ជាតិ
បទយកការណ៍ / បទសម្ភាសន៍
សិស្ស​ថ្នាក់បឋមសិក្សា​នៅ​តំបន់​អង្គរ​ទទួល​ការអប់រំ​ពី​អ្នកជំនាញ​ផ្នែក​បរិស្ថាន​មកពី​ជប៉ុន​
23, Dec 2018 , 3:13 pm        
រូបភាព
សៀមរាប​៖ ដោយសារ​មើលឃើញ​ពី​សារសំខាន់​ផ្នែក​បរិស្ថាន ស្ថាប័ន​ធានា​គុណភាព​ជប៉ុន ហៅ​កាត់​ថា JQA បាន​បង្កើត​គម្រោង​អប់រំ​បរិស្ថាន​មួយ​នៅតាម​សាលាបឋមសិក្សា​នៅក្នុង​រមណីយដ្ឋាន​អង្គរ បំណង​ដើម្បី​បញ្ជ្រាប​ការយល់ដឹង​ផ្នែក​បរិស្ថាន ឱ្យ​សិស្សានុសិស្ស​រៀន​ពី​ភាព​ស្អាត និង​ស្គាល់​តម្លៃ​វប្បធម៌​ដែល​នៅ​ជុំវិញ​ពួកគេ ក៏ដូចជា​ក្លាយជា​បុគ្គល​ដ៏​ល្អ​មួយរូប​ក្នុងសង្គម​។ ការអប់រំ​ផ្នែក​បរិស្ថាន​របស់​អ្នកជំនាញ​មកពី​ជប៉ុន បាន​បណ្ដុះបណ្ដាល​សិស្សានុសិស្ស​ថ្នាក់បឋមសិក្សា​នៅតាម​សាលា​គោលដៅ​មួយចំនួន ចាប់ពី​ថ្នាក់​ទី​៤ ទី​៥ និង​ទី​៦​។ ការអប់រំ​កុមារ​តូចៗ គឺ​ចាប់ផ្តើម​បណ្ដុះ​គំនិត​កុមារ​ទាំងនោះ​ឱ្យ​ចេះ​ទុកដាក់​សំរាម ក៏ដូចជា​ចេះ​កាត់បន្ថយ​ការប្រើប្រាស់​សំរាម​ក្នុង​ជីវភាព​ប្រចាំថ្ងៃ​របស់​ពួកគេ​ផងដែរ​។​

 
​ព័ត៌មាន​លម្អិត សូម​ស្ដាប់​បទ​យកការណ៍​ដែល​រៀបរៀង​ដោយ​អ្នកស្រី អ៊ី​សា រ៉​ហា​នី ពី​ខេត្តសៀមរាប ដូចតទៅ​៖​



 
​សិស្សានុសិស្ស​ដែល​កំពុង​រៀន​ថ្នាក់​ទី​៤ ទី​៥ និង​ទី​៦ នៅ​សាលាបឋមសិក្សា​ក្នុង​រមណីយដ្ឋាន​អង្គរ បានទទួល​ការបណ្ដុះបណ្តាល​ក្នុង​គម្រោង​អប់រំ​បរិស្ថាន ដែលជា​គម្រោង​សហការ​ជាមួយ​អាជ្ញាធរ​ជាតិ​អប្សរា ស្ថាប័ន​ធានា​គុណភាព​ជប៉ុន (JQA) មន្ទីរអប់រំ យុវជន និង​កីឡា និង​សាកលវិទ្យាល័យ សូ​ហ្វី​យ៉ា​។ សិស្សានុសិស្ស​ទាំងនោះ ត្រូវបាន​អប់រំ​ឱ្យ​ស្គាល់​សំរាម ប្រភព​ដែល​បណ្ដាលឱ្យមាន​សំរាម និង​របៀប​កាត់បន្ថយ​ការប្រើប្រាស់​ជាដើម​។​


