ជាតិ
កម្ពុជា​ត្រៀម​ធ្វើ​ម្ចាស់ផ្ទះ​កិច្ចប្រជុំ​ការអនុវត្ត​គម្រោង «​សុវត្ថិភាព​ទន្លេមេគង្គ​លើក​ទី​២»
24, Dec 2018 , 9:29 am        
រូបភាព
ដោយ:
​នៅ​ឆ្នាំ​២០១៩ កម្ពុជា​នឹងធ្វើ​ជា​ម្ចាស់ផ្ទះ ក្នុង​កិច្ចប្រជុំ​ការអនុវត្ត​គម្រោង «​សុវត្ថិភាព​ទន្លេមេគង្គ​លើ​កទី​២»​។ កិច្ចប្រជុំ​លើក​ទី​១ ត្រូវបាន​ធ្វើឡើង​នៅ​ប្រទេស​ឡាវ ដែលមាន​ប្រទេស​ទាំង​៦ នៃ​មហា​អនុតំបន់​ទន្លេមេគង្គ បានសម្រេច​ចេញ​ជា​លទ្ធផល​ចំនួន​៦​ចំណុច​។ នេះ​បើតាម​ទំព័រ​ហ្វេ​ស​ប៊ុ​ក អគ្គលេខាធិការដ្ឋាន​នៃ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន (NACD ) នៅ​ថ្ងៃទី​២២​ខែធ្នូ​នេះ​។​

 
​លោក នាក់ យុ​ទ្ធា អគ្គលេខាធិការរង​នៃ NACD បាន​ដឹកនាំ​ប្រតិភូ​ចូលរួម​កិច្ចប្រជុំ​ការអនុវត្ត​គម្រោង «​សុវត្ថិភាព​ទន្លេមេគង្គ​» នៅ​ឡាវ ដោយមាន​ចូលរួម​ពី​ប្រទេស​សមាជិក​ទាំង​៦​រួមមាន ចិន មី​យ៉ាន់​ម៉ា ឡាវ ថៃ កម្ពុជា និង​វៀតណាម ទាំង​រួម​ជប៉ុន​កាលពី​ថ្ងៃទី​២១ ខែធ្នូ​។​
 
​បើតាម លោក នាក់ យុ​ទ្ធា រយៈពេល​៣​ខែ​កន្លងមកនេះ ប្រទេស​ទាំង​៦ នៃ​មហា​អនុតំបន់​ទន្លេមេគង្គ បាន​សហការគ្នា​អនុវត្ត​៦​ចំណុច​គឺ ទី​១.​ធ្វើការ​ផ្លាស់ប្តូរ​បទពិសោធ​ន៍ និង​ព័ត៌មាន​រវាង​ប្រទេស​ទាំង​៦​ជា​សមាជិក​។ ទី​២.​បន្ត​ផ្លាស់ប្តូរ​ព័ត៌មាន​ពាក់ព័ន្ធ​បទល្មើស​គ្រឿងញៀន​គ្នា ទៅវិញទៅមក​រវាង​៦​ប្រទេស​។ 


ប្រភព៖អគ្គលេខាធិការដ្ឋាននៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន NACD
 
​ទី​៣.​បន្ត​បញ្ចូល​ទិន្នន័យ​ករណី​គ្រឿងញៀន ដែល​បង្ក្រាបបាន​ពី​ប្រទេស​ទាំង​៦ ចូលក្នុង​ប្រព័ន្ធ​កុំព្យូទ័រ​នៃ​គម្រោង​សុវត្ថិភាព​ទន្លេមេគង្គ​។ ទី​៤.​បញ្ជូន​ព័ត៌មាន​ទៅវិញទៅមក តាម​សម័យកាល​ទំនើប​នៃ​បច្ចេកវិទ្យា ទី​៥.​ទប់ស្កាត់​ការ​ចរាចរណ៍ សារធាតុ​គីមី​ផ្សំ នៅក្នុង​តំបន់ និង​ទី​៦.​ទប់ស្កាត់​ការហូរចូល នៃ​គ្រឿងញៀន តាម​បណ្តោយ​ព្រំដែន ពី​តំបន់ត្រីកោណមាស​។​
 
​អគ្គលេខាធិការរង​នៃ NACD បាន​បន្តថា រាជរដ្ឋាភិបាល​កម្ពុជា បាន​ប្តេជ្ញា​យ៉ាង​មុតមាំ​ក្នុងការ​អនុវត្ត​គម្រោង​នេះ និង​ទទួល​ធ្វើជា​ម្ចាស់ផ្ទះ​នៃ​គម្រោង​នេះ​នៅ​ដំណាក់កាល​ទី​២ នៃ​ឆ្នាំ​២០១៩៕

Tag:
 នាក់ យុ​ទ្ធា​-​គម្រោង​សុវត្ថិភាព​ទន្លេមេគង្គ
© រក្សាសិទ្ធិដោយ thmeythmey.com