ជាតិ
មន្ទីរពេទ្យ​កុមារ​អង្គរ​រៀបចំ​រាត្រី​សប្បុរសធម៌​រៃអង្គាស​ថវិកា​ជួយ​ទ្រទ្រង់​ការព្យាបាល​កុមារ​
24, Dec 2018 , 8:59 am        
រូបភាព
​សៀមរាប​៖ មន្ទីរពេទ្យ​កុមារ​អង្គរ គឺជា​មន្ទីរពេទ្យ​ដែល​ព្យាបាល​កុមារ​ក្រីក្រ​ដោយ​គិតថ្លៃ​ចាប់ពី​ឆ្នាំ ១៩៩៩​មក​។ ដើម្បី​ប្រមូល​មូលនិធិ​ទ្រទ្រង់​ការព្យាបាល​របស់ខ្លួន នៅ​ចុងឆ្នាំ ២០១៨​នេះ មន្ទីរពេទ្យ​នឹង​រៀបចំ​កម្មវិធី​រាត្រី​សប្បុរសធម៌​មួយ រៃអង្គាស​ថវិកា​ដើម្បី​ទ្រទ្រង់​ការចំណាយ​នៅក្នុង​មន្ទីរពេទ្យ​។​

 
​លោកស្រី ស៊ិន​កេ​ត អា​រុណ ប្រធាន​ផ្នែក​ទំនាក់ទំនង​សាធារណៈ​នៃ​មន្ទីរពេទ្យ​កុមារ​អង្គរ បានឱ្យដឹងថា រាត្រី​សប្បុរសធម៌​របស់​មន្ទី​រ​ពេទ្យ​កុមារ​អង្គរ​ដែល​គ្រោង​ធ្វើ​នៅ​ថ្ងៃទី​២៨ ធ្នូ គឺ​បាន​កិច្ចសហការ​ជាមួយ​ក្លិប​ប្រតិបត្តិ​ករ​ទេសចរណ៍​ខេត្តសៀមរាប និង​ធ្វើឡើង​នៅ​សណ្ឋាគារ មេ​ម៉​រ ផា​ឡេស​។ តាម​ការបញ្ជាក់​របស់​លោកស្រី អា​រុណ កម្មវិធី​នេះ​ធ្វើឡើង​ក្នុង​បំណង​រៃអង្គាស​ថវិកា​ដើម្បី​ប​ង្ក្រ​ប់​ការចំណាយ​របស់​មន្ទីរ​ពេទ្យ​ក្នុង​ឆ្នាំ ២០១៨​។ ការចំណាយ​ប្រចាំឆ្នាំ​របស់​មន្ទីរពេទ្យ​កុមារ​អង្គរ មាន​ចំនួន ៦,៥​លាន​ដុល្លារ ហើយ​នៅ​ឆ្នាំ ២០១៨​នេះ ថវិកា​រៃអង្គាស​ពី​ខាង​ស្រុក​មាន​ចំនួន​តិចជាង​ការរំពឹង​។ យ៉ាងណា លោកស្រី អា​រុណ រំពឹងថា ថវិកា​ពី​កម្មវិធី​ខាងលើនេះ នឹង​អា​ចប​ង្ក្រ​ប់​ការចំណាយ​ក្នុង​ឆ្នាំ ២០១៨​នេះ​ជាក់​ជាមិនខាន​។​
 
​នេះ​ជា​លើក​ទី​៣​ហើយ ដែល​មន្ទីរពេទ្យ​កុមារ​អង្គរ សហការ​ជាមួយ​ក្លិប​ប្រតិបត្តិ​ករ​ទេសចរណ៍​ខេត្តសៀមរាប ការរៀបចំ​រាត្រី​សប្បុរសធម៌​នេះ ដែល​លើក​នេះ អ្នករៀបចំ​រំពឹងថា​នឹងមាន​អ្នកចូលរួម​ចន្លោះ​ពី ២០០​ទៅ​២៥០​នាក់​។ អ្នកចូលរួម​ត្រូវ​ទិញ​សំបុត្រ​ចូលរួម​ចូល​វិភាគទាន​ចំនួន ៤៥​ដុល្លារ​។ ក្រៅពី​លក់​សំបុត្រ ខាង​មន្ទីរពេទ្យ​ក៏​បាននិងកំពុង​រក​អ្នក​ឧបត្ថម្ភ​ក្នុង​កម្មវិធី​នេះដែរ​។ នេះ​ជាការ​បញ្ជាក់​របស់លោក​ស្រី អា​រុណ​។​
 
​គួរ​បញ្ជាក់ថា មាន​កុមារ​ក្រីក្រ​ចន្លោះ​ពី ៥០០​ទៅ ៦០០​នាក់ ដែល​មក​ទទួល​ការព្យាបាល​នៅ​មន្ទីរពេទ្យ​កុមារ​អង្គរ​ជា​រៀងរាល់ថ្ងៃ​។ នៅ​អំឡុង​ខែ តុលា​កន្លងទៅ មន្ទីរពេទ្យ​នេះ​បានប្រកាស​ពី​កង្វះ​ថវិកា​ប្រចាំឆ្នាំ ហើយ​ត្រៀម​កាត់បន្ថយ​គម្រោង​មួយចំនួន​សម្រាប់​ព្យាបាល​កុមារ​ផងដែរ ប្រសិនបើ​ខ្លួន​មិនអាច​រក​ថវិកា​គ្រប់​តាម​ចំនួន​ដែល​ត្រូវ​ចំណាយ​នៅ​ឆ្នាំ​បន្ទាប់​។ យ៉ាងណា ដោយសារ​មានការ​ចូលរួម​ពី​ពលរដ្ឋ​ក្នុងស្រុក​ច្រើន ថវិកា​ដែល​ខ្វះខាត​ត្រូវបាន​ប​ង្ក្រ​ប់ ហើយ​ផែនការ​ចំណាយ​ផ្សេងៗ​នៅ​ឆ្នាំក្រោយ ក៏​មិនបាន​កែប្រែ​ដែរ​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com