 
​សាលាបឋមសិក្សា​គំរូ​ចំនួន​៣ ត្រូវបាន​ជ្រើស​រើសយក​មក​អនុវត្តន៍​គម្រោង​អប់រំ​បរិស្ថាន ដែល​សុទ្ធសឹង​ជា​សាលា​ដែល​នៅក្នុង​រមណីយដ្ឋាន​អង្គរ ដែល​សហគមន៍​មាន​ទំនាក់ទំនង​យ៉ាង​ជិត​សិ្ន​ទ្ធ​ជាមួយ​វប្បធម៌ និង​ទំនៀមទម្លាប់​ក្នុង​តំបន់​។ ការអប់រំ​បរិស្ថាន​ចំពោះ​កុមារ​តូចៗ ត្រូវបាន​មើលឃើញថា​មាន​ប្រសិទ្ធភាព​ខ្ពស់ ព្រោះ​វា​ជា​គ្រឹះ​សម្រាប់​ការអប់រំ​នៅពេល​ពួកគេ​រៀន​ថ្នាក់ខ្ពស់ និង​ក្លាយជា​ពលរដ្ឋ​ដ៏​ល្អ​មួយរូប​នាពេល​អនាគត​។ សាលា​ចំនួន ៣ ដែល​ជ្រើសរើស​សម្រាប់​ការ​កម្មវិធី​អប់រំ​បរិស្ថាន​នៅលើ​នេះ មាន​សាលាបឋមសិក្សា គោក​គ្រើល សាលា​បឋម​សិ​ក្ស​ដូន​ឳ និង​សាលាបឋមសិក្សា​ត្រពាំង​ស្វាយ​។​
 
​លោក ឡៅ គឹម​លាង តំណាង​សាកលវិទ្យាល័យ សូ​ហ្វី​យ៉ា និង​ជា​គ្រូ​បង្គោល​ក្នុង​កម្មវិធី​ខាងលើ​បាន​លើកឡើងថា កម្មវិធី​អប់រំ​លើក​នេះ​ក៏​ដូចពេលមុនៗ​ដែរ គឺ​ចង់ឱ្យ​ក្មេងៗ​ចេះ​គិត និង​ដោះស្រាយ​ចំពោះមុខ​រឿង​បរិស្ថាន​ដោយ​ខ្លួនឯង​។ គម្រោង​នេះ​បានចាប់ផ្តើម​នៅក្នុង​រមណីយដ្ឋាន​អង្គរ​តាំងពី​ឆ្នាំ ២០០៤​មក ក្រោយ​ស្ថាប័ន​ធានា​គុណភាព​ជប៉ុន បាន​បញ្ចូល​ប្រព័ន្ធ​បរិស្ថាន ISO 14001 ចូលមក​រមណីយដ្ឋាន​អង្គរ​។​
 
​នៅក្នុង​កម្មវិធី​អប់រំ​នេះ គេ​បាន​យក​គោលការណ៍ PDCA (Plan-Do-Check-Act) យកមក​អនុវត្តន៍​ដែលជា​គោលការណ៍​សម្រាប់​ប្រើ​នៅក្នុង​ស្ដង់ដា​អន្ដរជាតិ ISO14001 មក​បង្រៀន និង​បង្ហាត់​កុមារ​។ ប្រធានបទ ចូល​នាំគ្នា​គិត​មើលថា ដើម្បីឱ្យ​អ្វីៗ​ជុំវិញ​ការរស់នៅ​របស់​យើង ពោលគឺ​បរិស្ថាន បានល្អ​ប្រសើរ តើ​គេ​ត្រូវធ្វើ​អ្វីខ្លះ​? នេះ​នឹង​បង្ហាញ​អំពី​ដំណើរ​នីតិវិធី ដោះស្រាយ​បញ្ហា​ដែល​ចោទឡើង ដោយ​ប្រើ​វិធី​អនុវត្តន៍​បង្វិល​កង PDCA កែលម្អ​ជាប្រចាំ​រហូត​សម្រេច​គោលដៅ​របស់ខ្លួន​។​


 
​គម្រោង​នេះ​បាន​ប្រមូល​សិស្ស​ទាំង​៣​ថ្នាក់​បញ្ចូល​គ្នា​មាន​សិស្ស​ថ្នាក់​ទី​៤,៥ និង​ទី​៦ ដើម្បី​បង្រៀន​ពី​មេរៀន​បរិស្ថាន​ផ្សេងៗ​ចំនួន​មួយ​ព្រឹក ហើយ​ពួកគេ​នឹង​ឆ្លងកាត់​ការអនុវត្ត​ផ្ទាល់​ជាមួយ​គ្រូ​បន្ទុក​ថ្នាក់​ចំនួន ៣​ខែ​បន្ថែមទៀត​។ ដូច្នេះ​មានន័យថា ពួកគេ​ត្រូវ​រៀន​ចំនួន ៣​ឆ្នាំ អំពី​បរិស្ថាន ហើយ​វា​ជា​គ្រឹះ​សម្រាប់​ពួកគេ​នៅពេល​រៀន​ថ្នាក់​អនុវិទ្យាល័យ​។​
 
