ជាតិ
មហាផ្ទៃ គ្រោង​ស្នើ​ឲ្យ​រដ្ឋាភិបាល ជួយផ្ដល់​អត្ថប្រយោជន៍​បន្ថែម​ដល់​មន្ត្រី​ដែល​ផ្លាស់​ពី​ក្រសួង​ទៅ​ថ្នាក់ក្រោម​ជាតិ​
23, Dec 2018 , 9:19 pm        
រូបភាព
លោក ង៉ាន់ ចំរើន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានលេខាធិការដ្ឋាន គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) នៃក្រសួងមហាផ្ទៃ
លោក ង៉ាន់ ចំរើន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានលេខាធិការដ្ឋាន គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) នៃក្រសួងមហាផ្ទៃ
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ ក្រសួងមហាផ្ទៃ គ្រោង​ស្នើ​ទៅ​រដ្ឋាភិបាល ឲ្យ​ជួយផ្ដល់​អត្ថប្រយោជន៍​ប​ន្ថែ​ម​ដល់​មន្ត្រី​ដែល​ផ្លាស់​ពី​ក្រសួង​ទៅ​ថ្នាក់ក្រោម​ជាតិ ។ នេះ​ជាការ​លើកឡើង​របស់លោក ង៉ាន់ ចំរើន រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ និង​ជា​ប្រធាន​លេខាធិការដ្ឋាន គណៈកម្មាធិការ​ជាតិ​សម្រាប់​ការអភិវឌ្ឍ​តាមបែប​ប្រជាធិបតេយ្យ​នៅ​ថ្នាក់ក្រោម​ជាតិ (​គ​.​ជ​.​អ​.​ប​) នៃ​ក្រសួងមហាផ្ទៃ​។​

 
«​ការផ្ទេរ​មុខងារ​មន្ត្រី​ពី​ថ្នាក់ជាតិ ទៅ​ថ្នាក់ក្រោម​ជាតិ​នេះ វា​មិន​ងាយស្រួល​ដូច​ការគិត​ឡើយ​» ។ នេះ​ជាការ​លើកឡើង​របស់លោក ង៉ាន់ ចំរើន ដែល​បាន​បន្ថែមថា មន្ត្រី​តាម​ក្រសួង​នីមួយៗ មិន​ចង់ទៅ​ធ្វើការ​នៅ​ថ្នាក់ក្រោម​ជាតិទេ ព្រោះ​វា​ធ្វើ​ឲ្យ​ពួកគេ​បាត់បង់​ឱកាស​ក្នុង​ទទួលបាន​នូវ​តួនាទី ឬ​មុខតំណែង​ធំៗ​នៅ​ថ្នាក់ជាតិ​។​


រាប់ពីឆ្វេងមកស្ដាំ៖ លោក ង៉ាន់ ចំរើន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានលេខាធិការដ្ឋាន គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) នៃក្រសួងមហាផ្ទៃ (អង្គុយកណ្ដាល)
 
​ដូច្នេះ​ដើម្បី​តបស្នង​នូវ​ការលះបង់​របស់​មន្ត្រី ដែល​សុខចិត្ត​ផ្លាស់​ពី​ថ្នាក់ជាតិ ទៅ​ថ្នាក់ក្រោម​ជាតិ​នោះ លោក ង៉ាន់ ចំរើន យល់ឃើញថា រដ្ឋាភិបាល​គួរតែ​ផ្ដល់​អត្ថប្រយោជន៍​ផ្សេងៗ​បន្ថែមទៀត ដើម្បី​ជាការ​លើកទឹកចិត្ត​ដល់​ពួកគេ ។ បើតាម​ប្រធាន​លេខាធិការដ្ឋាន​គ​.​ជ​.​អ​.​ប រូបនេះ លោក​កំពុង​សិក្សា​លើ​លទ្ធភាព​ក្នុងការ​ដាក់សំណើ​ទៅ​រដ្ឋាភិបាល តាមរយៈ​ក្រសួងមហាផ្ទៃ ដើម្បី​រៀបចំ​អត្ថប្រយោជន៍​មួយចំនួន ដល់​មន្ត្រី​ថ្នាក់ជាតិ ដែល​ព្រម​ផ្លាស់​ទៅ​បម្រើ​ការងារ​ថ្នាក់ក្រោម​ជាតិ​ទាំងនោះ​។​
 
