពីតម្លៃរបស់វា ដែលអាចទាយយកមកធ្វើជាប្រយោជន៍។ ការតាំងពិព័រណ៍សៀវភៅលើកទីលើកទី៧ក្នុងឆ្នាំ២០១៨នេះ មានអ្នកចូលរួមប្រមាណ១៣ម៉ឺននាក់ ដែលមានអ្នកចូលរួមស្ទើរគ្រប់វ័យរាប់តាំងពីកុមារឡើងទៅ។ ក្នុងនោះយុវជនជាច្រើនបានសម្រុកទៅស្វែងរកសៀវភៅដែលខ្លួនពេញចិត្ត ដោយពួកគេបាននិយាយដូចៗគ្នាថា ការអានសៀវភៅធ្វើឱ្យខ្លួនកើនបញ្ញា។
សូមស្ដាប់បទយកការណ៍ដែលរៀបចំដោយកញ្ញា ប៉ូ សាគុន ដូចតទៅ៖
តាំងពីព្រឹកទល់ព្រលប់ ក្នុងបរិវេណបណ្ណាល័យជាតិ នាថ្ងៃទី៧ដល់ទី៩ធ្នូ អ្នកស្នេហាការអានដែលភាគច្រើនជាយុវវ័យ ត្រូវប្រជ្រៀតគ្នាដើម្បីទិញសៀវភៅ នៅតាមតូបជាង១០០តូបដែលបានដាក់លក់។ នោះគឺជាថ្ងៃតាំងពិព័រណ៍សៀវភៅលើកទី៧ ដែលអនុញ្ញាតឱ្យអ្នកនិពន្ធ និងអ្នកអាន មានឱកាសជួបគ្នាដោយផ្ទាល់។
ម្ដាយឪពុកខ្លះបានពកូនតូចនៅចង្កេះ ខ្លះទៀតកាន់ដៃកូនឱ្យដើរពីក្រោយ ស្របពេលដែលខ្លួនព្យាយាមប្រជែងជាមួយមនុស្សដទៃទៀត ដើម្បីបានចូលទៅទិញសៀវភៅដែលខ្លួនត្រូវការ។ នៅក្រោមសំពត់បាំងកម្ដៅព័ណ៌សលាយខៀវ ព្រមជាមួយកង្ហាទឹកដែលដាក់ពង្រាយ នៅតាម បណ្ដាតូបនោះ បានជួយរារាំងកម្តៅថ្ងៃដ៏សែនក្ដៅនាម៉ោង ១១ទៅ១២ថ្ងៃត្រង់បានខ្លះៗដែរ។ តែទោះជាយ៉ាងណាក៏ដោយ កន្លែងខ្លះក៏នៅតែក្ដៅស្ទើរទ្រាំមិនបានដែរ។
ថ្វីដ្បិតមានឧបសគ្គទាំងចង្អៀតនិងក្ដៅក៏ដោយចុះ តែមិនអាចបញ្ឈប់ការដើរទិញសៀវភៅរបស់អ្នកនិយមការអានបានឡើយ។ សម្ទុះអ្នកចូលរួមក្នុងថ្ងៃតាំងពិព័រណ៍សៀវភៅថ្នាក់ជាតិលើកទី៧នេះ ទំនងជាសញ្ញាណប្រាប់ថាទៅថ្ងៃអនាគត អ្វីដែលជាការពេញនិយមចូលចិត្ត របស់យុវវ័យជំនាន់ថ្មី ដែលពួកគេយល់ថាទាន់សម័យនោះ គឺប្រហែលជាការអានសៀវភៅ ជំនួសឱ្យការមើលទូរស័ព្ទ ដែលមិនសូវផ្ដល់ផលប្រយោជន៍។
