កែប៖ អ្នកលក់វត្ថុអនុស្សាវរីយ៍ និងនំចំណីតិចតួច នៅតាមឆ្នេរកែប មិនទាន់រកចំណូលបានល្អដូចក្តីរំពឹងទុកឡើយ ព្រោះហាក់មិនសូវមានភ្ញៀវទៅកម្សាន្ត។ ក្រុមអ្នកលក់អាចរកចំណូលបានខ្លះនៅចុងសប្តាហ៍ និងអាចបានចំណូលគួរសមនៅថ្ងៃបុណ្យជាតិធំៗដូចជាចូលឆ្នាំខ្មែរ និងចូលឆ្នាំសកល។ ទោះជារកចំណូលមិនសូវបាននៅថ្ងៃធម្មតា តែពួកគេនៅតែទ្រាំប្រកបរបរនេះបន្ត ព្រោះគ្មានជម្រើស។
មកដល់ឆ្នេរកែប ម្ដុំរូបសំណាកនាងសិលាចាំប្ដី មានអ្នកលក់វត្ថុអនុស្សាវរីយ៍ និងចំណីអាហារបន្តិចបន្ទួច បានហៅភ្ញៀវទេសចរណ៍ឱ្យជួយទិញទំនិញរបស់ខ្លួន។ ជាធម្មតាថ្ងៃសៅរ៍និងអាទិត្យជាថ្ងៃដែលអាចលក់ដាច់ខ្លះដែរ តែថ្ងៃសៅរ៍នេះហាក់មិនសូវមានភ្ញៀវមកលេង ដែលជាហេតុនាំឱ្យអ្នកលក់គ្មានចំណូលដែរ។ អ្នកលក់ភាគច្រើននៅទីនេះ សុទ្ធតែត្អូញត្អែរដូចៗគ្នាថា លក់បានចំណេញតិចតួចហើយ លក់ក៏មិនសូវដាច់ទៀត។
អ្នកស្រី ជុំ មំ ដែលមានស្រុកកំណើតនៅរាជធានីភ្នំពេញ ហើយបច្ចុប្បន្នរស់នៅក្រុងកែប បានប្រកបរបរលក់វត្ថុអនុស្សាវរីតាំងពីឆ្នាំ១៩៧៩ម្ល៉េះ។ អ្នកស្រីលក់រូបសត្វផ្សេងៗ ដែលផ្គុំពីសម្បកខ្យង ងាវ និងខ្ចៅតូចៗ ព្រមទាំងវត្ថុអនុស្សាវរីយ៍ផ្សេងទៀត មិនតិចជាតិ១០ប្រភេទឡើយ។ ព្រោះតែមិនមានកម្លាំងដើរលក់ដូចក្មេងៗ អ្នកស្រី មំ ដាក់លក់ទំនិញរបស់ខ្លួននៅក្រោមឆ័ត្រធំមួយដែលអាចទទួលម្លប់ពីដើមឈើធំមួយដើម នៅចំហៀងផ្លូវចូលទៅរូបសំណាកនាងសិលាចាំប្ដី។ អ្នកស្រី មំ បញ្ជាក់ ៖«ខ្ញុំចាស់ហើយ មិនមានកម្លាំងដើរលក់ដូចជាក្មេង បានតែដាក់លក់នៅមួយកន្លែងនេះហ្នឹង»។
ត្រូវចំណាយប្រាក់យ៉ាងច្រើនដើម្បីទិញវត្ថុធាតុដើម យកមកផ្គុំធ្វើរូបសត្វបក្សី និងសត្វផ្សេងៗ ព្រមទាំងវត្ថុអនុស្សាវរីយ៍ជាច្រើនទៀត អ្នកស្រី ជុំ មំ អះអាងថាក្នុងសត្វមួយអ្នកស្រីចំណេញបានតែ៥០០រៀលតែប៉ុណ្ណោះ។ ក្រៅពីច្នៃរូបសត្វ ស្ត្រីវ័យ៧២ឆ្នាំរូបនេះ ក៏ទិញវត្ថុអនុស្សាវរីយ៍ស្រាប់ ច្រើនមុខទៀត រួមទាំងរបស់ក្មេងលេងផង ដើម្បីបានប្រាក់ចំណេញផ្សុំគ្នា។