​តំណាង​ស្ថាប័ន​ធានា​គុណភាព​ជប៉ុន លោក សា​តុ​រុ ដែល​ចូលរួម​ក្នុង​កម្មវិធី​អប់រំ​ខាងលើ​ដែរនោះ បានឱ្យដឹង​ដែរ​ថា វា​ពិត​ជាមាន​សារសំខាន់​ណាស់ នៅពេល​មនុស្ស​ម្នាក់ៗ​ចេះ​ចូលរួម និង​ឈឺឆ្អាល​រឿង​បរិស្ថាន​។ ពួកគេ​ត្រូវ​ស្គាល់​ពី​សំរាម ត្រូវ​ចេះ​កាត់បន្ថយ និង​រក​ដំណោះស្រាយ​រួមគ្នា​ដើម្បីឱ្យ​បរិស្ថាន​ស្រស់ស្អាត​។​
 
​ទាក់ទង​នឹង​ការជ្រើសរើស​សិស្ស​តូចៗ​ក្នុងការ​អនុវត្ត​គម្រោង​នេះ​វិញ លោក សា​តុ​រុ ពន្យល់ថា ការអប់រំ​កុមារ​តូចៗ​គឺជា​គ្រឹះ​នៃ​ការអប់រំ​ដ៏​សំខាន់​សម្រាប់​ពលរដ្ឋ​។ កុមារ​ទាំងនោះ នឹងមាន​ចំណេះដឹង​ផ្នែក​បរិស្ថាន​តាំងពី​ពេលនេះ​តទៅ ហើយ​ពួកគេ​ដើរតួ​យ៉ាងសំខាន់​ផងដែរ​នៅក្នុង​គ្រួសារ​ពួកគេ​។​


 
​ជាមួយនឹង​ការអប់រំ​ផ្នែក​បរិស្ថាន​នេះ លោក សា​តុ​រុ ទទួលស្គាល់ថា វា​ពិតជា​មានការ​លំបាក និង​ត្រូវការ​ប្រើពេល​យូរ​ក្នុង​ការធ្វើ​រឿងនេះ​នៅ​ប្រទេស​កម្ពុជា​។ នៅ​ប្រទេស​ជប៉ុន ការអប់រំ​បរិស្ថាន​ត្រូវបាន​ធ្វើឡើង​តាំងពី​កុមារ​នៅ​តូចៗ ហើយ​ការអប់រំ​ទាំងនេះ​មាន​ទាំង​នៅ​សាលា និង​ផ្ទះ​ផងដែរ​។ សម្រាប់​លោក សា​តុ​រុ កម្ពុជា​មានសំណាង​ជាង​ប្រទេស​ដទៃ ដ្បិត​ប្រទេស​នេះ​នៅមាន​ធនធានធម្មជាតិ ទំនៀមទម្លាប់ និង​ប្រពៃណី​ច្រើន​។ ការណ៍​នេះហើយ ដែល​តម្រូវឱ្យ​ពលរដ្ឋ​ទាំងអស់​យល់​ពី​បញ្ហា​បរិស្ថាន និង​ត្រូវខិតខំ​ថែរក្សា​ឱ្យបាន​គង់វង្ស​ទៅ​អ្នកជំនាន់ក្រោយ​។​
 
​ក្នុង​គម្រោង​នេះដែរ អ្នកពាក់ព័ន្ធ​រួមមាន​ស្ថាប័ន​ធានា​គុណភាព​ជប៉ុន សាកលវិទ្យាល័យ សូ​ហ្វី​យ៉ា ក៏ដូចជា​អាជ្ញាធរ​ជាតិ​អប្សរា តទៅ​មុខ​ចង់​ផ្ទេរ​គម្រោង​នេះ​ទៅ​មន្ទីរអប់រំ យុវជន និង​កីឡា ជា​អ្នករ៉ាប់រង​តែឯង ដោយមាន​ស្ថាប័ន​ពាក់ព័ន្ធ​ដទៃ​ចាំ​ជួយ​។ បំណង​នៃ​គម្រោង​នេះ គឺ​ចង់ឱ្យ​តាម​សាលា​ទាំងអស់ ម្ចាស់ការ​រៀបចំ​ដោយ​ខ្លួនឯង ហើយ​រំពឹងថា វា​នឹង​ចូល​នៅក្នុង​កាលវិភាគ​របស់​ក្រសួង​អប់រំ និង​ជា​គំរូ​ដល់​សាលា​ទូទាំងប្រទេស​កម្ពុជា​ផងដែរ​៕



© រក្សាសិទ្ធិដោយ thmeythmey.com