ដៃកាន់ថង់ច្រកសៀវភៅស្ទើរពេញទៅហើយ តែភ្នែកនៅតែរេមើលទៅសៀវភៅដែលមាននៅក្នុងតូប ក្រែងបានជួបចំណងជើងដែលខ្លួនពេញចិត្តបន្ថែមទៀត នោះគឺកញ្ញា ចាន់ រាជនី។ រាជនីមកពីខេត្តស្ទឹងត្រែង ជាគរុសិស្សដែលឡើងមករៀននៅភ្នំពេញ ត្រៀមចេញធ្វើគ្រូថ្នាក់អនុវិទ្យាល័យ ផ្នែកភាសាខ្មែរ និងភាសាអង់គ្លេស។ រាជនី ទិញសៀវភៅជាប្រភេទបង្ហាញពីគោលដៅជីវិត ជួយដល់ស្មាតី ពីភាពជោគជ័យ ជាសៀវភៅប្រលោមលោក និងសៀវភៅអង់គ្លេស។
នារីវ័យ១៨ឆ្នាំដែលចូលចិត្តអានសៀវភៅតាំងពីតូចរូបនេះ យល់ច្បាស់ថាការយកប្រាក់ទៅទិញសៀវភៅ មានប្រយោជន៍ជាងយកទៅទិញរបស់មិនចាំបាច់មួយចំនួន។ អនាគតគ្រូបង្រៀនវ័យក្មេងរូបនេះ ថាការអានសៀវភៅគឺជាផ្នែកមួយចូលរួមបង្កើតធនធានមនុស្ស ដើម្បីអភិវឌ្ឍន៍ប្រទេស។
បង្ហើរសំនៀងព្រមជាមួយទឹកមុខញញឹម រាជនី ស្នើដល់យុវវ័យឱ្យបង្វែពីការលេងហ្គេម និងលេងហ្វេសប៊ុកគ្មានប្រយោជន៍ មកចំណាយពេលមើលសៀវភៅឱ្យបានច្រើន។
ចំណែកលោក ឃឿន ម៉ានិ បានទិញសៀវភៅដែលត្រូវនិងមុខវិទ្យាសិក្សានៅមហាវិទ្យាល័យ ស្ថាបត្យកម្ម ដែលខ្លួនកំពុងរៀន ហើយក៏មានសៀវភៅទាក់ទងនឹងវប្បធម៌ខ្មែរ និងប្រវត្តិសាស្ត្រពិភពលោកផងដែរ។
និស្សិតវ័យ២០ឆ្នាំសម្បុរសរាងខ្ពស់សង្ហារូបនេះ អានសៀវភៅដើម្បីបានដឹងពីប្រវត្តិសាស្ត្រពីអតីកាល នឹងប្រៀបធៀបជាមួយសម័យបច្ចុប្បន្ន ដើម្បីអភិវឌ្ឍន៍ខ្លួន។ ម៉ានិ ណែនាំដល់យុវវ័យដែលស្ថិតក្នុងដំណាក់កាលអានសៀវភៅដំបូង គួរណាស់តែជ្រើសរើសសៀវភៅណាដែលស្ដើងត្រូវនឹងចំណង់ចំណូលចិត្ត ឬត្រូវនិងជំនាញសិក្សារបស់ខ្លួន។
ស្ពាយកាបូបធំនៅពីមុខ ដៃកាន់សៀវភៅស្ទើរតែផ្អៀងខ្លួនមួយចំហៀង ក្នុងថង់ច្រកសៀវភៅរបស់លោក អ៊ុន តុលា មានសៀវភៅប្រវត្តិសាស្ត្រសម័យប៉ុលពត ដែលសរសេរជាប្រលោមលោក និងសៀវភៅបែបលើកទឹកចិត្ត។ បុរសមកពីខេត្តរតនគិរី អាយុ២២ឆ្នាំ សម្បុរស្រអែមស្គមខ្ពស់រូបនេះ មុនទិញសៀវភៅ គេព្យាយាមមើលមាតិការឿង និងការសង្ខែបអត្ថន័យនៅគ្របសៀវភៅខាងក្រោយ។