«រូបទាំងនេះច្នៃខ្លួនឯង លក់យូរទៅក៏ចេះតែបែកគំនិតច្នៃ។ ធ្វើទម្រាំបាន១យូរណាស់ ចុកខ្នងចង្កេះណាស់ តែធ្វើម៉េចខ្ញុំចាស់ហើយ មិនអាចទៅធ្វើអ្វីបាន មានតែរបរនេះ។ ទិញកងដៃ របស់ក្មេងលេង និងមានច្រើនមុខទៀតពីគេដែរ ដើម្បីបានជួយទប់គ្នាខ្លះ»។ នេះជាការបន្ថែមរបស់អ្នកស្រី មំ។
អ្នកលក់ដែលធ្លាប់បានយកទំនិញរបស់ខ្លួនទៅលក់នៅច្រើនខេត្ត ក្នុងប្រទេសកម្ពុជារូបនេះ ថារូបសត្វ២០គូរត្រូវចំណាយពេល ៣ថ្ងៃ ហើយក្នុងមួយថ្ងៃត្រូវចំណាយពេល១២ម៉ោងទើបធ្វើរួច។ ចំណែកវត្ថុធាតុដើម អ្នកស្រីត្រូវទិញចូលទាំងអស់។ អ្នកស្រី បន្ថែម ៖« មួយថ្ងៃពីព្រឹកម៉ោង៦ដល់ម៉ោង៦ល្ងាចវិញ មិនក្រោកទៅណាទើបធ្វើបានសត្វ២០គូរ។ កូនខ្យងតូចៗមួយគីឡូជាង១ម៉ឺន កាវមួយគីឡូ១២,០០០រៀល ហើយនៅមានខ្ចៅ និងសម្បកងាវតម្លៃផ្សេងទៀត ថ្លៃៗណាស់ ធ្វើមិនសូវចំណេញទេ។ តែមិនមានរបរអ្វីក៏ចេះតែធ្វើទៅ»។
ថ្វីដ្បិតស្ត្រីសម្បុរស្រអែមមាឌតូចរូបនេះ លក់វត្ថុអនុស្សាវរីយ៍ មិនតិចជាតិ១០មុខ ក៏ដោយចុះតែថ្ងៃខ្លះអ្នកស្រីលក់មិនដាច់ សូម្បីតែមួយមុខក៏មាន។ ម៉ោងជិត១រសៀលទៅហើយ ថ្ងៃនេះអ្នកស្រី មំ នៅមិនទាន់លក់បានប្រាក់សូម្បីមួយរយរៀលផង ព្រោះមិនសូវមានឡានទេសចរណ៍ចូល។ អ្នកស្រីបញ្ជាក់បន្ថែម ៖«នៅទីនេះបើមានឡានចូល ទើបលក់បានដែរ ដូច្នេះមកលក់តែថ្ងៃសៅរ៍អាទិត្យ និងថ្ងៃបុណ្យទានទេ»។
ចំណែកអ្នកស្រី លី ធីថាវ ជាកូនខ្មែរដែលកើតនៅប្រទេសវៀតណាម ព្រោះតែជីដូនជីតាបានភៀសខ្លួនទៅកាលពីសម័យប៉ុលពត។ ស្ត្រីរាងតូចច្រឡឹងរូបនេះថាខ្លួនត្រូវដើរលក់ផង អង្គុយលក់មួយកន្លែងផង និងជិះម៉ូតូលក់ផង ក្នុងមួយថ្ងៃអាចលក់បង្គាជៀន និងបង្គាដោតចង្កាក់បានប្រមាណ១០ម៉ឺនរៀល។ កំពុងអង្គុយចាប់បង្គាជៀនលក់នៅជិតរូបសំណាកស្រីស អ្នកស្រីធីថាវ ឆ្លៀតឆ្លើយតបមកសារព័ត៌មានថ្មីៗថា បច្ចុប្បន្ននេះពិបាករកចំណូល ព្រោះអ្នកមកលេងមិនសូវទិញ។ ទោះជាត្រូវនឿយហត់បន្តិច ដោយត្រូវចំអិនខ្លួនឯងផង និងត្រូវទៅលក់ផង ទាំងប្ដីនិងប្រពន្ធ ជារៀងរាល់ថ្ងៃពីម៉ោង៧ដល់ម៉ោង៥ល្ងាច តែអ្នកស្រីនៅតែតស៊ូនឹងរបរនេះ ព្រោះដើម្បីឱ្យកូនបានរៀន។
