ជាតិ
វីដេអូ
ស្ត្រី​ជនជាតិ​ព្នង ក្រើន ក្លើ​ង ឈប់រៀន​ថ្នាក់​ទី​១០ តែ​ក្លាយជា​គ្រូបង្រៀន​៣​ភាសា​នៅ​តំបន់​ដាច់ស្រយាល​
25, Dec 2018 , 11:52 am        
រូបភាព
មណ្ឌល​គី​រី​៖ ស្ថិតនៅក្នុង​វ័យ​ជាង​៣០​ឆ្នាំ អ្នកស្រី ក្រើន ក្លើ​ង គឺជា​ជនជាតិដើម​ភាគតិច​ម្នាក់ ដែល​កំពុង​ប្រកបរ​បរជា​គ្រូបង្រៀន​ក្មេង​តូចៗ​នៅក្នុង​ភូមិ​ពូ​ត្រែង ឃុំ​ដាក់​ដាំ ស្រុក​អូររាំង ខេត្តមណ្ឌលគិរី​។ ដ្បិត​រៀន​ត្រឹម​ថ្នាក់​ទី​១០​ពិតមែន ប៉ុន្តែ​ស្ត្រី​រូបនេះ ចេះ​ប្រើប្រាស់​ភាសា​ខ្មែរ​ច្បាស់ និង​ភាសា​អង់គ្លេស​តិចតួច ដែល​អាច​យកទៅ​បង្រៀន​កុមារ​នៅក្នុង​ភូមិ​។ និយាយ​ដោយឡែក​ពី​ភាសា​អង់គ្លេស​វិញ ទោះជា​អ្នកស្រី ក្លើ​ង ចេះ​មិន​ច្បាស់​ក្តី ប៉ុន្តែ​អ្នកស្រី អាច​ប្រើប្រាស់​ភាសា​អន្តរជាតិ​មួយ​នេះ រក​ចំណូល​ផ្គត់ផ្គង់​គ្រួសារ​បាន តាមរយៈ​ទំនាក់ទំនង​ជាមួយ​ភ្ញៀវ​បរទេស ដែល​ចង់រក​កន្លែង​ស្នាក់នៅ​ក្នុងភូមិ​ផងដែរ​។​


 
​សូម​លោក​-​អ្នកនាង ទស្សនា​វីដេអូ ដែល​លោក រំដួល ចិ​ត្រា អ្នកសារព័ត៌មាន​ថ្មីៗ (ThmeyThmey.com) សាកសួរ​ទៅ​អ្នកស្រី ក្រើន ក្លើ​ង ប្រជាពលរដ្ឋ​ជនជាតិដើម​ភាគតិច រស់នៅក្នុង​ខេត្ត​មណ្ឌល​គី​រី ដូចតទៅ​៖

វីដេអូ​ទី​១
 

 
​បច្ចុប្បន្ន​អ្នកស្រី ក្លើ​ង កំពុង​បង្រៀន​កុមារ​តូច​នៅក្នុង​ភូមិ  ពី​ភាសា​ជនជាតិ​ព្នង ភាសា​ខ្មែរ និង​អង់គ្លេស ដែល​អ្នកស្រី​ធ្លាប់បាន​រៀន​ត្រឹម​ថ្នាក់​ទី​១០ ។ ក្រៅពី​ការងារ​បង្រៀន​កុមារ​នៅក្នុង​ភូមិ​នេះ អ្នកស្រី ក្លើ​ង ក៏​ជាម​គ្គ​ទេស​មួយរូប​ប្រចាំ​ភូមិ​ផងដែរ​។ នោះ​ក៏​ព្រោះតែ​អាច​និយាយ​ភាសា​អង់គ្លេស​បាន​ខ្លះៗ សម្រាប់​ប្រា​ស័​យ​ទាក់ទង​ជាមួយ​ភ្ញៀវ​បរទេស ដែល​ពួកគេ​មក​កម្សាន្ត និង​ស្នាក់នៅ​ក្នុងភូមិ​។ អ្វីដែល​អ្នកស្រី ក្លើ​ង ទទួលបាន​ពី​ភ្ញៀវទេសចរ​វិញ​នោះ គឺ​ចំណូល​ពី​ការរៀបចំ​កន្លែង​សម្រាក (Home Stay) បែប​របៀប​រស់នៅ​រប​ស់​ប្រជាពលរដ្ឋ​ជនជាតិដើម​ភាគតិច​។​