​សូម​ស្ដាប់​សំឡេង​៖



 
​ថ្លែង​ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​អ្នកសារព័ត៌មាន និង​មន្ត្រី​ស្ថាប័ន​ខ្លួន អំពី​សកម្មភាព​ការងារ​ស្តីពី​វឌ្ឍនភាព​នៃ​ការអនុវត្ត​កំណែទម្រង់​វិមជ្ឈការ និង​វិសហមជ្ឈការ កាលពី​ថ្ងៃទី​២១ ធ្នូ លោក ង៉ាន់ ចំរើន បាន​និយាយ​ដូច្នេះ​ថា​៖«​យើង​នូវមាន​បញ្ហា​បន្តិច ដែល​ត្រូវ​គិតគូ​ពិចារណា ដើម្បី​ឲ្យ​ធានាបាន​ថា ឲ្យ​ធនធានមនុស្ស ដែល​បច្ចុប្បន្ននេះ ភាគច្រើន​យើង​ទទួលស្គាល់ថា ពួកគាត់​ចង់តែ​មក​បំពេញការងា​រ​នៅ​ថ្នាក់ជាតិ ជាង​ថ្នាក់ក្រោម​ជាតិ​។ មូលហេតុ​ម៉េច​បានជា​អ៊ីចឹង​? ពីព្រោះ​នៅ​កន្លែង​(​ថ្នាក់ជាតិ​)​នេះ គាត់​មាន​ឋានន្តរសក្តិ​វា​ខ្ពស់ជាង​កិច្ច​ការដែល​គាត់​ត្រូវបំពេញ​នៅ​ថ្នាក់ក្រោម​ជាតិ​។ បើ​គាត់​ជា​មន្ត្រី​បំពេញការងារ​នៅ​ការិយាល័យ នៅ​ថ្នាក់​ក្រសួង ស្ថាប័ន​ជាតិ គាត់​ខ្ពស់ជាង​ប្រធានការិយាល័យ​នៅ​ថ្នាក់ស្រុក​»​។​
 
​អត្ថប្រយោជន៍​ដែល​ប្រធាន​លេខាធិការដ្ឋាន​គ​.​ជ​.​អ​.​ប គ្រោង​រៀបចំ​សម្រាប់​មន្ត្រី​ផ្ទេរ​ពី​ថ្នាក់ជាតិ​ទៅ​ថ្នាក់ក្រោម​ជាតិ​នោះ មានដូចជា​ទីកន្លែង​ស្នាក់នៅ​ឲ្យ​បាន​សមរម្យ ដែលនៅ​ជិត​ទីប្រជុំជន ហើយ​មាន​ទាំង​សាលារៀន មន្ទីរពេទ្យ​ជាដើម ក្រៅពី​ឋានន្តរសក្តិ ឬ​តួនាទី​។ បន្ថែម​ពីនេះ​ទៀត គ​.​ជ​.​អ​.​ប ក៏បាន​ពិនិត្យ​លើ​វិធានការ​ដោះស្រាយ​រនាំង​បញ្ហា ដែល​មន្ត្រី​ថ្នាក់ក្រោម​ជាតិ ពិបាក​ឡើងមក​កាន់​តួនាទី ឬ​បំពេញការងារ​នៅ​ថ្នាក់ជាតិ​ផងដែរ ហើយ​វា​ក៏​ជា​ចំណុច​ដែល​មន្ត្រី​ថ្នាក់ក្រោម​ជាតិ​ព្រួយបារម្ភ​កន្លងមក​ផង​។ នេះ​ជាការ​បញ្ជាក់​របស់លោក ង៉ាន់ ចំរើន ដែល​បាន​បន្ថែមថា លោក​បាន​ពិភាក្សា​ជាមួយ​ក្រសួង​មុខងារសាធារណៈ លើ​បញ្ហា​ខាងលើនេះ​រួចរាល់ មុននឹង​ត្រៀម​ដាក់សំណើ​ទៅ​ប្រមុខ​រដ្ឋាភិបាល​ពិនិត្យ តាមរយៈ​ក្រសួងមហាផ្ទៃ​។​
 
​សម្រាប់​រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ​រូបនេះ ការដោះស្រាយ​បញ្ហា​ផ្ទេរ​មន្ត្រី​ជំនាញ​ថ្នាក់ជាតិ ទៅ​ថ្នាក់ក្រោម​ជាតិ ក៏​ជា​ចំណុច​ល្អ​មួយ ក្នុងការ​ពង្រឹង​ការដោះស្រាយ និង​ការអនុវត្ត​គោលការណ៍​នានា នៅ​ថ្នាក់មូលដ្ឋាន​ជូន​ប្រជាពលរដ្ឋ តាម​គោលដៅ​ដែល​រដ្ឋាភិបាល​រៀបចំ​កំណែទម្រង់​វិមជ្ឈការ និង​វិសហមជ្ឈការ​ទៀតផង​៕
 

Tag:
 ង៉ាន់ ចំរើន​
  មហាផ្ទៃ​
  វិមជ្ឈការ​
  វិសហមជ្ឈការ​
© រក្សាសិទ្ធិដោយ thmeythmey.com