អ្នកបញ្ជាក់យ៉ាងដូច្នេះ ៖« ពិបាករកស៊ីណាស់ឥឡូវ បើមានឡានអាចបានខ្លះ តែពេលខ្លះក៏គេមិនសូវទិញដែរ។ ពិបាកចេះតែពិបាកហើយ តែយើងមិនអាចទៅធ្វើការឱ្យគេបានទេ ព្រោះជាប់កូនរៀន»។
កំពឹសជៀនដែលអ្នកស្រី ធីថាវ លក់ ក្នុងមួយបន្ទះតម្លៃ២,០០០រៀល តែបើលក់ឱ្យមនុស្សចាស់តម្លៃ ១,៥០០រៀល។ នៅថ្ងៃបុណ្យទានធំៗ ស្ត្រីរូបនេះអាចរកចំណូលបានប្រមាណ២០ ទៅ ៣០ម៉ឺនរៀល ក្នុងមួយថ្ងៃ។ «តម្លៃធម្មតា ២,០០០រៀល តែបើលក់ឱ្យមនុស្សចាស់ ខ្ញុំលក់តែ ១,៥០០រៀលទេ ព្រោះខ្ញុំគិតថាគាត់ចាស់ហើយមិនដឹងទៅរកអីបានទេ ហើយក៏ទុកថាបានធ្វើបុណ្យខ្លះដែរ។ មានអ្នកតឱ្យ១,០០០រៀលដែរ តែមិនអាចលក់បានទេ ព្រោះបង្គាទិញមកថ្លៃ»។
ងាកមកអ្នកលក់វ៉ែនតា នាឡិកាដៃ ខ្សែក កងដៃ និងចិញ្ចៀនកាឡៃ និងវត្ថុមួយចំនួនទៀត ក៏លក់មិនសូវដាច់ដែរនោះគឺអ្នកនាង ធាវី។ នារីវ័យ ២៦ឆ្នាំ ដែលមានស្រុកកំណើតនៅខេត្តព្រៃវែងរូបនេះ ត្រូវជិះឡានពីភ្នំពេញមកក្រុងកែបលក់ទំនិញរបស់ខ្លួនតែថ្ងៃសៅរ៍និងថ្ងៃអាទិត្យតែប៉ុណ្ណោះ។ ចំណែកពីថ្ងៃចន្ទដល់ថ្ងៃសុក្រ គឺលក់នៅភ្នំពេញ។ ធាវី បញ្ជាក់ ៖« ខ្ញុំមកលក់តែថ្ងៃសៅរ៍និងថ្ងៃអាទិត្យទេ ហើយថ្ងៃផ្សេងទៀតខ្ញុំលក់នៅភ្នំពេញ។ ឡានទៅមកអស់ពីរម៉ឺន ផ្ទះសំណាក់មួយយប់អស់៦ដុល្លារ»។
ការរកចំណូលរបស់អ្នកនាង ធាវី មិនទៀងទាត់ឡើង ថ្ងៃខ្លះរកចំណូលបានច្រើន ហើយថ្ងៃខ្លះមិនបានសោះក៏មានដែរ។ ទោះជាត្រូវធ្វើដំណើរឡើងចុះភ្នំពេញ កែប ជារៀងរាល់សប្ដាហ៍ តែមិនមែនជាឧបសគ្គរបស់នារីប្រកបរបរស្ពាយវ៉ែនតាលក់រូបនេះឡើយ នាងបញ្ជាក់ថា អ្វីដែលសំខាន់គឺដើម្បីជីវភាព។ «ជួនលក់ដាច់ជួនក៏មិនដាច់ តែធ្វើម៉េចបើយើងមិនផ្សង ក៏មិនកើត។ យូរទៅធ្លាប់ហើយមិនហត់ទេ ឱ្យតែបានប្រាក់»។ នេះជាការបញ្ជាក់បន្ថែមរបស់អ្នកនាង ធាវី៕