មិនត្រឹមតែទិញសៀវភៅសម្រាប់ខ្លួនឯងទេ តែ តុលា ថែមទាំងបានទិញសៀវភៅកុមារសម្រាប់ក្មួយស្រីទាំងបីនាក់របស់គេថែមទៀតផង។ ជាបុគ្គលិកធ្វើការនៅស្ថាប័នមួយលោក តុលា លើកទឹកចិត្តអាណាព្យាបាលគ្រប់រូប គួរណាស់តែបង្កើតបណ្ណាល័យតូចមួយសម្រាប់កូន ចៀសជាងទិញទូរទស្សន៍ធំដាក់ក្នុងផ្ទះ។ យុវជនរូបនេះថា ការអានសៀវភៅជួយឱ្យក្មេងចុះសម្រុងក្នុងសង្គម បានច្រើនជាងក្មេងដែលមិនបានអានសៀវភៅ និងធ្វើឱ្យគេចេះគិតពិចារណាតាំងពីតូច។
តុលា ក៏លើកទឹកចិត្តយុវជនឱ្យសួរខ្លួនឯង ថាចូលចិត្តអានសៀវភៅប្រភេទណា មុននឹងទិញសៀវភៅមកអាន ដើម្បីបញ្ជៀសការទុកសៀវភៅចោល។ ចំពោះការអានសៀវភៅ លោកថាសូមកុំដាក់កម្រិតឬសម្ពាធលើខ្លួនឯង តែត្រូវអានដោយពេញចិត្ត។
រដ្ឋមន្ត្រីក្រសួងអប់រំយុវជននិងកីឡា លោក ហង់ ជួន ណារ៉ុន បានផ្ដល់បទសម្ភាសដល់សារព័ត៌មានថ្មីៗថា ការតាំងពិព័រណ៍សៀវភៅលើកទី៧នេះ មានអ្នកចូលរួមកាន់តែច្រើនជាងឆ្នាំមុនៗ ដែលជាសញ្ញាណបង្ហាញថា យុវជនកាន់តែចាប់អារម្មណ៍លលើការអានសៀវភៅ។
រដ្ឋមន្ត្រីរូបនេះបានបញ្ជាក់ថា ការអានសៀវភៅអាចជួយឱ្យចំណេះដឹងរីកចម្រើននិងទូលំទូលាយ។ ហើយក្រៅពីសៀវភៅ ការអនុវត្តិការងារជាក់ស្ដែង ការស្រាវជ្រាវ ការមើលរូបភាព និងការមើលឯកសារតាមអ៊ីនធើណេត ក៏ជាប្រភពផ្ដល់ចំណេះដឹងដែរ។
លោក ហង់ ជួនណារ៉ុន បន្ថែមថាប្រទេសជាតិអាចរីកចម្រើនទៅបាន ក៏ដោយសារពលរដ្ឋមានចំណេះដឹង ហើយចំណេះបានពីសៀវភៅ។ លោកបានណែនាំដល់យុវជនថា ដើម្បីអាចរៀនទទួលបានលទ្ធផលល្អ អ្នករៀនត្រូវមានគោលដៅច្បាស់លាស់ថាចង់រៀនអ្វី និងចង់ធ្វើអ្វីទៅថ្ងៃអនាគត់។ បន្ទាប់មកត្រូវប្ដេជ្ញាចិត្តខ្ពស់ ក្នុងការពង្រីកចំណេះដឹងបន្ថែម។
សូមបញ្ជាក់ថា ពិព័រណ៍សៀវភៅថ្នាក់ជាតិលើកទី៧ ឆ្នាំ២០១៨ ដែលរៀបចំរយៈពេល៣ថ្ងៃ ពីថ្ងៃទី៧-៩ ខែធ្នូ កន្លងមកនេះ មានតូបចំនួន ១១០តូប ខណៈឆ្នាំ២០១៧ មានត្រឹម ៨០តូបប៉ុណ្ណោះ។ ចំណែកអ្នកចូលរួមមានប្រមាណ ១៣ម៉ឺននាក់ បើធៀបទៅនឹងឆ្នាំ២០១៧ មានត្រឹមតែជាង៥ម៉ឺននាក់៕