វីដេអូ​ទី​២

 
 
«​មាន​ភ្ញៀវ​បរទេសមួយ គាត់​ជា​ភ្ញៀវ​បរទេស​គ្រិស្តសាសនា គាត់​មកលេង​នៅទីនេះ ហើយ​ពួកគាត់​ស្គាល់​ផ្ទះ​របស់ខ្ញុំ ហើយ​ខ្ញុំ​ដែរ ដោយសារ​ខ្ញុំ​ជា​គ្រូបង្រៀន​មតេយ្យ​នៅ​សាលា​កា​តូ​លិ ។ ហើយ​នៅ​ឆ្នាំ​២០១៧ ពួកគាត់​ស្គាល់​ខ្ញុំ ហើយ​នាំ​មិត្តភក្តិ​គាត់​មក​ទីនេះ​»​។ នេះ​បើតាម​អ្នកស្រី ក្លើ​ង​។​
 
​តាម​ពិ​ទៅ​គ្រួសារ​អ្នកស្រី ក្លើ​ង ទើបតែ​រៀបចំផ្ទះ​ស្នាក់នៅ​សម្រាប់​ភ្ញៀវទេសចរ​បរទេស រយៈពេល​១​ឆ្នាំ​ប៉ុណ្ណោះ ពោលគឺ​ចាប់ពី​ឆ្នាំ​២០១៧​មក​។ ផ្ទះ​ដែល​អ្នកស្រី រៀបចំ​សម្រាប់​ភ្ញៀវ​ទេស​ស្នាក់នៅ​នេះ គឺ​ធ្វើ​ចេញពី​ឈើ​តៀម​ផ្ទាល់​ដី និង​មាន​ដំបូល​ប្រក់​ស្បូវ ។ ដំបូង​ឡើយ​ផ្ទះ​តូច​នេះ គឺជា​ផ្ទះបាយ​ទុក​សម្រាប់ធ្វើ​ម្ហូបអាហារ​ប៉ុណ្ណោះ ប៉ុន្តែ​ក្រោយពី​ភ្ញៀវ​បរទេស​ត្រូវការ​កន្លែង​ស្នាក់នៅ គ្រួសារ​អ្នកស្រី រៀបចំផ្ទះ​នោះ សម្រាប់​ទទួលភ្ញៀវ​ទេសច​រ ដោយ​ពួកគេ​ត្រូវ​ចំណាយ​៥​ដុល្លារ​ក្នុង​មួយ​យប់ ដោយ​បូក​រួមការ​ពិសារ​អាហារ​ទៀតផង​។​
 
​បើតាម​អ្នកស្រី ក្លើ​ង រាល់​ភ្ញៀវទេសចរ​បរទេស ដែល​បាន​មកដល់​ភូមិ​ពូ​ត្រែង​របស​អ្នកស្រី ពួកគេ​តែងតែ​ទាក់ទង​អ្នកស្រី​ជាមុនសិន  ដើម្បី​រៀបចំ​កន្លែង​សម្រាក​បែប​ជនជាតិដើម​ភាគតិច​នេះ សម្រាប់​ពួកគេ​៕ 

Tag:
 ​ជនជាតិដើម​ភាគតិច​
  ទេសចរណ៍​
  សេដ្ឋកិច្ច​
  កសិកម្ម​
© រក្សាសិទ្ធិដោយ thmeythmey.com