កីឡាជាតិ
ជាតិ
NOCC នឹង​រៀបចំ​កម្មវិធី​ជិះ​កង់​កម្សាន្ត ដើម្បី​អបអរ​ពិធី​សម្ពោធ​ស្តូប​វិមាន​ឈ្នះៗ​
24, Dec 2018 , 7:59 am        
រូបភាព
ដោយ: ថ្មីៗ
​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​(NOCC) នឹង​រៀបចំ​កម្មវិធី​ជិះ​កង់​កម្សាន្ត​លក្ខណៈ​មហាជន ដើម្បី​អបអរ​ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​វិមាន​ឈ្នះៗ និង​ខួប​លើក​ទី​២០​នៃ​នយោបាយ​ឈ្នះៗ​របស់​សម្តេច ហ៊ុន សែន​។ កម្មវិធី​នេះ​រៀបចំ​នៅ​ថ្ងៃទី​២៨ ធ្នូ ឆ្នាំ​២០១៨ ដោយ​ចេញដំណើរ​ពី​ពហុ​កីឡដ្ឋាន​ជាតិ​ទៅ​វិមាន​ឈ្នះៗ​ក្នុង​តំបន់​អភិវឌ្ឍន៍​របស់​អ្នកឧកញ៉ា លី យ៉ុង​ផាត់​។​

 
​លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា អំពាវនាវ​ឲ្យ​មហាជន​ចូលរួម​ជិះ​កង់​កម្សាន្ត​ឲ្យ​បាន​ច្រើន​កុះករ​នៅ​ថ្ងៃទី​២៨ ខែធ្នូ ឆ្នាំ​២០១៨​។ ក្រៅពី​ផ្តល់​ការកម្សាន្ត និង​សុខភាព​ដល់​មហាជន ការ​ជិះ​កង់​កម្សាន្ត​នេះ ធ្វើឡើង​ដើម្បី​អបអរ​ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ស្តូប​វិមាន​ឈ្នះៗ និង​ខួប​លើក​ទី​២០​នៃ​នយោបាយ​ឈ្នះៗ​របស់​ស្តេច​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែល​រៀបចំ​នៅ​ថ្ងៃទី​២៩ ខែធ្នូ ឆ្នាំ​២០១៨ នៅ​តំបន់​អភិវឌ្ឍន៍​របស់​អ្នកឧកញ៉ា លី យ៉ុង​ផាត់ ស្ថិត​ខណ្ឌ​ជ្រោយចង្វារ ភ្នំពេញ​។ 


 
​ការ​ជិះ​កង់​កម្សាន្ត​នេះ មាន​ចម្ងាយ​២០​គីឡូម៉ែត្រ ដោយ​ចេញដំណើរ​ពី​ពហុ​កីឡដ្ឋាន​ជាតិ​ឆ្ពោះទៅ​វិមាន​ឈ្នះៗ​។ អ្នកចូលរួម​ត្រូវ​មកជួបជុំ​គ្នា​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​នៅ​ម៉ោង​៥:១៥​នាទី និង​ចេញដំណើរ​នៅ​ម៉ោង​៦​ព្រឹក​។ គួរ​បញ្ជាក់ថា អ្នកចូលរួម​អាច​ប្រើប្រាស់​កង់​គ្រប់​ប្រភេទ​ក្នុងការ​ចូលរួម​។  
 
​ស្តូប​វិមាន​ឈ្នះៗ បានចាប់ផ្តើម​សាងសង់​ក្នុងអំឡុង​ខែកុម្ភៈ ឆ្នាំ​២០១៦ លាតសន្ធឹង​លើ​ទំហំ​ដី​៨​ហិកតា ដែលជា​សម្បទាន​របស់​អ្នកឧកញ៉ា លី យ៉ុ​ត​ផាត់​។ ការកសាង​វិមាន​ឡើង គឺ​ដើម្បី​រំឭក​គុណូបការៈ​របស់​បុព្វបុរស​ខ្មែរ​គ្រប់​សម័យ ដែល​បាន​លះបង់​ជីវិត ក្នុង​បុព្វហេតុ​ជាតិ​មាតុភូមិ​។ ហើយ​វា​ជា​និម្មិត​រូប​នៃ​សុខសន្តិភាព​ក្រោយ​បញ្ចប់សង្គ្រាម​ស៊ីវិល​ដ៏​រ៉ាំរ៉ៃ ជាច្រើន​ទសវត្សរ៍​កន្លងមក​៕  

Tag:
 ប្រណាំង​កង់​
  វ៉ា​ត់ ចំរើន​
  វិមាន​ឈ្នះ​ឈ្នះ
© រក្សាសិទ្ធិដោយ thmeythmey.com